​អង់គ្លេស​ដែល​ដកខ្លួន​ចេញពី​សហភាព​អឺរ៉ុប​ក្នុង​ឆ្នាំ​​ ២០២០ បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​នូវ​សន្ធិសញ្ញា ​ដើម្បី​ចូលរួម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរ​ប៉ាស៊ីហ្វិក ​(TPP) ដែលមាន​ប្រទេស​ ១១ ​ជា​ស្ថាបនិក និង​គ្មាន​ប្រទេស​មហាអំណាច​ណាមួយ​ជា​សមាជិក​នៅឡើយ​។

​អង់គ្លេស​ក្លាយជា​ប្រទេស​ថ្មី​ដំបូង​គេ​ដែល​ចូលរួម​ចាប់​តាំង​ពី​ការបង្កើតឡើង​ក្នុង​ឆ្នាំ​ ២០១៨ ​ដោយមាន​ប្រទេស​ស្ថាបនិក​ចំនួន​ ១១​ រួមមាន កាណាដា ម៉ិ​ក​ស៊ិ​ក ប៉េ​រូ ស៊ី​លី នូ​វែ​ល​សេ​ឡង់ អូស្ត្រាលី ប្រ៊ុយណេ សិង្ហ​បុរី ម៉ាឡេស៊ី វៀតណាម និង​ជប៉ុន​។


​ការចុះហត្ថលេខា​នេះ ​គឺជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​គ្រប់​ជ្រុង​ជ្រោយ និង​វឌ្ឍនភាព​សម្រាប់​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (CPTPP) ដែល​កិច្ចប្រជុំ​គណៈ​កម្ម​ការដែល​ត្រូវបាន​រៀបចំឡើង​នៅ​ប្រទេស​នូ​វែ​ល​សេ​ឡង់​។

​យោងតាម​សារព័ត៌មាន​រ៉​យ​ទ័​រ លោកស្រី Kemi Badenoch រដ្ឋមន្ត្រី​ធុរកិច្ច និង​ពាណិជ្ជកម្ម របស់​ចក្រភព​អង់គ្លេស បាន​និយាយ​នៅឯ​ការចុះហត្ថលេខា​នេះ​ថា ប្រទេស​របស់លោក​ស្រី​មាន​សេចក្តីសោមនស្ស​រីករាយ​ដែល​បាន​ក្លាយជា​សមាជិក​ថ្មី​ដំបូង​គេ​នៃ CPTPP​។​


​លោកស្រី​ថា​៖ «​នេះ​ គឺជា​កិច្ចព្រមព្រៀង​ទំនើប និង​មាន​មហិច្ឆតា ហើយ​សមាជិកភាព​រប​ស់​យើង​នៅក្នុង​ប្លុក​ដ៏​គួរឱ្យ​រំភើប អស្ចារ្យ និង​សម្លឹង​ទៅមុខ​។ ​នេះ​​គឺជា​ភ័ស្តុតាង​ដែលថា​អង់​​គ្លេ​ស​បើកចំហ​ទ្វារ​សម្រាប់​អាជីវកម្ម​»​។​

​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម លោក Gan Kim Yong ដែល​តំណាងឱ្យ​សិង្ហ​បុរី​ក្នុង​កិច្ចប្រជុំ​នោះ បាន​ស្វាគមន៍​ការចូល​របស់​ចក្រភព​អង់គ្លេស​។​

​លោក​បាន​និយាយថា​៖ «​ការ​​ចូល​របស់​ចក្រភព​អង់គ្លេស​ទៅក្នុង CPTPP គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​សម្រាប់ ​CPTPP របស់​យើង​ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​សមាជិក​ទាំងអស់​តាមរយៈ​ការចូល​ទៅកាន់​ទីផ្សារ​ចក្រភព​​អង់គ្លេស​ដ៏​ធំ​»៕