ក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២៣ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធអាករ បានប្រមាណជា ២០៧២ លានដុល្លារ ស្មើនឹង ៥៨ ភាគរយនៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ប៉ុន្តែបានកត់សម្គាល់ថាការប្រមូលលើវិស័យអចលនទ្រព្យ និងកម្មន្តសាលភេសជ្ជៈមានការថយចុះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងប្រចាំឆមាសទី ១ ឆ្នាំ ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលបានផ្សាយនៅថ្ងៃទី ១៣ ខែកក្កដានេះ។
លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកពន្ធដារ ដែលបានដឹកនាំកិច្ចប្រជុំនោះ បានបញ្ជាក់ថា ចំពោះស្ថានភាពនៃការប្រមូលពន្ធសរុបរយៈពេល ៦ ខែឆ្នាំ ២០២៣ បានចំនួន ២ ០៧២,៣៩ លានដុល្លារ ស្មើនឹង ៥៨,០២% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។
ចំណែក លទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធក្នុងខែ មិថុនា ឆ្នាំ ២០២៣ ចំណូលពន្ធអាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញបានចំនួន ២៤៥,៦៨ លានដុល្លារ ស្មើនឹង ៦,៨៨% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។
លោក គង់ វិបុល បញ្ជាក់ថា៖ «តាមរយៈស្ថានភាពនៃចំណូលពន្ធសម្រាប់រយៈពេល ៦ ខែ ឆ្នាំ ២០២៣ អគ្គនាយកដ្ឋានពន្ធដារ រំពឹងថាការអនុវត្តការងារគ្រប់គ្រងប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ ២០២៣ អាចនឹងសម្រេចបានគ្រប់តាមផែនការច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ប្រមាណ ៣ ៥៧១,៧០ លានដុល្លារ។
បើតាមសេចក្តីប្រកាសព័ត៌មានខាងលើ សម្រាប់ឆ្នាំ ២០២៣ សេដ្ឋកិច្ចកម្ពុជា (GDP) ត្រូវបានគេរំពឹងថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៥,៦០% ហើយការប្រមូលចំណូលពន្ធដារត្រូវបានព្យាករថានឹងសម្រេចបានក្នុងរង្វង់ ១០៥% នៅឆ្នាំ ២០២៣។
ប៉ុន្តែ ក៏មានការកត់សម្គាល់លើចំណូលតាមសកម្មភាពសំខាន់ៗមួយចំនួនមានការថយចុះសម្រាប់រយៈពេល ៦ ខែ ឆ្នាំ ២០២៣ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ក្នុងនោះកម្មន្តសាលភេសជ្ជៈឬផលិតភេសជ្ជៈ (ថយចុះ ១២,៨៩%) វិស័យអចលនវត្ថុ (ថយចុះ ៣,៨៨%) ហើយទន្ទឹមនឹងគ្នានោះ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យក៏បានថយចុះប្រមាណ ២៦,៨៣%។ ចំណែក ការប្រមូលបំណុលពន្ធមានការថយចុះសម្រាប់រយៈពេល ៦ ខែ ឆ្នាំ ២០២៣ ពោលគឺធ្លាក់ចុះ ១៩,០៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២។
ទន្ទឹមគ្នានេះ ការគ្រប់គ្រងប្រមូលចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce ) ដែលជាក់ស្ដែងក្នុងខែមិថុនា ឆ្នាំ ២០២៣ ទទួលបាន ៦,៨០ លានដុល្លារ និងសម្រាប់ រយៈពេល ៦ ខែ ឆ្នាំ ២០២៣ ទទួលបាន ប្រមាណជា ៣៩,៣ ១ លានដុល្លារ។
លោក គង់ វិបុល បានគូសបញ្ជាក់ថា៖ «កំណែទម្រង់និងទំនើបកម្មពន្ធដារចាប់តាំងពីឆ្នាំ ២០១២ រហូតមក បានធ្វើឱ្យប្រព័ន្ធពន្ធដារមានភាពរឹងមាំ ហើយថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារគ្រប់លំដាប់ថ្នាក់ខិតខំប្រឹងប្រែងស្រុះដៃគ្នា អនុវត្តការងារប្រកបដោយស្មារតី បុរេសកម្ម និងកាន់តែសកម្មថែមទៀត ដើម្បីបន្តធានាបាននូវនិរន្តរភាពចំណូលពន្ធ និងបន្តចូលរួមអនុវត្តការងារកំណែទម្រង់និងទំនើបកម្មរដ្ឋបាលសារពើពន្ធ»៕