ភ្នំពេញៈ អ្នកជំនាញនៅក្នុងវិស័យដឹកជញ្ជូនរបស់កម្ពុជា បានឱ្យដឹងថា ស្ថានភាពនៃវិស័យដឹកជញ្ជូននៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២៣នេះ ហាក់មិនសូវមានស្ថានភាពល្អប្រសើរនោះទេ ដោយខាងសមាគមដឹកជញ្ជូន និងឡីជីស្ទិក ភាគច្រើនបញ្ជាក់ថា មានការធ្លាក់ចុះ។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៧ ខែកក្កដា ថា វិស័យដឹកជញ្ជូនមានការធ្លាក់ចុះបន្តិច ចាប់តាំងពីត្រីមាសទី១ រហូតមកដល់ពេលនេះ ដោយមុខទំនិញខ្លះមានការធ្លាក់ចុះ ខណៈដែលមុខទំនិញមួយចំនួនទៀតមានកើនឡើងទៅវិញប៉ុន្តែជារួម វិស័យដឹកជញ្ជូនមានការធ្លាក់ចុះ។
លោកបានបញ្ជាក់ថា៖«មូលហេតុនៃការធ្លាក់ចុះនេះ ហេតុផលគឺនៅតែដដែលនោះទេ ដូចជា វិបត្តិសកល បញ្ហាអតិផរណានៅតាមបណ្តាប្រទេសមួយចំនួន បញ្ហាសង្គ្រាមអ៊ុយក្រែនជាដើម ដែលធ្វើឱ្យការបញ្ជាទិញមានការធ្លាក់ចុះ ដូចយើងដឹងស្រាប់ហើយ»។
លោកស៊ិន ចន្ធី បានបន្ថែមថា ប្រទេសដែលមានការបញ្ជាទិញធ្លាក់ចុះភាគច្រើន គឺនៅខាងតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក ដោយសារតែនៅតំបន់ទាំង២នេះ កំពុងតែមានបញ្ហាអតិផរណា ដោយបានធ្វើឱ្យតម្រូវការទំនិញប្រើប្រាស់ពីខាងប្រទេសទាំងនេះ ត្រូវបានកាត់បន្ថយ។
ទោះជាយ៉ាងណាក៏ដោយ លោកក៏មិនទាន់អាចវាយតម្លៃបានថា ការធ្លាក់ចុះនេះ អាចនឹងបន្តរហូតដល់ដំណាច់ឆ្នាំ២០២៣នេះ ឬយ៉ាងណានោះទេ គ្រាន់តែលោកបញ្ជាក់ថា៖« យើងមិនទាន់មានទឡ្ហីករណ៍ណាមួយច្បាស់ ដែលអាចបញ្ជាក់ថា វិស័យដឹកជញ្ជូន នឹងអាចមានកំណើនឡើងវិញ នៅឆមាសក្រោយនេះទេ។ប៉ុន្តែ យោងតាមបទពិសោធន៍របស់ខ្ញុំក្នុងវិស័យនេះ ជាង៣០ឆ្នាំមកនេះ ខ្ញុំយល់ថា ការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ ដោយត្រូវរង់ចាំមើល១ខែ ឬ២ខែទៀតសិន ទើបអាចវាយតម្លៃបាន»។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន បានឱ្យដឹងដែរថា ស្ថានភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទិក នាពាក់កណ្តាលឆ្នាំ២០២៣ មានការថយចុះ បើធៀបនឹងឆ្នាំ២០២២កន្លងទៅ។
លោកបានប្រាប់ថា៖ «ការថមថយនៅក្នុងឆ្នាំ២០២៣នេះ មិនមានអ្វីក្រៅពីវិបត្តិសកល ដែលរួមមានបញ្ហាសង្គ្រាម បញ្ហាអតិផរណា បញ្ហាកូវីដ១៩ ដែលកើតមានទូទាំងពិភពលោក ពិសេសតំបន់អឺរ៉ុប និងអាស៊ីយើងនេះ។ដូចនេះយើងមើលឃើញជាក់ស្តែងពីការថយចុះ តែការថយនេះមិនច្រើនពេកទេក្នុងកម្រិតតិចតួចប៉ុណ្ណោះ»។
លោក ជា ចាន់ដារ៉ា ថ្លែងថា នៅពេលសេដ្ឋកិច្ចសកលវិលមករកភាពប្រក្រតីវិញ វិស័យដឹកជញ្ជូន នឹងមានការរីកចម្រើនខ្លាំង ដោយសារតែលោក បានមើលឃើញពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បីបង្កលក្ខណៈងាយស្រួលដល់វិស័យដឹកជញ្ជូន។
លោកបានបញ្ជាក់ថា៖«យើងក៏មើលឃើញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋភិបាល ដែលបានបង្កើតឱ្យមានគម្រោងផ្សេងៗលើវិស័យដឹកជញ្ជូន ជាពិសេសមានការបង្កើតច្រើនលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវល្បឿនលឿនភ្នំពេញ-បាវិត,ការសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ក៏ដូចជាគម្រោងជីកព្រែក ជាដើម។ទាំងនេះ បង្ហាញឱ្យឃើញការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើវិស័យដឹកជញ្ជូននេះ»។
យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា នៅឆមាសទី១ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចូលទំនិញសំខាន់ៗជាងមុន ដែលមានតម្លៃទឹកប្រាក់ជាង១២ពាន់លានដុល្លារ ថយចុះជិត២៣ភាគរយ ខណៈនាំចេញទៅវិញមានតម្លៃទឹកប្រាក់ជាង១១ពាន់លានដុល្លារ កើនតែ០,៨ភាគរយប៉ុណ្ណោះ បើធៀបនឹងឆមាសទី១ ឆ្នាំ២០២២។ ការថយចុះនៃទំនិញនាំចូល និងការកើនឡើងតិចតួចនៃទំនិញនាំចេញនេះហើយ ដែលធ្វើឱ្យការដឹកជញ្ជូនមានការធ្លាក់ចុះ៕