​ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា ​(NBC) ​នឹង​រៀបចំ​ដាក់ឱ្យ​ដេញថ្លៃ​ប្រតិបត្តិ​​ការផ្ដល់​សន្ទនីយ​ភាព​ដោយមាន​ការ​ធានា ​(LPCO) លើក​ទី១៣៤ របស់ខ្លួន​នៅ​ថ្ងៃទី ​២៥ ខែកក្កដា​ខាងមុខ​ជា​​មួយ​នឹង​ទឹកប្រាក់​ចំនួន ៩០ ​ពាន់​លាន​រៀល​ (២២​លាន​ដុល្លារ​) ផ្តល់ជូន​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​កម្ពុជា​ដែល​ត្រូវការ​សន្ទនីយ​ភាពជា​ប្រាក់រៀល​។​

​ការដេញថ្លៃ​នឹងធ្វើ​ឡើងជា ៣ ​ប្រភេទ​លើ​កិច្ចព្រមព្រៀង​ទិញ​វិញ (repos) ដែលមាន​កាលបរិច្ឆេទ​ឥណប្រតិទាន ៩១ ​ថ្ងៃ ជាមួយ​ទឹកប្រាក់ ​១៥​ ពាន់​លាន​រៀល​, សម្រាប់​ឥណប្រតិទាន ១៨២​ ថ្ងៃ​ជាមួយ​ទឹកប្រាក់​ចំនួន ៦០​ ពាន់​លាន​រៀល​, និង​សម្រាប់​ឥណប្រតិទាន ៣៦៤​ ថ្ងៃ ជាមួយ​ទឹកប្រាក់​ចំនួន ១៥​ ពាន់​លាន​រៀល​។​


NBC ដាក់ចេញ​នូវ​យន្តការ LPCO របស់ខ្លួន​តាំងពី​ខែតុលា ឆ្នាំ​ ២០១៦ ដើម្បី​បម្រើ​ជា​ឧបករណ៍​ហិរញ្ញវត្ថុ​ក្នុងការ​បង្កើន​សន្ទនីយ​ភាព​រូបិយប័ណ្ណ​ក្នុងស្រុក​ដែលជា​វិធានការ​មួយ​សម្រាប់​ការបង្កើត​អត្រា​ការប្រាក់​គោល​។​

​ស្ថិតក្រោម​គម្រោង LPCO ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា អាច​ខ្ចីប្រាក់​ជា​ប្រាក់រៀល​ពី​ធនាគារ​កណ្តាល​ក្នុង​អត្រា​ការប្រាក់​ទាប​ដោយ​ប្រើប្រាស់​បណ្ណ​ប្រាក់​បញ្ញើ​អាច​ជួញដូរ​បាន ​(NCDs) ជា​ទ្រព្យ​បញ្ចាំ​។ NBC ផ្តល់ប្រាក់​កម្ចី​អន្តរ​ធនាគារ​រយៈពេល​ខ្លី​តាមរយៈ​ប្រតិបត្តិការ​ទីផ្សារ​បើកចំហ​ដែល​ធ្វើ​ឡើងជា​ទៀងទាត់​។​


​លោកស្រី ជា សិរី ទេសាភិបាលរង NBC បាន​ថ្លែង​កាលពីមុន​ថា គោល​បំ​ណង​នៃ LPCO គឺ​ដើម្បី​បង្កើត​អត្រា​គោល​សម្រាប់​ទីផ្សារ​ក្នុងការ​បម្រើ​ដល់​ការអនុវត្ត​គោលនយោបាយ​រូបិយវត្ថុ​ដោយ​ផ្អែកលើ​យន្តការ​ទីផ្សារ​ដើម្បី​លើកកម្ពស់​បណ្ណ​ប្រាក់​បញ្ញើ​អាច​ជួញ​ដូរ​បាន​បន្ទាប់មក​ត្រូវបាន​ប្រើប្រាស់​ជា​ទ្រព្យ​បញ្ចាំ​ក្នុង​ប្រតិបត្តិការ​ទីផ្សារ​អន្តរ​ធនាគារ ក្នុងការ​លើកកម្ពស់​កា​រ​ប្រើប្រាស់​ប្រាក់រៀល​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម និង​រួមចំណែក​កាត់បន្ថយ​អត្រា​ការប្រាក់​ខ្ពស់​នាពេល​បច្ចុប្បន្ន​ជា​ប្រាក់រៀល​។​

​លោកស្រី​បាន​ថ្លែងថា​៖ «​តាមរយៈ​ឧបករណ៍​នេះ ធនាគារជាតិ​នៃ​កម្ពុជា សង្ឃឹមថា​វា​នឹងមាន​ឥទ្ធិពល​លើ​អត្រា​ការប្រាក់​នៅក្នុង​ទីផ្សារ​ចាប់តាំងពី ធនាគារជាតិ​នៃ​កម្ពុជា​ចេញ​ប្រាក់រៀល​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនា​គារ​ពាណិជ្ជ​សម្រាប់​ប្រតិបត្តិ​ការផ្តល់​ប្រាក់កម្ចី​របស់​ពួកគេ ហើយ​ប្រសិន​បើ​ទទួលបាន​ជោគជ័យ វា​នឹង​បន្ថែម​ភាពងាយស្រួល​ដល់​ការគ្រប់គ្រង​វិស័យ​ធនាគារ​កម្ពុជា​»​។​

​លោកស្រី​លើកឡើងថា​៖ «​តម្រូវការ​ប្រាក់រៀល​នឹង​កើនឡើង​ដោយសារ​មាន​តម្រូវការ​កាន់តែច្រើន​នៅលើ LPCO ខណៈ​ធនាគារជាតិ​នៃ​កម្ពុជា​អាច​ស្រូបយក​រូបិយប័ណ្ណ​ដុល្លារ​កាន់​តែ​ច្រើន និង​បញ្ចេញ​រូបិយប័ណ្ណ​ប្រាក់​រៀល​កាន់តែច្រើន​ដល់ទី​ផ្សារ​»​។​

​អំឡុងពេល​នៃ​ការរីក​រាលដាល​កូ​វីដ​ ១៩ នា​ខែមីនា ឆ្នាំ​ ២០២០ NBC​ ក៏បាន​កាត់បន្ថយ​អត្រា​ការប្រាក់​លើ LPCO ដើម្បី​ផ្តល់​ប្រាក់កម្ចី​ដល់​គ្រឹះស្ថាន​ហិ​រញ្ញ​វត្ថុ​ជា​រូបិយប័ណ្ណ​ក្នុងស្រុក​។​

​អត្រា​ការប្រាក់​របស់ LPCO ត្រូវបាន​កាត់បន្ថយ​ម​ក​ត្រឹម ២,៥ ​ភាគរយ​ក្នុង​ ១ ​ឆ្នាំ ​(​ពី ៣ ​ភាគរយ​)​ចំនួន ២,៣ ​ភាគ​រយ​ក្នុង​រយៈពេល ៦​ ខែ ​(​ពី ២,៨ ភាគ​រយ​) និង​ចំនួន ២,១​ ភាគរយ​សម្រាប់​រយៈពេល ៣ ​ខែ ​(​ពី ២,៦​ ភាគរយ​)​។​

​លោក តូច ចៅ​ចេក អគ្គនាយក​ធនាគារ​ប្រៃសណីយ៍​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​១៩ ខែកក្កដា​ថា លោក​បាន​ចូលរួម​ក្នុងការ​ដេញថ្លៃ​ជា​ច្រើនលើក​លើ PLCO ព្រោះ​វា​មាន​ប្រ​យោជន៍​ខ្លាំងណាស់​សម្រាប់​ធនាគារ​លោក​ដែល​ប្រឈម​នឹង​កង្វះ​រូបិយ​ប័ណ្ណ​ក្នុងស្រុក​ជា​សន្ទនីយ​ភាព​។​

​លោក​ថ្លែងថា​៖ «LPCO គាំទ្រ​យើង​នូវ​ប្រភព​នៃ​មូលនិធិ​ជា​រូបិយប័ណ្ណ​ក្នុងស្រុក ដូចដែល​វា​តម្រូវ​ដោយ​និយតករ​របស់​យើង​ដើម្បី​បញ្ចេញ​យ៉ាងហោចណាស់ ១០ ​ភាគរយ​នៃ​ប្រាក់កម្ចី​ជា​រូបិយប័ណ្ណ​ក្នុងស្រុក​។ នោះ​ហើយ​ជា​មូល​ហេតុដែល LPCO គឺជា​ឧបករណ៍​ហិរញ្ញវត្ថុ​ចាំបាច់​សម្រាប់​យើង ដោយ​សារ​យើង​ទទួលបាន​ប្រាក់​បញ្ញើ​ច្រើន​ពី​អតិថិជន​ជា​ប្រាក់​ដុល្លារ​»​។​

​បើតាម​របាយការណ៍​ប្រចាំឆ្នាំ​របស់ ​NBC ការដេញថ្លៃ LPCO ត្រូវបាន​ធ្វើឡើង​ចំនួន ២៤ ​លើក ស្មើនឹង ១,៥ ទ្រី​លាន​វៀល​កាលពី​ឆ្នាំ​ ២០២២៕