ភ្នំពេញៈ វិនិយោគិនដែលមានបំណងធ្វើការវិនិយោគលើផ្សារមូលបត្រកម្ពុជា (CSX) ចាប់ពីពេលនេះទៅនឹងកាន់តែងាយស្រួលក្នុងការស្នើសុំគណនីវិនិយោគ (Investor ID) ពីនិយតករមូលបត្រកម្ពុជា (SERC) តាមប្រព័ន្ធអនឡាញ ក្នុងប្លាតហ្វមតែមួយនៃផ្សារមូលបត្រកម្ពុជាដែលបានអនុញ្ញាតឱ្យវិនិយោគិនស្នើសុំគណនីជួញដូរសំដៅផ្តល់ភាពងាយស្រួល រហ័ស និងផ្តល់ទំនុកចិត្តដល់វិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុក។
យោងតាមសេចក្តីជូនដំណឹងរបស់និយតករមូលបត្រកម្ពុជា កាលពីថ្ងៃទី ១០ ខែកក្កដា បានអំពាវនាវដល់ក្រុមហ៊ុនមូលបត្រធ្វើអាជីវកម្មជើងសាមូលបត្រទាំងអស់ថា ខ្លួនបានអនុម័តឱ្យដំណើរការនូវគោលការណ៍ណែនាំស្តីអំពីការបើកគណនីជួញដូរមូលបត្រតាមប្រព័ន្ធអនឡាញ។
SERC លើកឡើងថា៖ «ក្រុមហ៊ុនមូលបត្រធ្វើអាជីវកម្មជើងសាមូលបត្រដែលមានបំណងប្រើប្រាស់នូវប្រព័ន្ធបើកគណនីជួញដូរមូលបត្រតាមប្រព័ន្ធអនឡាញ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតជាមុនមក SERC»។
អ្នកស្រី គឹម សុផានីតា ប្រធាននាយកដ្ឋានទីផ្សារនៃផ្សារមូលបត្រកម្ពុជា (CSX) បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៨ ខែកក្កដាថា CSX បានចាប់ផ្តើមធ្វើទំនើបកម្មចាប់យកការជួញដូរតាមអនឡាញដែលបានដាក់ឱ្យដំណើរការលើកដំបូងនៅចុងឆ្នាំ ២០២២ និងបានធ្វើទំនើបកម្មដំណាក់កាលទី២ កាលពីពេលថ្មីៗ ដោយបានបញ្ចូលគ្នាតែម្តងទាំងដំណើរការការបើកគណនីជួញដូរ និងការស្នើសុំ Investor ID ពី SERC ដោយធ្វើនៅក្នុងប្រព័ន្ធតែ ១ ដើម្បីឱ្យអ្នកវិនិយោគិនកាន់តែមានភាពងាយស្រួលដែលអនុញ្ញាតឱ្យគាត់ចូលប្លាតហ្វមតែមួយ គឺស្នើសុំបើកគណនីជួញដូរទៅកាន់ CSX និងស្នើបើកគណនីអ្នកវិនិយោគទៅកាន់ SERC។
លោកស្រីបានលើកឡើងថា៖ «ជាការពិតគោលការណ៍ដែលទើបតែដាក់ចេញដោយនិយតករមូលបត្រកម្ពុជាយើងកាលពីពេលថ្មីៗនេះគឺពិតជាមានសារៈសំខាន់ណាស់ក្នុងការផ្តល់ជាបែបបទនីតិវិធីច្បាស់លាស់ និងមានចែងអំពីស្តង់ដានៃការរៀបចំប្រព័ន្ធអនឡាញដើម្បីបើកគណនីកាន់តែច្បាស់លាស់ និងធ្វើឱ្យវិនិយោគិនកាន់តែមានទំនុកចិត្តលើទីផ្សារយើង»។
លោកស្រីបានបន្តទៀតថា៖ «ដូច្នេះគោលបំណងសំខាន់នៃការដាក់ឱ្យស្នើសុំគណនីតាមអនឡាញនេះ គឺដើម្បីសម្របសម្រួល និងផ្តល់ភាពងាយស្រួលដល់វិនិយោគិននៅក្នុងវិស័យមូលបត្រ»។
លោក ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជា ក្នុងពិធីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាផ្លូវការរបស់ក្រុមហ៊ុនខេម ជី្ជអេសអេម កាលថ្ងៃទី ២៧ ខែ- មិថុនា ឱ្យដឹងថា បច្ចុប្បន្នភាពទីផ្សារភាគហ៊ុនដែលគិតមកត្រឹមថ្ងៃទី ២៧ ខែមិថុនា CSX មានក្រុមហ៊ុនចុះបញ្ជីចំនួន ១៩ ដោយក្រុមហ៊ុនចំនួន ១០ បានចុះបញ្ជីជាភាគហ៊ុន (៨ ក្រុមហ៊ុននៅទីផ្សារគោល និង ២ ទីផ្សារកំណើន) ក្រុមហ៊ុនទាំង ១០ ប្រមូលទុនពីទីផ្សារសរុប ១២៤ លានដុល្លារ និង ៩ ទៀតចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្មបើរាប់បញ្ចូលទាំងសញ្ញាបណ្ណបំណុលសរុប ៣២៣,៥ លានដុល្លារ។
លោកបន្តថា៖ «បច្ចុប្បន្នយើងសង្កេតឃើញចំនួនវិនិយោគិនសកម្មក្នុងការជួញដូរ (active investors) មានការកើនឡើងពី ១ ខែ ទៅ ១ ខែ។ ក្នុងខែមេសា ចំនួនវិនិយោគិនសកម្មមានប្រមាណ ៥ ពាន់នាក់បានកើនដល់ ៦ ពាន់នាក់នៅក្នុងខែឧសភា។ នេះសបញ្ជាក់ថា វិនិយោគិនសាធារណៈចាប់ផ្តើមយល់ដឹង និងចេះថ្លឹងថ្លែងការវិនិយោគរបស់ខ្លួន ពិសេសទៅទៀតនោះ ការបង្កើនចំណូលអកម្មផងដែរ។
ស្របតាមចក្ខុវិស័យ និងផែនការរបស់រដ្ឋាភិបាលដែលនឹងប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ យើងក៏មានមហិច្ឆតាធំក្នុងការជំរុញទីផ្សារដោយសម្រេចគោលដៅបានទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យមលើសពី ១០០ លានដុល្លារក្នុងឆ្នាំ ២០៣០»៕