​ភ្នំពេញៈ កំពង់ផែ​ស្វយ័ត​ភ្នំពេញ (PPAP) ដែលជា​ក្រុមហ៊ុន​រដ្ឋ​ចុះបញ្ជី​នៅលើ​ផ្សា​រមូល​ប​ត្រ​កម្ពុជា ​(CSX) បានបង្ហាញ​ពី​ការធ្លាក់ចុះ​នៃ​ប្រាក់ចំណូល​ពី​អាជីវកម្ម​របស់ខ្លួន​នៅក្នុង​ឆមាស​ទី​១​ ឆ្នាំនេះ ដោយសារតែ​ភាពមិន​អំណោយផល​នៃ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក និង​ដោយសារតែ​ការបន្ត​អូសបន្លាយ​ពេល​នៃ​សង្គ្រាម​រវាង​រុស្ស៊ី​និង​អ៊ុយ​ក្រែ​ន​ប៉ះពាល់​ដល់​តម្រូវការ​ស​កល​។​

​យោងតាម​របាយការណ៍​របស់ PPAP ផ្ញើរ​ទៅកាន់ CSX កាលពី​ថ្ងៃទី​១៧​ខែកក្កដា ប្រតិបត្តិ​ករ​កំពង់ផែ​ទន្លេ​មួយ​នេះ​បានបង្ហាញ​នូវ​ប្រាក់ចំណូល​ក្នុង​ឆមាស​ទី​១​កន្លងមកនេះ​ធ្លាក់ចុះ​១៩​ភាគរយ ដោយ​សម្រេចបាន​ប្រមាណ​ជាង ១៧,៩២៥​លាន​ដុល្លារ ធ្លាក់​ពី​ជាង​២២,២៦២​លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២២​។


​របាយការណ៍​ដដែល​បាន​បង្ហាញថា សម្រាប់​ចំណូល​សរុប​នេះ គឺ​ចំណូល​ពី​ប្រតិបត្តិការ​ផែ (Port Operation) សម្រេចបាន​ជាង ១៣,៥៦០ ថយចុះ​១៧​ភាគរយ​; ចំណូល​ពី​អាជ្ញាធរ​ផែ (Port Authority) សម្រេចបាន​ជាង ២,២៦៦​លាន​ដុល្លារ ដោយបាន​កើនឡើង​១០​ភាគរយ​; ចំណូល​ពី​សេវាកម្ម​ផ្សេងៗ (Other services) សម្រេចបាន ៤៩៧ ១៩១ កើនឡើង ១៧៥ ភាគរយ​; ចំណូល​ផ្សេងៗ (other income) សម្រេចបាន​ជាង ១,៦០១ ធ្លាក់ចុះ​៥៦​ភាគរយ​។​

​លោកស្រី គឹម សុ​ផានី​តា នាយក​ផ្នែក​ទីផ្សារ​នៃ CSX បាន​និយាយ​មកកាន់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​១៨ ខែកក្កដា​ថា កំណើន​យឺត​នៃ​ប្រតិបត្តិការ​របស់​ផែ​គឺ​គ្រាន់តែ​រយៈពេល​ខ្លី​តែប៉ុណ្ណោះ និង​មិន​បង្ក​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ប្រតិបត្តិការ​ទាំងមូល​រប​ស់​ផែ​ឡើយ​។​


​លោកស្រី​បានលើកឡើង​ថា​៖ «​ខ្ញុំ​យល់ឃើញថា វា​ជាការ​ថមថយ​នៃ​ប្រាក់ចំណូល​រយៈពេល​ខ្លី​តែប៉ុណ្ណោះ ដូច្នេះ​វិនិយោគិន​គួរ​តាមដាន​នូវ​ប្រតិបត្តិការ​ជារួម​របស់​ក្រុមហ៊ុន​ទាំងមូល​ទើប​ដឹង​ច្បាស់​។ លើសពីនេះទៅទៀត ក្រុមហ៊ុន​នេះ​ក៏​គួរ​បង្ហាញ​នូវ​ផែនការ និង​ការរំពឹងទុក​របស់ខ្លួន​នៅ​ត្រីមាស​បន្ទាប់​ឬ​សម្រាប់​១​ឆ្នាំនេះ​តែម្តង​»​។

​យោងតាម​ឯកសារ​របស់​កំពង់ផែ​ផ្ញើ​ទៅ CSX ​នៅ​ថ្ងៃទី​១០​ខែមករា បានឱ្យដឹងថា កំពង់ផែ​នេះ​បានទទួល​នាវា​ដឹកទំនិញ​ចំនួន​៣ ៧៨៣​គ្រឿង​នៅ​កំពង់ផែ​របស់ខ្លួន​ក្នុង​ឆ្នាំ​២០២២​កើនឡើង​៦៤,៣៤​ភាគរយ​ពី​ចំនួន​២ ៣០២ ដែល​បាន​កត់ត្រា​ក្នុង​ឆ្នាំ​២០២១​។​

​ទន្ទឹមនឹងនោះ ការដឹកជញ្ជូន​ប្រេង ឧស្ម័ន និង​ទំនិញ​បាន​កើនឡើង​៥,១៦​ភាគរយ​ដល់​៤,០៤៤​លាន​តោន ហើយ​ការដឹកជញ្ជូន​តាម​កុងតឺន័រ​កើនឡើង ១៩,៧២​ភាគរយ​ដល់​៤១៧,៦៩៦TEUs (​ទំហំ​ឯក​តា​២០​ហ្វ៊ី​ត​) ។​

TEU គឺជា​ឯក​តា​នៃ​សមត្ថភាព​ដឹកទំនិញ​ដែល​មិន​ជាក់លាក់​ដែល​ប្រើ​ក្នុង​ឧស្សាហកម្ម​ដឹកជញ្ជូន​ប្រហែល​ស្មើនឹង​កុងតឺន័រ​ដែលមាន​វិមាត្រ​ខាងក្នុង​ដែលមាន​ប្រវែង​ប្រហែល ២០​ហ្វ៊ី​ត ទទឹង ៨​ហ្វ៊ី​ត និង​កម្ពស់​៨,៥​ហ្វ៊ី​ត ឬ​បរិមាណ​ប្រហែល ៣៨,៥​ម៉ែត្រគុប​។​

PPAP​ក៏បាន​កត់សម្គាល់​ផងដែរ​ថា នាវា​ដឹក​អ្នកដំណើរ​ចំនួន​១០៩​គ្រឿង​ដែល​ផ្ទុក​មនុស្ស​ចំនួន​៦ ៩៤៧​នាក់​បាន​ចូល​ចត​នៅ​កំពង់ផែ​របស់ខ្លួន​ក្នុង​ឆ្នាំ​២០២២​កើនឡើង​ពី​០ ក្នុង​ឆ្នាំ​២០២១​។​

​កាលពីមុន​PPAP បាន​រាយការណ៍​ពី​ប្រាក់ចំណូល​បាន​ពី​សកម្មភាព​អាជីវកម្ម​ជាង​៣៧​លាន​ដុល្លារ​នៅក្នុង​រយៈពេល​១១​ខែ​ឆ្នាំមុន​កើនឡើង​២២​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​បើ​ធ្វើការ​ប្រៀបធៀប​កាលពី​ឆ្នាំមុន​PPAP បាន​រាយការណ៍​ពី​ប្រាក់ចំណេញ​សុទ្ធ​ចំនួន​១២,៧​លាន​ដុល្លារ កើនឡើង​២៩​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០២០​និង​កុងតឺន័រ​ឆ្លងកាត់​មាន​ចំនួន ៣៤៨ ៨៩៨ TEUs​កើនឡើង​ជិត​២០,០​ភាគរយ​ពី​ចំនួន ២៩០ ៨៥៧ TEUs ក្នុង​ឆ្នាំ​២០២០ ៕