ភ្នំពេញៈ ​គណៈប្រតិភូ​សភាពាណិជ្ជកម្ម​ខេត្ត​ត្រា​តនៃ​ប្រទេស​ថៃ ​បានមក​ទស្សនកិច្ច​ស្វែងយល់​ពី​សក្ដានុពល​ផ្សេងៗ នៅ​កំពង់ផែ​ទេសចរណ៍ ខេត្តកោះកុង ដើម្បី​ពិភាក្សា​ក្នុង​ការជំរុញ​សេដ្ឋកិច្ច តាមរយៈ​ការផ្សារភ្ជាប់​ផ្លូវ​ពាណិជ្ជកម្ម ការវិនិយោគ និង​ទេសចរណ៍​រវាង​ខេត្ត​ទាំង ​២​។​

​បើ​យោងតាម​រដ្ឋបាល​ខេត្តកោះកុង បានឱ្យដឹង​នៅ​ថ្ងៃទី​១១ ខែកក្កដា​នេះ​ថា គណៈប្រតិភូ​សភាពាណិជ្ជកម្ម​ខេត្ត​ត្រាត សហការ​ជាមួយ​សភាពាណិជ្ជកម្ម​ខេត្តកោះកុង បាន​អញ្ជើញ​មក​ទស្សនា និង​ធ្វើ​ទស្សនកិច្ច​ស្វែងយល់​ពី​សក្ដានុពល​ផ្សេងៗ នៅ​កំពង់ផែ​ទេសចរណ៍ និង​ទំនិញ​រាយ​ដងទង់ ស្ថិតនៅ​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ដើម្បី​ពិភាក្សា​ក្នុង​ការជំរុញ​សេដ្ឋកិច្ច តាមរយៈ​ការផ្សារភ្ជាប់​ផ្លូវ​ពាណិជ្ជកម្ម ការវិនិយោគ និង​វិស័យ​ទេសចរណ៍​រវាង​ខេត្ត​ទាំង​២ (​កោះកុង​-​ត្រាត​)​។​


​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា ក្រៅពី​ការពិភាក្សា​ក្នុងការ​ជំរុញ​ផ្នែក​សេដ្ឋកិច្ច​ហើយ ភាគី​ទាំង​២ ក៏បាន​ពិភាក្សាគ្នា​ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍ ក្នុងការ​ប្រើប្រាស់​ឱ្យបាន​ជា​ប្រយោជន៍​នូវ​កំពង់ផែ ខេត្ត​ទាំង​២(​កំពង់ផែ​ទេសចរណ៍​និង​ទំនិញ​រាយ​ដងទង់ ខេត្តកោះកុង​-​កំពង់ផែ​ពហុ​បំណង​ខ្លងយ៉ៃ ខេត្ត​ត្រាត​) ក្នុង​ការធ្វើ​ចរាចរណ៍​ដឹកជញ្ជូន​ទំនិញ និង​ភ្ញៀវទេសចរ​ទៅវិញទៅមក​ផងដែរ​។​

​លោក សុខ សុ​ទ្ធី អភិបាលរង​ខេត្តកោះកុង បានឱ្យដឹងថា ដំណើរ​ទស្សនកិច្ច របស់​គណៈប្រតិភូ សភាពាណិជ្ជកម្ម​ខេត្ត​ត្រាត​នាពេលនេះ គឺជា​ការចូល​រួមមួយ​ក្នុង​ការជំរុញ​សេដ្ឋកិច្ច​ក្នុង​ខេត្ត តាមរយៈ​ការវិនិយោគ ការធ្វើ​ពាណិជ្ជកម្ម និង​លំហូរ​ភ្ញៀវទេសចរ​មក​កម្សាន្តរ​វាង​ខេត្ត​ទាំង​២​ផងដែរ​។ បន្ថែម​ពីនេះ លោក​បញ្ជាក់ថា ខេត្តកោះកុង គឺជា​ខេត្ត​មួយ​ដែលមាន​កន្លែង​កម្សាន្ត និង​មាន​កោះ​ធម្មជាតិ​ដ៏​ស្រស់ស្អាតៗ​ជាច្រើន​។


​ក្រៅពីនេះទៀត លោក​ថា នៅពេលដែល​ខេត្តកោះកុង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ខេត្ត​ត្រាត​នេះ វា​ក៏​ជាការ​ពង្រឹង​ទំនាក់ទំនង​ព្រំដែន​រវាង​ខេត្ត​ទាំង​២ ជាពិសេស​វា​ជួយ​ពង្រឹង​ទំនាក់ទំនង​ល្អ ខាង​ផ្នែក​នយោបាយ​ថែម​ទៀតផង​បើទោះបីជា​កន្លងមក​ខេត្ត​ទាំង​២​មាន​ទំនាក់ទំនង​ល្អ​លើ​វិស័យ​ទាំងនោះ​ស្រាប់​ក៏ដោយ​។​

​លោក សុខ សុ​ទ្ធី ថ្លែងថា​៖ «​យើង​មាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​កន្លងមកហើយ ទាំង​ការវិនិយោគ ទាំង​វិស័យ​ទេសចរណ៍ ដូច្នេះ​បើសិន​ជាមាន​ភាគី​ណាមួយ​ចង់​វិនិយោគ​នោះ គឺ​វា​នឹង​ជំរុញឱ្យមាន​ការវិនិយោគ​បន្ថែមទៀត​លើ​គ្នា​ទៅវិញទៅមក រកស៊ី​ជាមួយគ្នា​និង ផ្លាស់ប្ដូរ​ទំនិញ​គ្នា​ទៅវិញទៅមក ហើយ​ឥឡូវនេះ​យើង​មាន​កំពង់ផែ​ទៀត គឺ​វា​កាន់​តែមាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា និង​ធ្វើឱ្យ​សេដ្ឋកិច្ច​កាន់តែ​រីកចម្រើន​ទៅមុខទៀត​»​។​

​គួរ​ជម្រាប​ថា កំពង់ផែ​ទេសចរណ៍ និង​ទំនិញ​រាយ​ដងទង់​ខាងលើនេះ ត្រូវ​បានដាក់​សម្ពាធ​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២៣ ដែល​កំពង់ផែ​នេះ គឺជា​ស្ថាបត្យកម្ម​ថ្មី​មួយ​ដែល​កើតចេញពី​ស្នាដៃ​កូន​ខ្មែរ ដោយមាន​រចនាប័ទ្ម​បែប​ទំនើប សាងសង់​ស្របតាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ ដែល​ធានា​នូវ​ការប្រើប្រាស់​យូរអង្វែង​។​

​នៅក្នុង​ពិធី​នោះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ថ្លែងថា កំពង់ផែ​ថ្មី លើ​ទឹកដី​កោះកុង នឹង​រួមចំណែក​លើកកម្ពស់​ការ​ត​ភ្ជាប់ និង​ភាព​សម្បូរបែប នៃ​ការដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​ឱ្យ​កាន់តែខ្លាំង​ថែមទៀត​។

​ចំណែក​អភិបាល​ខេត្តកោះកុង​លោកស្រី មិថុនា ភូ​ថង បានចាត់ទុក​ដែរ​ថា កំពង់ផែ​ថ្មី​នេះ គឺជា​ចំណែក​មួយ​ក្នុង​ការតភ្ជាប់ និង​ភាព​សម្បូរបែប​នៃ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ផ្លូវ​សមុទ្រ នៅក្នុង​ខេត្ត​តំបន់ឆ្នេរ​ទាំង​៤ នៃ​កម្ពុជា ក៏ដូចជា​លើកកម្ពស់​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​បរិ​យា​ប័ន្ន នៅក្នុង​ប្រទេស​ជាប់​សមុទ្រ​ទាំង​៣ នៃ​មហា​អនុតំបន់​មេគង្គ រួមមាន កម្ពុជា ថៃ និង​វៀតណាម​ផងដែរ​៕