ភ្នំពេញៈ លោក វង្ស៊ី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជាបានថ្លែងថា គណបក្សប្រជាជនកម្ពុជា តែងតែផ្តោតជាចម្បងលើការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីបង្កើតការងារ បង្កើនឱកាសរកប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការដាក់ចេញនៅគោលនយោបាយអាទិភាព លើវិស័យសេដ្ឋកិច្ចចំនួន ៥។
លោក វង្ស៊ី វិស្សុត បានថ្លែងបែបនេះ នៅក្នុងកម្មវិធីផ្សព្វផ្សាយគោលនយោបាយគណបក្សនយោបាយនានា លើប្រធានបទ «គោលនយោបាយលើវិស័យសេដ្ឋកិច្ច»រៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលលោកតំណាងឱ្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៣។
លោកបានថ្លែងថា៖ «ទី១ បន្តធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលរក្សាឱ្យបាននូវអត្រាអតិផរណាក្នុងកម្រិតទាប ស្ថិរភាពនៃអត្រាប្តូរប្រាក់ តុល្យភាពនៃថវិកាជាតិ និងស្ថិរភាពផ្នែកហិរញ្ញវត្ថុ ទាំងផ្នែកធនាគារ និងមិនមែនធនាគារ។ ទី២ គឺជំរុញកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយភាពធន់និងបរិយាប័ន្នដើម្បីកាត់បន្ថយភាពក្រីក្រ,ការអភិវឌ្ឍវិស័យសហគ្រាសធុនតូចនិងមធ្យម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធព្រមទាំង ការចាប់យកបច្ចេកវិទ្យាឌីជីថល និងការអភិវឌ្ឍបៃតង»។
ចំណែកទី៣ គឺពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រងថវិកា និងការរក្សាចីរភាពនៃថវិកា តាមរយៈការអនុវត្តកម្មវិធីកែទម្រង់ឱ្យកាន់តែស៊ីជម្រៅនូវការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដើម្បីពង្រឹងការគ្រប់គ្រងចំណូលថវិកាជាតិ ដើម្បីកៀរគរធនធាននានាឱ្យអស់សក្តានុពល និងបន្តមិនយកពន្ធលើដីកសិកម្មលក្ខណៈគ្រួសារ និងមិនយកពន្ធប្រាក់បៀវត្សរ៍អប្បបរមារបស់មន្ត្រីរាជការ និងប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត។
លោក វង្ស៊ី វិស្សុត បានបញ្ជាក់ទៀតថា ៖ «គោលនយោបាយទី៤ គឺអភិវឌ្ឍវិស័យហិរញ្ញវត្ថុតាមរយៈការបង្កើនប្រសិទ្ធភាពនៃការផ្ទេរសញ្ជ័យរបស់ជាតិ ទៅជាការវិនិយោគលើវិស័យអាទិភាពគួបផ្សំនឹងការគ្រប់គ្រងកំណើនឥណទាន ដែលមានលក្ខណៈសមស្របសម្រាប់គាំទ្រកំណើនសេដ្ឋកិច្ច,ការធ្វើពិពិធកម្មផលិតផលហិរញ្ញវត្ថុ,ការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ,ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនិងការបន្តជំរុញការអភិវឌ្ឍមូលបត្ររដ្ឋក៏ដូចជាការអភិវឌ្ឍយន្តការហិរញ្ញប្បទានថ្មីៗសំដៅទ្រទ្រង់ដល់ការអភិវឌ្ឍជាតិ»។
ចំណែកគោលនយោបាយអាទិភាពលើវិស័យសេដ្ឋកិច្ចចុងក្រោយគឺការអភិវឌ្ឍវិស័យឯកជនឱ្យក្លាយជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចដែលផ្តោតជាសំខាន់លើការបង្កើនបរិស្ថានអនុគ្រោះសម្រាប់ការវិនិយោគ និងធុរកិច្ច ការពង្រឹងការធ្វើសមាហរណកម្មសេដ្ឋកិច្ចទាំងក្នុងតំបន់ និងសកលលោក,ការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនដល់វិស័យឯកជន,ការពង្រឹងសហគ្រិនភាព និងការអភិវឌ្ឍធុរកិច្ច និងបន្តអនុវត្តការវេទិការាជរដ្ឋាភិបាលផ្នែកឯកជន។ នេះបើតាមលោក វង្ស៊ី វិស្សុត។
លោក យ៉ង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយនីមួយៗ ហាក់មានភាពស្វិតស្វាញ ខណៈដែលគណបក្សនយោបាយទាំង១៨ មានរៀបចំគោលនយោបាយរបស់ខ្លួនជាច្រើន ដើម្បីទាក់ទាញសន្លឹកឆ្នោតពីប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា៖«យើងបានឃើញថា ការផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្សនីមួយៗមានយុទ្ធសាស្ត្រផ្សេងៗគ្នា។ ខ្ញុំសង្ឃឹមថា គណបក្សនយោបាយដែលជាប់ឆ្នោតនាអាណត្តិទី៧ខាងមុខនេះ នឹងបំពេញតាមការសន្យារបស់គាត់ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។ តែខ្ញុំសង្កេតឃើញថា កន្លងទៅគណបក្សប្រជាជនដែលជាគណបក្សកាន់អំណាច តែងតែធ្វើតាមការសន្យារបស់ខ្លួន នៅពេលដែលគណបក្សនេះជាប់ឆ្នោត»៕