ភ្នំពេញៈ ក្រសួងកសិកម្ម និង​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា បានបង្ហាញ​ការ​ជឿជាក់ថា ចំប៉ីស​ ៧០ (CPS70)​ ដែលជា​ពូជស្រូវ​ថ្មី​បង្កាត់​ចេញពី​ពូជស្រូវ​កម្ពុជា​ដែល​ទទួល​បាន​ពានរង្វាន់​ចំនួន​ ៥ ​ដង ​គឺ​ពូជស្រូវ​ផ្ការំដួល​នោះ នឹងមាន​ចរន្ត​ទិញ​-​លក់ នៅ​ទីផ្សារ​នាពេល​ឆាប់ៗ​ខាងមុខ ខណៈ​បច្ចុប្បន្ន​ពូជស្រូវ​នេះ​កំពុង​ត្រូវបាន​ដាំ​ដុះ​យ៉ាង​យកចិត្តទុកដាក់​។ ការ​​រំពឹងទុក​នេះ បានបង្ហាញ​ឡើង​តាមរយៈ​វីដេអូ ដែល​ផ្សាយ​ចេញ​ដោយ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ​ ២០២៣​។

​តាម​រយៈ​វីដេអូ ដែលមាន​រយៈពេល​ជាង​ ៣ នាទី លោក ចា​ស្ទី​ន វ៉ា​យ​អេ​ត ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា បាន​លើកឡើងថា ប្រទេស​អូស្ត្រាលី​មាន​មោទន​ភាព ដែល​បានធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ CARDI ដើម្បី​អភិវឌ្ឍ​ពូជស្រូវ​ «​ចំប៉ីស​៧០»​ នេះ​ឡើង​។ លោក​បន្តថា «​ចំប៉ីស​៧០» គឺជា​ពូជ​មាន​ផលប្រយោជន៍​ជាច្រើន វា​ធន់​នឹង​ការប្រែប្រួល​អាកាស​ធាតុ ទឹកជំនន់ និង​គ្រោះ​រាំង​​ស្ងួត​ជាដើម ហើយ​វា​មានគុណ​ភាព​ខ្ពស់ រសជាតិ​ឆ្ងាញ់​។ ហេតុ​នេះ អូស្ត្រាលី ជឿជាក់ថា ពូជ​ស្រូវ ​«​ចំប៉ីស​៧០» នឹង​រួម​ចំ​​ណែ​ក​ចូលរួម​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​តាមរ​យៈ​ការផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​អន្តរជាតិ​ផងដែរ​។​


​លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានលើកឡើង​ដែរ​ថា ចំប៉ីស​ ៧០ គឺជា​ពូជស្រូវ​ថ្មី កើតចេញពី​ពូជស្រូវ​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​ ១ ចំនួន​ ៥​ ដង​គឺ​ពូជស្រូវ​ផ្ការំដួល​។ លោក​បន្តថា ក្នុងនាម​រាជរដ្ឋាភិបាល​សូម​ថ្លែងអំណរគុណ​អូស្ត្រាលី ដែល​បាន​គាំទ្រ​លើ​ការ​ស្រាវ​ជ្រាវ​ពូជស្រូវ​នេះ ពិសេស​លើ​ការគាំទ្រ​វិស័យ​កសិកម្ម​នាពេល​កន្លងមក​។​តាមរយៈ​កិច្ច​សហការ​នេះ លោក ឌិ​ត ទីណា ជឿជាក់​ដែរ​ថា វត្តមាន​ពូជស្រូវ​ថ្មី​នេះ នឹង​កាន់តែ​ទទួលបាន​ផ្លែផ្កា និង​មាន​ទីផ្សារ​កាន់តែខ្លាំង ហើយ​ធ្វើឱ្យ​ជីវភាព​របស់​ប្រជាកសិករ​កម្ពុជា​កាន់តែ​ប្រ​សើរ​ឡើង​។​

​លោកស្រី គីម ស្រីរ័ត្ន អនុ​រដ្ឋ​លេខាធិការ​ក្រសួងពាណិជ្ជកម្ម បានលើកឡើង​ដែរ​ថា ពូជស្រូវ ​«​ចំប៉ីស​ ៧០» ល្អ​ត្រង់​ថា ពូជ​ស្រូវ​ «​ចំប៉ីស ​៧០»​ មានការ​ដាំ​ដុះ មិន​ប្រកាន់​រដូវ ព្រមទាំង​ធន់​នឹង​ការប្រែប្រួល​អាកាស​​ធាតុ ហេតុនេះ​លោកស្រី​យល់ថា វា​នឹងមាន​សក្ដានុពល​អាច​ចូល​ទីផ្សារ​បាន​។​


​លោកស្រី​បន្តថា​៖ «​យើង​អាច​ផលិត​ពូជស្រូវ​ «​ចំប៉ីស​៧០»​ នេះ ២ ឬ​ ៣ ​ដង​ក្នុង​ ១ ​ឆ្នាំ ហើយ​វា​ជា​ប្រភេទ​ស្រូវ​ក្រអូប​ទទួលបាន​តម្លៃ​ខ្ពស់ជាង​ស្រូវ​-​អង្ក​រស​ធម្មតា ហើយ​អង្ករ​ចំប៉ីស​ ៧០​ នេះ ក៏​យើង​អាចបំពេញ​ទីផ្សារ​នៅ​ប្រទេស​អាស៊ាន​បានដែរ ដោយ​មិនចាំបាច់​ទៅ​ដណ្តើម​ទីផ្សារ​របស់​សែន​ក្រអូប ឬ​ផ្ការំដួល​ទេ​»​។​

​ក្រោម​កិច្ចសហការ​រវាង​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានដាក់​ឱ្យប្រើ​​ប្រាស់ ​«​ចំប៉ីស ​៧០»​ កាលពី​ខែ​មេសា​កន្លងទៅ ហើយ​បាន​ចែកចាយ​គ្រាប់​ពូជស្រូវ ដល់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​សហករណ៍​កសិកម្ម និង​ប្រជាកសិករ​។​

​ស្ថានទូត​អូស្ត្រាលី បាន​អះអាង​ដែរ​ថា «​ចំប៉ីស ​៧០»​ គឺជា​លទ្ធផល​ប្រកបដោយ​មោទន​ភាព​នៃ​កិច្ចសហការ​រវាង​ប្រទេស​​អូស្ត្រាលី និង​វិទ្យាស្ថាន​ស្រាវ​ជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា ហើយ​វា​ជា​ប្រភេទ​ពូជស្រូវ​មិន​ប្រកាន់​រដូវ ហើយ​អាច​ប្រមូល​ផល​បាន​ក្នុង​រយៈពេល​ត្រឹមតែ ៣​ ខែ​ប៉ុណ្ណោះ​។​

​ពូជស្រូវ ចំប៉ីស​ ៧០ ត្រូវបាន​ដាក់ឈ្មោះ ដោយ​លោកនាយក​​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងន័យ​អបអរសាទរ​ខួប​ ៧០ ​ឆ្នាំ​ នៃ​ទំនាក់ទំនង​ការទូត​ដ៏​សំខាន់​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​​អូស្ត្រាលី​៕