​ភ្នំពេញៈ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) នៅ​ឆមាស​ទី១ ឆ្នាំ​ ២០២៣ បានអនុម័ត​គម្រោង​វិនិយោគ​ចំនួន ២៧ ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ជាមួយ​ទុនវិនិយោគ​សរុប​ជាង ៣០០​ លាន​ដុល្លារ ដោយ​បង្កើត​ការ​ងារ​រហូត​ជាង ២ ​ម៉ឺន​កន្លែង​។​

​របាយការណ៍ CDC កាលពីដើម​សប្តាហ៍​កន្លងមក​បង្ហាញ​ថា CDC បានអនុម័ត​គម្រោង​វិ​និ​យោគ​ថ្មី និង​គម្រោង​ពង្រីក​ផលិតកម្ម​សរុប ១១៣ ​គម្រោង ទាំង​គម្រោង​ខាងក្រៅ និង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ដែលមាន​ទំហំ​វិនិយោគ​សរុប​ជាង ១ ​ពាន់​លាន​ដុល្លារ​។​


​លោក លឹម ហេង អនុប្រធាន​សភា​​ពាណិជ្ជកម្ម​កម្ពុជា បានឱ្យដឹងថា ភាគ​ច្រើន​នៃ​គម្រោង​វិនិយោគ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស គឺជា​គម្រោង​វិនិយោគ​ក្នុង​វិស័យ​កាត់ដេរ ហើយ​គម្រោង​វិ​និ​យោគ​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ភាគច្រើន​ជា​គម្រោង​វិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម​កែច្នៃ​។​

​លោក​និយាយថា​៖ «​រាល់​គម្រោង​វិ​និ​យោគ​នៅ​កម្ពុជា សុទ្ធ​តែមាន​សារៈ​សំ​ខាន់​សម្រាប់​សេដ្ឋកិច្ច និង​សង្គម​។ គ្រប់​គម្រោង​វិនិយោគ​សុទ្ធតែ​ទទួលបាន​ការលើកទឹកចិត្ត​»​។​


​ជាមួយគ្នានេះ លោក ហុង វណ្ណៈ អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បាន​និយាយថា ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស ពិត​ជាមាន​ប្រយោជន៍​សម្រាប់​អ្នកវិនិយោគ ដោយសារ​វា​មាន​លក្ខណៈ​ប្រមូលផ្តុំ​ដែល​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​អ្នកវិនិយោគ​ដែលមាន​បំណង​ចង់​បើក​រោងចក្រ​សហគ្រាស ឬ​ឧស្សាហកម្ម​កែច្នៃ​ផ្សេងៗ​នៅ​កម្ពុជា​។ ជាទូទៅ តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ទីតាំងនៅ​តំបន់​សមស្រប​បំផុត​ដើម្បី​ជួយ​ឱ្យ​អាជីវកម្ម​របស់​អ្នក​រីកចម្រើន និង​ជោគជ័យ​។​

​លោក​លើកឡើងថា​៖ «​ជាការ​ត្រឹមត្រូវ​ណាស់ដែ​ល​រដ្ឋាភិបាល​មានការ​លើក​ទឹកចិត្ត​ដល់​ការវិនិយោគ​នៅតាម​តំបន់​សេដ្ឋកិច្ច​ពិសេស ព្រោះ​តំបន់​សេដ្ឋកិច្ច​ពិសេស គឺជា​តំបន់​ដែលមាន​ទីតាំង​យុទ្ធ​សាស្ត្រ​ត្រៀម​រួចជាស្រេច​សម្រាប់​អាជីវ​​កម្ម និង​ការវិនិយោគ​ដំណើរការ​ជាមួយនឹង​ភាពងាយស្រួល​ផ្នែក​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ដឹកជញ្ជូន​។ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ទិន្នផល​នាំចេញ​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​បាន​កើនឡើង​ខ្លាំង​»​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​រាល់ពេល​ចុះ​ជួប​សំណេះសំណាល​ជា​មួយ​កម្មករនិយោជិត តាម​បណ្តា​សហ​គ្រាស​នានា​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស តែងតែ​ចាត់ទុក​តំបន់​សេដ្ឋកិច្ច​ពិសេស​ថា ដើរតួនាទី និង​រួមចំណែក​សំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​។ លោក​តែង​បន្ត​លើកទឹកចិត្ត​ដល់​វិនិយោគិន​ឱ្យ​បង្កើន​ការវិនិយោគ​នៅក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​បន្ថែមទៀត តាមរយៈ​ការ​​អភិវឌ្ឍ និង​ប្រើប្រាស់​តំបន់​សេដ្ឋកិច្ច​ពិ​សេស​ដែលមាន​ស្រាប់​ទាំងអស់​ឱ្យអស់​សក្តានុពល​។​

​យោងតាម CDC បច្ចុប្បន្ន កម្ពុ​ជាមាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ២៤​ ទីតាំង ដោយ ៨ ​ទីតាំងនៅ​ខេត្តស្វាយរៀង​, ៥ ​ទីតាំងនៅ​ខេត្ត​ព្រះសីហនុ​, ៤​ ទីតាំងនៅ​រាជធានី​ភ្នំពេញ​, ៣ ​ទីតាំងនៅ​ក្នុង​ខេត្ត​​បន្ទាយមានជ័យ​, ២​ ទីតាំងនៅ​ខេត្ត​កណ្តាល​, ១​ ទីតាំងនៅ​ខេត្តកោះកុង និង ១​ ទីតាំងនៅ​កំពត​៕