ភ្នំពេញៈ ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​បណ្តា​ប្រទេស​ជា​សមាជិក​នៃ​កិច្ច​ព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ ​(RCEP)​ កាល​ពី​ឆមាស​ទី​១ ឆ្នាំ​ ២០២៣ មានតម្លៃ​ជិត ៤,១ ​ពាន់​លាន​ដុល្លារ កើន​ជាង​ ២៤​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ខណៈ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​ក្រោម​កិច្ចព្រមព្រៀង​នេះ​មានតម្លៃ​សរុប​ជិត ១៥ ​ពាន់​លាន​ដុល្លារ​។​

RCEP គឺជា​គំនិត​ផ្តួចផ្តើម​របស់​អា​ស៊ាន និង​ត្រូវ​បានប្រកាស​ឱ្យ​ចាប់ផ្ដើម​ការចរចា​ក្នុង​ឆ្នាំ​ ២០១២ នៅ​រាជធានី​​ភ្នំពេញ​។ RCEP គឺជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​លើ​ពិភពលោក ដែលមាន​សមាជិក​ចំនួន ១៥​ ប្រទេស ដោយ​ចំនួន ១០ ​ប្រទេស​ជា​សមាជិក​អាស៊ាន ​(​ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ហ្វីលីពីន ថៃ សិង្ហ​បុរី និង​វៀតណាម​) រួមជាមួយ​ប្រ​​ទេស​ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់​។ បន្ទាប់ពី​ការចរចា និង​ចុះហត្ថលេខា RCEP បាន​ចូល​ជាធរ​មាននៅ​កម្ពុជា ចាប់តាំងពី​ថ្ងៃទី ​១ ខែមករា ឆ្នាំ ​២០២២ មក​។​


​តារាង​ស្ថិតិ​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​សមាជិក RECP របស់​ក្រសួងពាណិជ្ជកម្ម ដែល​ ភ្នំពេញ ​ប៉ុស្តិ៍ ​ទើប​ទទួលបាន​នៅ​ថ្ងៃទី​ ១៨ ខែកក្កដា បង្ហាញថា ចាប់ពី​ខែមករា​-​មិថុនា ឆ្នាំ​ ២០២៣ ទំនិញ​ដែល​កម្ពុជា​នាំ​ចេញទៅ​ប្រទេស​ជា​សមាជិក​ទាំង ១៤ (​ដក​កម្ពុជា​) ​របស់ RCEP មានតម្លៃ​សរុប ៤ ០៧១​ លាន​ដុល្លារ កើន ២៤,០៧​ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២ ដែលមាន​ចំនួន ៣ ២៨១ ​លាន​ដុល្លារ​។ ក្នុង​ចំនួន​នេះ គឺ​ទំនិញ​នាំទៅ​ប្រទេស​ក្នុង​តំបន់​អាស៊ាន ​(៩​ ប្រទេស​) មាន​ចំនួន ២ ៤៨១​ លាន​ដុល្លារ កើន ៣៦ ​ភាគរយ​, ប្រទេស​ចិន ៧១៣​ លាន​ដុល្លារ កើន ១៧​ ភាគរយ​, ជប៉ុន ៥៤៥ ​លាន​ដុល្លារ កើន ១ ​ភាគ​រយ​, អូស្ត្រាលី ១៨០​ លាន​ដុល្លារ ធ្លាក់ ០,៣៨ ​ភាគរយ​, កូរ៉េខាងត្បូង ១៤៣ កើន ២៨​ ភាគរយ និង​នូ​វែ​ល​សេ​ឡង់ ៩​ លាន​ដុល្លារ កើន ១ ​ភាគរយ​។​

​ទន្ទឹមនឹង​ការនាំ​ទំនិញ​ចេញ កម្ពុជា​ក៏​នាំចូល​ទំនិញ​ពី​ប្រទេស​សមាជិក RCEP ក្នុង​ទឹកប្រាក់ ១០ ៧៤០​ លាន​ដុល្លារ​ផងដែរ ធ្លាក់ចុះ ១៧​ ភាគរយ ក្នុងនោះ​តំបន់​អាស៊ាន​មាន​ចំនួន ៤ ៦៥៩​ លាន​ដុល្លារ ធ្លាក់ចុះ ៣១​ ភាគ​រយ​, ប្រទេស​ចិន ៥ ៤៤០​ លាន​ដុល្លារ កើន ១​ ភាគរយ​, ជប៉ុន ៣១៥​ លាន​ដុល្លារ ធ្លាក់ចុះ ២០ ​ភាគរយ​, អូស្ត្រាលី ៧៨​ លាន​ដុល្លារ កើន ១ ​ភាគរយ​, កូរ៉េ​ខាងត្បូង ២៣៤​ លាន​ដុល្លារ ធ្លាក់ចុះ ២៥​ ភាគរយ​, និង​នូ​វែ​ល​សេ​ឡង់ ១៤ លាន​ដុល្លារ កើន ៤៩ ​ភាគរយ​។​


​ចំណែក​ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា និង RCEP គឺមាន ១៤ ៨១១​ លាន​ដុល្លារ ធ្លាក់ចុះ ៩ ​ភាគរយ ធៀប​នឹង​ឆមាស​ទី ​១ ឆ្នាំ​ ២០២២​។ ទំហំ​ពា​ណិ​ជ្ជ​កម្ម​កម្ពុជា​ជាមួយ​សមាជិក​របស់ RCEP ស្មើនឹង ៦២,៥​ ភាគរយ​នៃ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា ដែលមាន​ចំនួន ២៣ ៦៩៣​ លាន​ដុល្លារ​។ នេះ​បើតាម​តារាង​ទិន្នន័យ​ខាងលើ​។​

​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុ​វិ​ជាតិ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៨ ខែកក្កដា​ថា ទោះបី​ពេលនេះ​ការ​គំរាម​កំហែង​ពី​វិបត្តិ​កូ​វីដ​ ១៩ លើ​ពិភពលោក​បាន​ភាព​ធូរស្រាល ប៉ុន្តែ​វិបត្តិ​សេដ្ឋកិច្ច​សកល​ដែល​ទើប​កើតមាន​ថ្មីៗ​បណ្តាលមកពី​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​រវាង​ប្រទេស​មហាអំណាច​ធំៗ សង្គ្រាម​រវាង​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន ...​និង​បញ្ហា​អតិ​ផ​រណា គឺ​បានធ្វើ​ឱ្យកម្លាំង​ទិញ​នៅលើ​ទីផ្សារ​ធំៗ​ធ្លាក់ចុះ​គួរឱ្យកត់សម្គាល់​។ លោក​បន្តថា ទោះបីយ៉ាងណា ដោយ​សារ​កម្ពុជា​ជា​សមាជិក​របស់ RCEP ដូច្នេះ​កំណើន​នៃ​ការនាំចេញ​គឺ​នឹង​បន្ត​សញ្ញា​វិជ្ជមាន​បន្ថែមទៀត​។​

​លោក​ថ្លែងថា​៖ «RCEP បាន​ចូល​រួមចំណែក​យ៉ាងច្រើន​ក្នុង​ការបើក​ទីផ្សារ​នាំចេញ​ផលិតផល​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​»​។​

​លោក សុ​វិជាតិ បានឱ្យដឹង​ទៀតថា បច្ចុប្បន្ន​ក្រៅពី​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​ដែល​កំពុងមាន​ទាំង​លក្ខណៈ​ទ្វេ​ភាគី និង​ពហុភាគី គឺ​កម្ពុជា​នៅតែ​បន្ត​ខិតខំ​ព​ង្រឹ​ក​កិច្ចសហប្រតិបត្តិការ​កា​រ​ទូត និង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ជាច្រើន​ទៀតផង​ដែរ ពិសេស​ប្រទេស​ឥណ្ឌា ដែលជា​ប្រទេស​មាន​ប្រជាជន​ច្រើនជាងគេ​លើ​ពិភពលោក និង​មាន​កំណើនសេដ្ឋកិច្ច​រីក​ចម្រើន​ដ៏​លឿន​។​

​លោក​អះអាងថា​៖ «​បើ​និយាយ​ពី​សេដ្ឋកិច្ចពិភពលោក គឺ​ប្រទេស​អាមេរិក និង​ចិន​ត្រូវបាន​ចាត់ទុកថា​មាន​កម្លាំង​សេដ្ឋកិច្ច​នាំមុខគេ ប៉ុន្តែ​ប្រសិនបើ​នៅក្នុង​តំបន់​អាស៊ី គឺ​ក្រៅពី​ប្រទេស​ចិន ជប៉ុន និង​កូរ៉េ គឺ​គេ​អាច​និយាយថា ប្រ​​ទេស​ឥណ្ឌា​ដែល​កំពុងមាន​កំណើនសេដ្ឋកិច្ច​កាន់តែខ្លាំង និង​រីក​មាឌ​កាន់តែ​លឿន​នៅពេល​ខាងមុខ​»​។​

​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃទី​ ២២ ខែធ្នូ ២០២២ ឱ្យដឹងថា ក្រៅពី​ទទួល​បាន​ភាពអនុគ្រោះ​ពន្ធ កម្ពុជា​ក៏​នឹង​ទទួលបាន​អត្ថប្រយោជន៍​បន្ថែម​ពី​កិច្ច​ព្រមព្រៀង​នេះ មាន​ជាអាទិ៍ ការផ្ទេរ​បច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និង​ជំនាញ​ថ្មីៗ​ពី​ការវិនិយោគ​ផ្ទាល់​របស់​បរទេស ព្រមទាំង​បង្កើត​ការងារ​ថ្មីៗ​។ កិច្ចព្រមព្រៀង​នេះ​ក៏​នឹង​ជួយ​ជំរុញ​កំណើន​ការនាំចេញ និង​កំណើន​ផលទុន​សរុប​ក្នុងស្រុក ព្រមទាំង​ជួយ​ស្ដារ ឡើងវិញ​នូវ​សេដ្ឋកិច្ច​របស់​ប្រទេស​បាន​ឆាប់រហ័ស ក្រោយ​ទទួលរង​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ​ ១៩​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង និយាយថា RCEP ព្រមទាំង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ផ្សេងទៀត​ដែល​កម្ពុ​ជាមាន​ជាមួយ​ប្រទេស​ផ្សេងៗ គឺជា​ឈ្នាន់​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឱ្យ​កាន់តែ​រីក​ចម្រើន ហើយ​កម្ពុជា​ត្រូវធ្វើ​យ៉ាងណា​ទាញយក​ផលប្រយោជន៍​ពី​កិច្ច​ព្រម​​ព្រៀង​ទាំងនេះ​ឱ្យ​បានជា​អតិបរមា​។ លោក​បន្តថា ទោះបីយ៉ាងណា​ដោយ​សារ​តែ RCEP ជា​កិច្ចព្រមព្រៀង​តំបន់ ដូច្នេះ​កម្ពុជា​ក៏មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ផងដែរ ជាពិសេស​ត្រូវ​ប្រកួត​ប្រ​ជែង​ជាមួយនឹង​ប្រទេសជិតខាង​ដែល​នាំចេញ​ផលិតផល​កសិកម្ម​ដូចជា​វៀតណាម និង​ថៃ​។​

​លោក​និយាយថា​៖ «​កសិកម្ម គឺជា​ទំនិញ​សំខាន់ និង​ចាំបាច់ ដែល​យើង​ទទួលបាន​ភាពអនុគ្រោះ​ក្នុង​កិច្ច​ព្រម​ព្រៀង RCEP ដូចនេះ​ក្រៅពី​ការនាំ​ចេញ​វត្ថុធាតុដើម​កសិកម្ម​ហើយ យើង​ក៏ត្រូវ​ចេះ​កែច្នៃ​វត្ថុធាតុដើម ដែល​យើង​មាន​ផងដែរ​»​។​

​កិច្ចព្រមព្រៀង RCEP គ្របដណ្តប់​ប្រជាជន​ប្រមាណ ​២,២​ ពាន់​លាន​នាក់ ឬ ​៣០​ ភាគរយ​នៃ​ប្រជាជន​ពិភពលោក និង​មាន​ទំហំ​ផលិតផល​ក្នុងស្រុក​សរុប​ប្រមាណ ២៦,២ ​ទ្រី​លាន​ដុល្លារ ឬ​ ៣០ ​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក​៕