ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​បាន​លើកឡើងថា កម្ពុជា​ដាក់​ផែនការ​ក្នុងការ​សិក្សា​បង្កើត​ផ្លូវ​រថភ្លើង​ថ្មី ១​ ខ្សែ​ បន្ថែម​ពីលើ​ផ្លូវ ២ ​ខ្សែ​ ដែលមាន​ស្រាប់​ដោយ​ឆ្លងកាត់​ខេត្ត ​៦ ដើម្បី​ត​ភ្ជាប់​ឱ្យ​កាន់តែ​ប្រទាក់ក្រឡា​ជាមួយ​ប្រទេស​ថៃ និង​វៀតណាម​ សំដៅ​ជំរុញ​ប្រព័ន្ធ​ដឹកជញ្ជូន​ដើម្បី​លើកកម្ពស់​ការធ្វើ​ពា​ណិ​ជ្ជ​កម្ម​ជាមួយគ្នា​ឱ្យ​កាន់តែ​ប្រសើរ​។​

​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​នាពេល​ថ្មីៗ​នេះ​ថា ក្រៅពី​ផែនការ​ធ្វើ​ទំនើបកម្ម​ផ្លូវ​រថភ្លើង ២​ ខ្សែ​ដែលមាន​ស្រាប់ គឺ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ និង​ភ្នំពេញ​ទៅ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ពី​ល្បឿន​យឺត​ទៅ​ល្បឿន​លឿន រដ្ឋាភិបាល​កំពុងធ្វើកា​រ​ពិចារណា​ក្នុង​ការកសាង​ផ្លូវ​រថភ្លើង​ថ្មី ១ ខ្សែ​ទៀត​ដែល​នឹង​ភ្ជាប់​ខេត្ត​ចំនួន ​៦ ដោយ​នឹង​ជួយ​ឱ្យ​កាន់តែ​ងាយស្រួល​ដល់​ការដឹកជញ្ជូន​ជាមួយ​ប្រទេស​ថៃ និង​វៀតណាម​។​


​លោក​បន្តទៀតថា ​សម្រាប់​គម្រោង​សិក្សា​ផ្លូវ​រថភ្លើង​នេះ​នឹង​ត​ភ្ជាប់​ពី​ក្រុង​ប៉ោយ​ប៉ែត ទៅដល់​ក្រុង​បាវិត ដោយ​ត​ភ្ជាប់​ជាមួយ​គម្រោង​ផ្លូវដែក​របស់​វៀតណាម ដែល​ផ្លូវ​នេះ​នឹង​ឆ្លងកាត់​ខេត្ដ​ក្រុង​សំខាន់ៗ​ចំនួន​ ៦ រួមមាន ក្រុង​ប៉ោយប៉ែត ខេត្ដ​សៀមរាប ខេត្ដ​កំពង់ធំ ខេត្ដ​កំពង់ឆ្នាំង រាជធានី​ភ្នំពេញ និង​ក្រុង​បាវិត​។​

​លោក​និយាយថា​៖ «​យើង​មាន​គម្រោង​សិក្សា​ផ្លូវដែក​ថ្មី​មួយ គឺ​ពី​ប៉ោយប៉ែត មក​សៀមរាប សៀមរាប​មក​កំពង់ធំ កំពង់ធំ​មក​កំពង់ឆ្នាំង កំពង់ឆ្នាំង​មក​ភ្នំពេញ និង​ពី​ភ្នំពេញ​ទៅ​បាវិត ដើម្បី​ត​ភ្ជាប់​ជាមួយ​គម្រោង​របស់​ប្រទេស​វៀតណាម ដែល​គេ​ត្រៀម​ធ្វើ​ពី​ទីក្រុង​ហូជីមិញ​មក​បាវិត​​ម៉ុក​បាយ ដើម្បី​ត​ភ្ជាប់​ជាមួយ​ផ្លូវ​រថភ្លើង​កម្ពុជា​យើង​សំដៅ​បម្រើឱ្យ​វិស័យ​ដឹក​ជញ្ជូន​កាន់តែ​សម្បូរបែប ជំរុញ​កំណើនសេដ្ឋកិច្ច សង្គម​កម្ពុជា​ឱ្យ​កាន់តែ​រីក​ចម្រើន បង្កើន​ប្រាក់ចំណូល និង​លើក​កម្ពស់​ជីវភាព​ប្រជាជន​»​។​


​ទោះយ៉ាងណា​លោក​បាន​បញ្ជាក់ថា បច្ចុប្បន្ន​ផែនការ​នេះ​គឺ​ស្ថិតក្នុង​ការសិក្សា និង​ស្វែងរក​ថវិកា​នៅឡើយ​។​

​ប្រធាន​សមាគម​ភ័ស្តុភារ​កម្ពុជា លោក ស៊ិន ច​ន្ធី ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៤ ខែកក្កដា​ថា ការតភ្ជាប់​ផ្លូវដែក​ទាំង ២​ ខ្សែ​មាន​សារៈសំខាន់​ណាស់​ក្នុងការ​ផ្តល់​ជម្រើស​ដឹកជញ្ជូន​បន្ថែម​ទៀត​សម្រាប់​អ្នកជំនួញ ព្រោះ​វា​នឹង​រួមចំណែក​កាត់​បន្ថយ​ថ្លៃដើម និង​បង្កើន​សមត្ថភាព​ប្រ​កួត​ប្រជែង​របស់​ប្រទេស​។​

​លោក​ថ្លែងថា​៖ «​ការដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​រថភ្លើង​ជា​ជម្រើស​ល្អ​មួយទៀត​សម្រាប់​យើង​។ បើ​រដ្ឋាភិបាល​អាចធ្វើឱ្យ​ក្លាយទៅជា​រថភ្លើង​ល្បឿន​លឿន វា​នឹង​ជួយ​យើង​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​កាន់​តែ​លឿន​ដើម្បី​ទៅដល់​គោលដៅ​ទាំង​ក្នុង និង​ក្រៅ​»​។ លោក​បន្តថា​៖ «​ការណ៍​នេះ​នឹងមិន​ត្រឹមតែ​ផ្តល់​អត្ថប្រយោជន៍​ដល់​កំណើនសេដ្ឋកិច្ច​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​រួមចំណែក​កាត់បន្ថយ​ថ្លៃ​ដឹកជញ្ជូន និង​បង្កើន​ការប្រកួតប្រជែង​ក្នុង​វិស័យ​ផលិតកម្ម​ផងដែរ​»​។​

​យោងតាម​ក្រសួង​សាធារណការ ការ​ស្ថាបនា​ប្រព័ន្ធ​ផ្លូវដែក​កម្ពុជា បាន​ចាប់​ផ្តើម​នា​ចុង​ទសវត្សរ៍​ឆ្នាំ ​១៩២០ ដោយមាន​ខ្សែ​ភាគ​ខាងជើង និង​ភាគ​ខាង​ត្បូង​។ ខ្សែ​រថភ្លើង​ភាគ​ខាងជើង​មាន​ប្រ​​វែង ៣៨៦ ​គីឡូម៉ែត្រ​ចេញពី​ភ្នំពេញ​ទៅ​ប៉ោយប៉ែត សាងសង់​ចន្លោះ​ឆ្នាំ​ ១៩២៩ ដល់​ឆ្នាំ​ ១៩៤២ ក្នុងសម័យ​អាណានិគម​បារាំង ចំណែក​ផ្លូវ​រថភ្លើង​ភាគខាងត្បូង​សាងសង់​ពី​ឆ្នាំ​ ១៩៦០-១៩៦៩ ក្នុងសម័យ​សង្គមរាស្ត្រនិយម ក្រោម​ជំនួយ​ពី​ប្រទេស​បារាំង អាល្លឺម៉ង់​ខាងលិច និង​ចិន ហើយ​មាន​ប្រវែង ២៦៤​ គីឡូម៉ែត្រ​។​

​ផ្លូវ​រថភ្លើង​ទាំង ២​ ខ្សែ​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដោយ​ផ្នែក​ខ្លះ​ត្រូវបាន​បំ​ផ្លាញ​ទាំងស្រុង​ក្នុង​របប​កម្ពុជា​ប្រជា​ធិ​ប​តេ​យ្យ​បន្ទាប់មក​វា​ត្រូវបាន​ស្តារឡើងវិញ តាមរយៈ​កិច្ចសហការ​រវាង​ក្រសួង​សា​ធា​រណការ និង​ដឹកជញ្ជូន និង​ក្រុមហ៊ុន Royal Railway Co Ltd៕