ភ្នំពេញៈ កម្ពុជាសម្រេចបានការនាំចេញបន្លែចម្រុះគ្រប់ប្រភេទទៅកាន់ទីផ្សារក្រៅប្រទេសក្នុងបរិមាណ ១២១,១៩ តោន នៅក្នុងឆមាសទី១ ឆ្នាំ ២០២៣ នេះ ដែលមានការកើនឡើង ១៥០,៣៩ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២២។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កំណើននៃការកែច្នៃកសិផលបានជួយស្រូបយកវត្ថុធាតុដើមក្នុងស្រុក ដោយបានចូលរួមចំណែកបង្កើនតម្លៃបន្ថែមដល់ខ្សែចង្វាក់តម្លៃដំណាំ ក្នុងនោះក៏មានដំណាំបន្លែនេះផងដែរ។
លោក ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុនត្រូពិកខេមផ្គត់ផ្គង់បន្លែនិងផ្លែឈើ បានឱ្យដឹងនៅថ្ងៃទី១៩ ខែកក្កដាថា ការនាំចេញបន្លែចម្រុះ ជាប្រភេទបន្លែគ្រឿងទេស មានដូចជា ប្រភេទជីរ ម្ទេស រំដេង ល្មៀត ខ្ជាយ ជាដើម មានប្រភេទបន្លែដែលមានតម្លៃ ងាយស្រួលក្នុងការដឹកជញ្ជូនទៅក្រៅប្រទេស ដោយកំណើនជាង១៥០ភាគរយនេះ ដោយសារតែនេះជាដំណាក់កាលនៃការសាកល្បងរបស់កម្ពុជាក្នុងការនាំបន្លែទាំងនៅទីផ្សារអន្តរជាតិ។
លោកបានបន្ថែមថា ក្រុមហ៊ុនលោកបាននាំចេញសាកល្បងប្រភេទបន្លែគ្រឿងទេសនេះ ទៅកាន់ប្រទេសកូរ៉េខាងត្បូងរួចហើយ ឃើញថា ទទួលបានការចាប់អារម្មណ៍ពីអតិថិជនក្នុងប្រទេសនេះ ខណៈដែលបច្ចុប្បន្នក្រុមហ៊ុនលោកកំពុងតែសិក្សាលម្អិត ដើម្បីនាំចេញទៅកាន់ប្រទេសក្នុងតំបន់អឺរ៉ុប ដែលត្រូវដឹកតាមជើងយន្តហោះ។
លោក ហ៊ុន ឡាក់ បានបញ្ជាក់ថា៖«បច្ចុប្បន្នយើងមិនទាន់អាចនាំចេញបន្លែណាផ្សេងបានក្រៅពីប្រភេទបន្លែគ្រឿងទេស ដែលមានដូចជា ប្រភេទជីរ ម្ទេស រំដេង ល្មៀត ខ្ជាយ ជាដើមបានទេ ដោយសារតែបន្លែប្រភេទនេះមានតម្រូវការខ្ពស់ ជាប្រភេទបន្លែមានតម្លៃនៅទីផ្សារអន្តរជាតិ ងាយស្រួលទុកដាក់ និងដឹកជញ្ជូន ។រីឯបន្លែផ្សេងទៀត ដូចជាបន្លែស្លឹក បន្លែដើម ឬមើមជាដើមយើងមិនអាចនាំចេញទៅបានទេ ព្រោះបន្លែប្រភេទនេះមិនសូវមានតម្លៃទេលើទីផ្សារ»។
បើតាម ហ៊ុន ឡាក់ បច្ចុប្បន្ននេះ ក្រុមហ៊ុនត្រូពិកខេមផ្គត់ផ្គង់បន្លែនិងផ្លែឈើ កំពុងតែយកចិត្តទុកដាក់ និងប្រឹងប្រែងផលិតបន្លែផ្លែឈើ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឱ្យបានតាមតម្រូវការសិន ព្រោះថា កំណើននៃតម្រូវការបន្លែសុវត្ថិភាព សម្រាប់បរិភោគមានការកើនឡើង ដែលតម្រូវឱ្យក្រុមហ៊ុនពង្រីកខ្សែចង្វាក់ផ្គត់ផ្គង់ និងការដឹកជញ្ជូន។ បច្ចុប្បន្ន ក្រុមហ៊ុនបានរៀបចំផ្ទះសំណាញ់ ដើម្បីដាំដុះបន្លែសុវត្ថិភាពនៅតាមបណ្តាខេត្តមួយចំនួនដូចជា កណ្តាល កំពង់ចាម និងមណ្ឌលគិរីជាដើម។
អគ្គនាយកប្រតិបត្តិក្រុមហ៊ុនអាហ្គ្រីប៊ីAgribee (Cambodia) លោក យ៉ង ប៉ាក់ បានថ្លែងថា តាមការកត់សម្គាល់ឃើញថា បន្លែដែលបានដាំដុះនៅក្នុងស្រុក ហើយត្រូវបាននាំចេញទៅស្រុកក្រៅ ដោយសារតែទទួលបានតម្លៃល្អជាងការលក់ក្នុងស្រុក ជាពិសេសការវេចខ្ចប់សម្រាប់នាំចេញទៅចិន និងអឺរ៉ុប។
លោកបានបន្ថែមថា ក្រៅពីការនាំចេញ កម្ពុជាក៏បានផលិតបន្លែសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកផងដែរ ដូចជា ប្រភេទបន្លែស្លឹក បន្លែដើម និងប្រភេទបន្លែមើមបានខ្លះដែរ។ ក្រៅពីនេះបន្លែខ្លះទៀត ត្រូវនាំចូលពីវៀតណាម ដើម្បីបំពេញតម្រូវការ ដោយសារតែផលិតក្នុងស្រុកមិនសូវបាន ហើយកម្ពុជាក៏បាននាំចេញបន្លែខ្លះទៅវៀតណាមវិញដែរ ដែលជារឿងធម្មតាទេ ដែលប្រទេសជិតខាងត្រូវផ្គត់ផ្គង់ឱ្យគ្នាទៅវិញទៅមក។
លោកបានបញ្ជាក់ថា៖ «ដើម្បីជំរុញឱ្យការផ្គត់ផ្គង់បន្លែក្នុងស្រុកមានគ្រប់គ្រាន់តាមតម្រូវការ និងជំរុញការនាំចេញទៅក្រៅប្រទេសថែមទៀត ស្ថាប័នពាក់ព័ន្ធគួរគិតគូរដល់ការរៀបចំកន្លែងកែច្នៃ និងឃ្លាំងសម្រាប់ស្តុកទុកបន្លែឱ្យបានយ៉ាងហោចណាស់១ខេត្ត១។
ពង្រឹកសហគមន៍កសិកម្មដែលដាំដុះបន្លែដោយពង្រឹងការយល់ដឹងពីការដាំដុះបន្លែតាមបែបបច្ចេកទេសប្រកបដោយសុវត្ថិភាព»។
លោកបានបន្ថែមថា បញ្ហាដើមទុន ក៏ជារឿងចាំបាច់ដែលត្រូវគិតគូរផងដែរ ដោយមួយរយៈចុងក្រោយនេះ លោកបានមើលឃើញថា ខាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ,ធនាគារSME និងធនាគារពាណិជ្ជមួយចំនួនទៀត បានគិតគូរច្រើនដល់ការជួយកសិករលើវិស័យដាំដុះនេះច្រើនដែរ។ ទោះជាបែបនេះក្តី លោកថ្លែងថា សម្រាប់វិស័យបន្លែ កម្ពុជាគួរមានកសិករខ្នាតធំ (Enterprise Farmer) ដែលមានការដាំដុះបន្លែក្នុងទំហំធំចន្លោះពី៥០ទៅ១០០ហិកតា ខណៈស្ថានភាពភូមិសាស្ត្រមានលក្ខណៈអំណោយផង ដើម្បីជំរុញការផ្គត់ផ្គង់ក្នុងស្រុកបានគ្រប់គ្រាន់ និងបង្កើនការនាំចេញ៕