ភ្នំពេញៈ កាណាឌីយ៉ា ដែលជា​ធនា​គារ​ពាណិជ្ជ​ឈានមុខ​មួយ​នៅ​កម្ពុជា គ្រប់គ្រង​ដោយ​វិនិយោគិន​ក្នុងស្រុក បាន​ចូលរួម​ជាមួយ​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា ​(CGCC)​ លើ​កិច្ច​ព្រម​ព្រៀង​គម្រោង​ធានា​ឥណទាន​ជា​កញ្ចប់​ ដើម្បី​ផ្តល់​ការធានា​ឥណទាន​លើ​កម្ចី​ដែល​ផ្តល់ឱ្យ​សហគ្រាស​មីក្រូ ធុន​តូច និង​មធ្យម (MSMEs) សម្រាប់​គាំទ្រ​ដល់​ការពង្រីក​អាជីវកម្ម និង​និរន្តរភាព​របស់​ពួកគេ​។​

​ធនាគារ​មួយ​នេះ​សម្រេចបាន​កិច្ច​ព្រមព្រៀង​មួយ​លើ​គម្រោង​ធានា​ឥណ​ទាន​ជា​កញ្ចប់​ជាមួយ CGCC កាលពី​ថ្ងៃទី​ ១៧ ខែកក្កដា ក្នុង​គោលបំណង​គាំទ្រ​ដល់ MSMEs ក្នុង​ការទទួល​បាន​កម្ចី​ដែលមាន​ការធានា បាន​ឆាប់​​រហ័ស និង​ងាយស្រួល​ពី​ធនាគារ​កា​​ណា​ឌី​យ៉ា ទោះបី​មិនមាន​ទ្រព្យ​ធានា​គ្រប់គ្រាន់ សម្រាប់​ទាំង​ដើមទុន​បង្វិល និង​ការវិនិយោគ ឬ​ពង្រីក​អាជីវកម្ម សំដៅ​ចូលរួមចំណែក​គាំទ្រ​ដល់​កំ​ណើ​ន​សេដ្ឋកិច្ចកម្ពុជា​។​


​ក្រោម​គម្រោង​នេះ ធនាគារ​កា​ណា​ឌី​យ៉ា អាច​បញ្ចេញ​កម្ចី​ដែល​ត្រូវ​តាម​លក្ខខណ្ឌ ដែល​ភាគី​ទាំង​ ២​ បាន​ព្រម​ព្រៀង​គ្នា ដោយ​មិនចាំបាច់​ស្នើសុំ​ការ​អនុម័ត​ការធានា​ឥណទាន​ពី CGCC លើ​កម្ចី​ម្តង​មួយៗ​។​

​លោក Raymond Sia នាយក​ប្រ​​តិ​ប​ត្តិ ធនាគារ កាណាឌីយ៉ា បាន​ថ្លែង ក្នុង​ពិធី​ចុះហត្ថលេខា​នេះ​ថា ភាពជា​ដៃគូ​នេះ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​ធនា​គារ​ក្នុង​ការគាំទ្រ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅក្នុង​ស្រុក​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ពួកគេ និង​ធ្វើឱ្យ​ពួកគេ​មាន​និរន្តរភាព​។​


​លោក​ថ្លែងថា​៖ «​យើងខ្ញុំ​មាន​ក្តី​រីក​រាយ​ខ្លាំង​ដែល​បាន​ពង្រឹង​ភាពជា​ដៃគូ​ជាមួយនឹង​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា ​(CGCC)​ ដើម្បី​បន្ត​ការប្តេជ្ញាចិត្ត​របស់​យើង​ក្នុង​ការជួយ​ដល់​កំណើន​នៃ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​។ ជាមួយនឹង​កិច្ចព្រមព្រៀង​នេះ កាណាឌីយ៉ា មាន​សុទិដ្ឋិនិយម​ថា​ម្ចាស់​សហគ្រាស​ធុន​តូច និង​មធ្យម​នឹង​កាន់​តែមាន​ភាពងាយស្រួល​ក្នុង​ការទទួល​បាន​ហិរញ្ញប្បទាន​ប្រកបដោយ​ចីរភាព ដើម្បី​ពង្រឹងសមត្ថភាព ពង្រីក​ចង្វាក់​ផលិតកម្ម​នៃ​អាជីវកម្ម​របស់​ពួកគាត់​ឱ្យ​កាន់តែ​មានការ​រីកចម្រើន​»​។​

​លោក Wong Keet Loong អគ្គ​នាយក​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា ​(CGCC)​ បានឱ្យដឹងថា គម្រោង​ធានា​ឥណទាន​ជា​កញ្ចប់​ (PGS) នេះ​ផ្តោត​ជាពិសេស​សម្រាប់​អាជីវកម្ម​លក់រាយ និង​បោះ​ដុំ​។ គម្រោង​នេះ​បង្កើតឡើង​ដើម្បី​ពង្រីក​ការផ្តល់​កម្ចី​ជូន​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​វិស័យនេះ ដើម្បី​អភិវឌ្ឍ​អាជីវកម្ម​កាន់តែ​រីកចម្រើន​។

​លោក​ថ្លែងថា​៖ «​កាណាឌីយ៉ា គឺជា​គ្រឹះស្ថាន​ដ៏​សកម្ម​មួយ​ក្នុងការ​ផ្តល់​កម្ចី​ដែលមាន​ការធានា​ច្រើនជាងគេ​របស់ CGCC ហើយ​ភាពជា​ដៃគូ​នេះ​នឹង​កាន់តែ​ពង្រឹង​ជំហរ​របស់​ធនាគារ កា​ណា​ឌី​យ៉ា​ក្នុងនាម​ជា​ស្ថាប័ន​ដែល​គួរ​ជាទី​ទុកចិត្ត និង​ជា​ប្រភព​ផ្តល់​ហិរញ្ញ​ប្ប​ទាន​ប្រកបដោយ​ទំនុកចិត្ត​សម្រាប់​អាជីវកម្ម​ដែល​ស្ថិតក្នុង​វិស័យនេះ​។ កិច្ចសហការ​នេះ​នឹង​កាន់តែ​ពង្រឹង​ការ​ប្តេជ្ញាចិត្ត​របស់​យើង​ក្នុងការ​បង្កើន​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង​លើកស្ទួយ​ការរីកចម្រើន​ប្រកបដោយ​និរន្តរភាព​របស់ MSMEs»៕