ភ្នំពេញៈ ស្របពេល​ថ្ងៃ​បោះឆ្នោតជាតិ​នឹង​ឈានចូល​មកដល់​នៅ​ថ្ងៃទី​ ២៣ ខែកក្កដា ខាងមុខ សហគមន៍​ធុរកិច្ច​ក្នុងស្រុក និង​អន្តរជាតិ ព្រមទាំង​អ្នកវិភាគ​សេដ្ឋកិច្ច​បាន​សង្កេតឃើញ​ថា រយៈពេល​ជិត​ ២ ​សប្តាហ៍​មកហើយ គឺ​ចាប់តាំងពី​យុទ្ធនាការ​ឃោស​នា​បោះឆ្នោត​បានចាប់ផ្តើម​កាល​ពីថ្ងៃ​ទី ​១ ខែកក្កដា សកម្មភាព​អាជីវកម្ម និង​ការ​វិ​និ​យោគ​បាន​ដំណើរការ​ជាធម្មតា ខណៈ​ការទិញ​បាន​ធ្លាក់ចុះ​តិចតួច​។​

​ប្រទេស​កម្ពុជា នឹង​រៀបចំ​ការបោះឆ្នោត​ជាតិ​នីតិកាល​ទី​៧ នៅ​ថ្ងៃទី ​២៣ ខែកក្កដា​នេះ ខណៈ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី ២១ ខែកក្កដា ខាងមុខ​។ មនុស្ស​ជាង ៨​ លាន​នាក់​ក្នុងចំណោម​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ជាង ៩,៧ ​លាន​នាក់​បានទទួល​បណ្ណ​ព័ត៌មាន​ពី​ក្រុមការងារ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គ​.​ជ​.​ប​)​។ នេះ​បើ​យោងតាម គ​.​ជ​.​ប​។​


​លោក គី សេរី​វឌ្ឍន៍ អ្នកស្រាវជ្រាវ​សេដ្ឋ​​កិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ស្ថានភាព​សេដ្ឋកិច្ច​និង​នយោបាយ​នៅ​កម្ពុជា​ហាក់​មាន​ភាពប្រក្រតី​ដោយ​ពុំមាន​បញ្ហា​អសកម្ម​ណាមួយ​កើតឡើង​នា​អំឡុងពេល​ឃោសនាបោះឆ្នោត​ពីថ្ងៃ​ទី ​១ ខែកក្កដា​នេះឡើយ ខណៈដែល​សកម្មភាព​អាជីវកម្ម​ក៏​នៅ​ដំណើរការ ធម្មតា​ដោយ​ពុំ​មានការ​សម្រុក​ទិញ​បង្កឱ្យមាន​ការឡើង​ថ្លៃទំនិញ​ឡើយ​។​

​លោក​និយាយថា​៖ «​ចំពោះ​ការត្រៀម​សម្រាប់​ការបោះឆ្នោត​នេះ​យើង​សង្កេតឃើញថា រហូតមកដល់​ពេលនេះ​ គឺ​ពុំមាន​អ្វី​កើតឡើង​ដែល​រាំងស្ទះ​ទៅដល់​សកម្មភាព​សេដ្ឋកិច្ច ឬ​ការប្រកប​របរ​ធុរកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​នោះទេ​។​យើង​ក៏​សង្កេតឃើញ​ឥរិយាបថ​របស់​ប្រជាពលរដ្ឋ​ក៏មាន​ការខុសប្លែក​ពី​ការបោះឆ្នោត​អាណត្តិ​មុនៗ​ផងដែរ ដែល​ពួកគាត់​តែងតែ​សម្រុក​ទៅ​ទិញ​អង្ករ មី ឬ​ម្ហូបអាហារ​ស្តុក​ទុក​ដើម្បី​បង្ការ​ខ្លាចក្រែង​មាន​បញ្ហា​រាំងស្ទះ​ផ្នែក​ន​យោ​បាយ​ណាមួយ​កើតឡើង​»​។​


​ទោះជា​យ៉ាងណា​លោក​អះអាងថា​៖ «​ឥឡូវនេះ​ខ្ញុំ​ក៏​ឃើញថា ប្រជាពលរដ្ឋ​ខ្លះ​គាត់​ក៏​ត្រៀម​លុយ​ទុក​មួយចំនួន​ដែរ ប៉ុន្តែ​ពួកគាត់​មិន​ទៅ​ដក​លុយ​ពី​ធនា​​គារ​នោះទេ គឺ​គាត់​ទុក​លុយ​ដែល​បានមកពី​ប្រាក់ខែ ឬ​របរ​រកស៊ី​ប្រចាំថ្ងៃ​គាត់​ទុក​សន្សំ​មិនសូវ​ចាយ​ច្រើន​ទេ ដោយ​យើង​ឃើញថា​សេដ្ឋកិច្ច​ហាក់​រាង​យឺត​បន្តិច​ដោយសារ​ពួកគាត់​មិន​ចំណាយ​ក្នុង​មួយរយៈ​ពេល​ចុង​ក្រោយនេះ ប៉ុន្តែ​នេះ​មិនមែន​មានន័យ​សេដ្ឋកិច្ច​មិន​ដើរ​នោះទេ ដោយសារតែ​ពួកគាត់​ទុក​ក្នុង រយៈពេល​បោះឆ្នោត​»​។

​ជាមួយគ្នានេះដែរ លោក សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន Amru Rice (Cambodia) ដែលជា​ក្រុមហ៊ុននាំចេញ​អង្ករ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា​បាន​លើកឡើងថា ស្របពេល​ការបោះ​ឆ្នោត​ជិត​ចូលមក​ដល់ លោក​ពុំ​សង្កេតឃើញ​ប្រជាពលរដ្ឋ​នាំគ្នា​សម្រុក​ទៅ​ទិញ​ស្បៀងអាហារ​ស្តុក​ទុក​ដូច​កាល​បោះឆ្នោត​មុនៗ​ឡើយ​។ លោក​បន្តថា សម្រាប់​តម្លៃ​អង្ក​រលក់​ក្នុងស្រុក​ក៏មាន​ស្ថិរភាព​ដែរ ដោយ​ពុំ​មានការ​សម្រុក​ទិញ ពី​សំណាក់​ប្រជាពលរដ្ឋ​ទេ ហើយក៏​គ្មាន​ភាព​ជ្រួលច្របល់​អ្វី​ដែរ​។​

​លោក​និយាយថា​៖ «​ចំពោះ​ខ្ញុំ​ក្នុងនាម​ជា​សហគ្រិន​ក្នុងស្រុក យើង​គិតថា​ការ​បោះឆ្នោត​លើក​នេះ​នឹង​មិនមាន​បញ្ហា​អ្វី​ទេ គឺមាន​ភាពល្អប្រសើរ​ជាង​រាល់​ដង​។ ចំពោះ​ទីផ្សារ បញ្ហា​ប្រឈម​សព្វថ្ងៃ​គឺ​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​សកល ​ជាពិសេស​ទីផ្សារ​នៅ​អឺរ៉ុប និង​អាមេរិក ដូចជា​ទីផ្សារ​មួយចំនួន​នៅ​ប្រទេស​ចិន​ក៏មាន​កំណើន​យឺត​ដែរ​ដោយសារតែ​បញ្ហា​អូសបន្លាយ​ពេល​នៃ​បញ្ហា​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ជាដើម​»​។​

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Cambodian Investment លោក Anthony Galliano បានឱ្យដឹងថា តាម​ទស្សនៈ​របស់​វិនិយោគិន ការបោះឆ្នោត​គឺជា​ប្រតិបត្តិការ​ជាធម្មតា ហើយ​មិនមាន​ការព្រួយបារម្ភ​អ្វី​សោះ​។ លោក​បន្ថែមថា កម្ពុជា​ធ្លាប់មាន​បទពិសោធន៍​យ៉ាងច្រើន​ចំពោះ​ដំណើរការ​បោះឆ្នោត​នេះ​ជាពិសេស​រយៈពេល​ ២ ​ទសវត្សរ៍​ចុង​ក្រោយនេះ​ជាមួយនឹង​កំណើន​សេដ្ឋ​​កិច្ច និង​វិបុល​ភាពមិន​ធ្លាប់មាន​ពីមុន​ជាមួយនឹង​ការលុបបំបាត់​ភាពក្រីក្រ និង​កំណើន​ប្រាក់ចំណូល​ក្នុង​មនុស្ស​ម្នាក់ៗ​និង​មាន​សន្តិភាព និង​ស្ថិរភាព​។​

​លោក​បន្តថា ទោះ​មាន​បញ្ហា​ប្រឈម​ផ្នែក​សេដ្ឋកិច្ច​ខ្លះ​ក្នុង​រយៈពេល ២០ ​ឆ្នាំនេះ​ក៏ដោយ ក៏​ជាធម្មតា​បញ្ហា​សកល​ធំៗ ដូចជា​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​ឆ្នាំ ២០០៨ និង​ជំងឺ​កូ​វីដ​ ១៩ រាជរដ្ឋាភិបាល​កម្ពុជា​មាន​កំណត់ត្រា​ច្បាស់លាស់​នៃ​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ និង​សារពើពន្ធ​ដោយ​ភាព​វៃឆ្លាត និង​ល្អ​បំផុត ហើយ​ងើប​ចេញពី​វិបត្តិ​ទាំងនេះ​បាន​យ៉ាង​លឿន​។​

​លោក​ថ្លែងថា​៖ «​យើង​កំពុង​សង្កេតមើល​ស្ថិរភាព និង​មានការ​កើនឡើង​នៃ​លំហូរ​ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា និង​មានការ​លើកឡើង​តិចតួច ឬ​ពិភាក្សា​ពី​ការបោះឆ្នោត​ពី​សំណាក់​វិនិយោគិន​អន្តរជាតិ​។ ទោះយ៉ាងណា​ក៏មាន​ការសាកសួរ​ខ្លះ​ពី​សារព័ត៌មាន​អន្តរជាតិ ដែល​នៅតែ​ប្រកាន់ខ្ជាប់​ភាព​អវិជ្ជមាន និង​មិន​ទទួលស្គាល់​សមិទ្ធ​​ផល​សេដ្ឋកិច្ច និង​សង្គម​របស់​កម្ពុជា និង​ល្បឿន​នៃ​ការអភិវឌ្ឍ​ដ៏​អស្ចារ្យ​នៃ​ប្រទេស​នេះ​»​។​

​លោក​បញ្ជាក់ថា វា​ជា​ការលើក​ទឹក​ចិត្ត​ដែល​មន្ត្រី​រដ្ឋាភិបាល​កំពុង​បង្ហាញមុខ​ដោយផ្ទាល់​នៅ​ជាមួយ​ប្រជាជន​។ ច្បាស់​ណាស់​ព្រឹត្តិការណ៍​ទាំងនេះ​មាន​ភាពចុះ​សម្រុង​គ្នា មាន​ភាព​រីករាយ និង​វិជ្ជមាន​ដោយ​គ្មាន​សញ្ញា​នៃ​ប្រតិកម្ម​មិនល្អ​នោះទេ​។ លោក​បាន​បន្ថែមថា វិស័យ​ធុរកិច្ច​កំពុង​វាយតម្លៃ​ព្រឹត្តិការណ៍​នេះ​ថា​ជាការ​បន្ត​ស្ថិរភាព​នយោបាយ និង​សេដ្ឋកិច្ច ដែលជា​លក្ខណវិនិច្ឆ័យ​ដ៏​សំខាន់​មួយ​នៃ​ការវិនិយោគ​។​

​លោក​និយាយថា​៖ «​ការណ៍​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹងមិន​មាន​ព្រឹត្តិការណ៍​ណាមួយ​កើត​ឡើងជា​អវិជ្ជមាន​ក្នុង​សហគមន៍​ធុរកិច្ច​នោះទេ ដោយ​យើង​មិនមាន​ក្តីបារម្ភ ឬ​ខ្វល់​ខា្វ​យ​នោះទេ​។ បើ​អ្នករស់នៅ​ស្រុក​ខ្មែរ​យូរ​ល្មម អ្នក​នឹង​យល់ច្បាស់​ពី​ទឹកចិត្ត​ប្រជាជន គឺ​ពួកគាត់​សប្បាយចិត្ត​ជាមួយនឹង​ភាព​ប្រសើរឡើង​នៃ​កម្រិតជីវភាព​រស់នៅ និង​ទទួលស្គាល់​ពី​ភាព​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​របស់​កម្ពុជា ហើយ​មិន​ប្រាថ្នា​ចង់បាន​ការផ្លាស់ប្តូរ​មួយ​ដែល​មិន​មាន​ភាពប្រាកដប្រជា​នោះទេ​»​។​

​រដ្ឋាភិបាល​កម្ពុជា​បាន​ព្យាករ​ថា​សេដ្ឋកិច្ចកម្ពុជា​ក្នុង​ឆ្នាំ​ ២០២៣ ត្រូវគេ​វាយតម្លៃ​ឡើងវិញ​ថា នឹង​សម្រេចបាន​កំណើន​ប្រមាណ ៥,៦​ ភាគរយ​ដូចគ្នា​នឹង​ការ​ព្យាករ​កាលពីដើមឆ្នាំ​ គឺ​ខ្ពស់ជាង​ឆ្នាំ ​២០២២ ដែល​សម្រេចបាន​កំណើន ៥,២​ ភាគរយ​៕