ភ្នំពេញៈ ​រដ្ឋាភិបាល​កម្ពុ​ជា​កំពុង​សិក្សា​ក្នុងការ​បង្កើត​ផ្លូវ​រថភ្លើងធុន​ស្រាល ​ដើម្បី​សម្រួល​ដល់​ការ​ដឹក​អ្នកដំណើរ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ថ្មី​ដែល​បាន​កំពុង​សាងសង់​ជិត​រួចរាល់​ជា​ស្ថាពរ​និង​គ្រោង​ដាក់ឱ្យ​ដំ​ណើ​រការ​ជា​ផ្លូវការ​នា​ខែតុលា​ខាង​មុខ​នេះ​។ នេះ​បើ​យោងតាម​ការ​លើកឡើង​របស់​មន្ត្រីជាន់ខ្ពស់​​កម្ពុជា​។​

​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​កាលពី​ពេល​ថ្មីៗ​នេះ​ថា ស្រប​ពេលដែល​ព្រលានយន្តហោះ​សៀមរាប​ថ្មី​គ្រោង​នឹងដាក់​ឱ្យ​ដំណើរការ​នា​ខែតុលា​ខាង​មុខ​នេះ រដ្ឋាភិបាល​កំពុងធ្វើកា​រ​សិក្សា​លើ​ការសាងសង់​ផ្លូវ​រថភ្លើង​ធុន​ស្រាល​ភ្ជាប់​ពី​ព្រលាន​មកដល់​ក្រុង​សៀមរាប​ដើម្បី​ផ្តល់​ជម្រើស​ដល់​អ្នកធ្វើដំណើរ​។​


​លោក​បាន​ថ្លែង​បញ្ជាក់ថា​៖ «​យើង​កំពុង​កសាង​ព្រលានយន្តហោះ​ថ្មី​នៅ​សៀមរាប ដូច្នេះ​យើង​កំពុង​សិក្សា​ផ្លូវ​រថភ្លើង​ធុន​ស្រាល​ថ្មី​មួយ​នៅ​ព្រលាន​យន្តហោះ​ខេត្តសៀមរាប​ទៅ​ក្រុង​​សៀមរាប​។ បន្ថែម​ពី​នោះ ព្រលាន​យន្តហោះ​ខេត្តសៀមរាប​បាន​សាងសង់​ចប់​រួចរាល់​ហើយ​ដែល​នឹងដាក់​សម្ពោធ​ឆាប់​នា​ខែតុលា​ខាងមុខនេះ ហើយ​ក្រុមហ៊ុន​សាងសង់​ព្រលានយន្តហោះ​នោះ​ក៏បាន​សាងសង់​ផ្លូវ​ថ្មី​ភ្ជាប់​ពី​ព្រលាន​មក​ផ្លូវជាតិ​លេខ​ ៦A រួចរាល់​ផងដែរ​»​។

​លោក​ ធួន ស៊ីណាន ប្រធាន​សមាគម PATA Cambodia Chapter បាន​ថ្លែងប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ការបង្ក​លក្ខណៈ​ងាយស្រួល​នៃ​សេវា​ដឹកជញ្ជូន​ដល់​អ្នក​ដំណើរ​ពី​ព្រលាន​ទៅកាន់​ទីក្រុង​គឺជា​មធ្យោបាយ​មួយ​ដ៏​ល្អ​សម្រាប់​ផ្តល់​ជម្រើស​ដល់​អ្នកធ្វើដំណើរ​។​


​លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​គាំទ្រ​ឱ្យមាន​ការផ្តល់​ជម្រើស​ក្នុងការ​ធ្វើដំណើរ​នានា​ដ​ល់​អ្នកដំណើរ​ដើម្បី​បញ្ចៀស​ការកកស្ទះ​នានា​។ ការបង្កើតឱ្យមាន​ផ្លូវ​រថភ្លើង​ពី​ព្រលានយន្តហោះ​គឺជា​រឿង​មួយ​ដ៏​សំខាន់​ដោយសារតែ​ការធ្វើដំណើរ​តាម​រថភ្លើង​គឺ​នឹងមិន​មានការ​កកស្ទះ​ចរាចរណ៍​ឡើយ​»​។​

​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ ដែលមាន​ទុនវិនិយោគ​ប្រមាណ ១,១​ ពាន់​លាន​ដុល្លារ គ្រោង​នឹង​បើក​ដំណើរការ​នៅ​ខែតុលា​ខាងមុខ ខណៈ​ការសាងសង់​មកដល់ពេលនេះ​ស្ទើរ​បញ្ចប់​រួចរាល់​ទាំងស្រុង​ហើយ​។ នេះ​បើ​យោងតាម​ថ្នាក់ដឹកនាំ​នៃ​រដ្ឋលេខាធិការ​ដ្ឋា​ន​អាកាសចរ​ស៊ីវិល​។​

​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ បានចាប់ផ្តើម​សាងសង់​កាលពី​ខែមីនា ឆ្នាំ ២០២០ ដោយ​ក្រុមហ៊ុន Angkor International Airport Investment (Cambodia)Co., Ltd ។ លោក ស៊ីន ចាន់​សិរី​វុត្ថា អ្នកនាំពាក្យ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៩ ខែកក្កដា ថា គិត​ត្រឹម​ដំណាច់ខែ​មិថុនា ឆ្នាំ​ ២០២៣ ការងារ​សាងសង់​អាកាសយានដ្ឋាន​អន្តរ​​ជាតិ​សៀមរាប​អង្គរ សម្រេចបាន​ជាង ៩៨​ ភាគរយ​ហើយ ដោយ​គ្រោង​ដាក់ឱ្យ​ដំណើរការ​ហោះហើរ ចាប់ពី​ខែតុលា​។​

​លោក​ថ្លែងថា​៖ «​តាម​ការគ្រោងទុក អាកាសយានដ្ឋាន​អន្ដរជាតិ​សៀមរាប​​អង្គរ​ថ្មី គ្រោង​នឹងដាក់​សម្ពោធ​ជា​ផ្លូវការ​នៅ​ពាក់កណ្ដាល​ខែតុលា ឆ្នាំ ២០២៣ ក្រោម​អធិបតីភាព​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​»​។​

ក្នុង​ឆមាស​ទី​១ ឆ្នាំ ​២០២៣ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ ២,៥៧​ លាន​នាក់ កើនឡើង ៤០៩ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២២​។ ក្នុងនោះ​ផ្លូវអាកាស​មាន​ចំនួន ៩១ ​ម៉ឺន​នាក់ កើនឡើង ២៧៩ ​ភាគរយ ផ្លូវគោក ១,៦៣​ លាន​នាក់ កើនឡើង ៥២៦ ​ភាគរយ និង​ផ្លូវទឹក ៣​ ម៉ឺន​នាក់ កើនឡើង ៥៨៦ ​ភាគរយ​»៕