ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃផ្សារមូលបត្រកម្ពុជា (CSX) បានលើកឡើងថា ក្រុមហ៊ុនមកពីវិស័យសំណង់មួយ គ្រោងនឹងធ្វើការបោះផ្សាយមូលបត្រកម្មសិទ្ធិនៅលើផ្សារមូលបត្រកម្ពុជា នាពេលខាងមុខនេះ ដើម្បីប្រមូលទុនក្នុងការយកទៅពង្រីកអាជីវកកម្មរបស់ខ្លួន។
លោក ហុង សុហួរ អគ្គនាយក CSX បានថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ២៤ ខែកក្កដាថា នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន ដែលមកពីវិស័យសាងសង់នេះ កំពុងធ្វើការងារផ្ទៃក្នុងបន្ថែមទៀត ដើម្បីឆ្លើយតបទៅតាមលក្ខខណ្ឌនៃការចុះបញ្ជីនានារបស់ផ្សារមូលបត្រ។
លោកបានថ្លែងថា៖«បច្ចុប្បន្ននេះមានក្រុមហ៊ុនមកពីវិស័យសំណង់បានបង្ហាញចំណាប់អារម្មណ៍ក្នុងការបោះផ្សាយមូលបត្រកម្មសិទិ្ធនៅលើផ្សារកំណើនរបស់យើង ប៉ុន្តែពួកគេនៅបន្តនីតិវិធីមួយចំនួនទៀតដើម្បីបំពេញតាមលក្ខខណ្ឌនៃការបោះផ្សាយ»។
លោកថា៖ «ក្រុមការងារបច្ចេកទេសយើង ក៏បានធ្វើការជាមួយក្រុមហ៊ុនដើម្បីលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តរៀបចំខ្លួន ឱ្យបានឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវនានា ដែលអាចអនុញ្ញាត្តិឱ្យពួកគេអាចធ្វើការបោះផ្សាយបានក្នុងការប្រមូលទុនដើម្បីយកទៅពង្រីកអាជីវកម្មរបស់ខ្លួន»។ តែទោះជាយ៉ាងណាក៏ដោយ លោកសុំមិនបញ្ចេញនូវឈ្មោះរបស់ក្រុមហ៊ុននៅពេលនេះឡើយ ដោយសារទុកឱ្យក្រុមហ៊ុនបន្តនីតិវិធីនិងធ្វើការផ្សព្វផ្សាយដោយខ្លួនឯង។
គណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិប្រចាំអាស៊ី និងប៉ាស៊ីហ្វិក (ESCAP) វិទ្យាស្ថានកំណើនបៃតងសកល (GGGI) និងនិយតករមូលបត្រកម្ពុជា (SERC) សហការជាមួយមូលនិធិ ការធានាឥណទាន និងមធ្យោបាយវិនិយោគ (CGIF) និងក្រុមហ៊ុន GuarantCo ដែលជាផ្នែកមួយនៃក្រុមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឯកជន នៅថ្ងៃទី២៦ ខែមិថុនា បានដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីការជំរុញការបោះផ្សាយសញ្ញាបណ្ណនិរន្តរភាពនៅកម្ពុជា ហើយក៏បានប្រកាសថា ក្រុមហ៊ុនបោះផ្សាយសញ្ញាបណ្ណវិស័យឯកជនចំនួន ៣ ត្រូវបានជ្រើសរើស ហើយនឹងត្រូវបានផ្តល់ការគាំទ្រ ដល់ការចេញសញ្ញាបណ្ណបៃតង និងនិរន្តរភាពនៅឆ្នាំ ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានបានពី ESCAP។
ក្រុមហ៊ុនទាំងបីនេះ នឹងប្រមូលមូលនិធិប្រហែល ៩៥ លានដុល្លារ សម្រាប់ការចុះបញ្ជីសញ្ញាបណ្ណបៃតងនាពេលខាងមុខ សម្រាប់ការពង្រីកអាជីវកម្មរបស់ពួកគេ។ ក្រុមហ៊ុនទាំងបីនោះ គឺគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើនៅកម្ពុជា គ្រោងនឹងបោះផ្សាយសញ្ញាបណ្ណនិរន្តរភាពក្នុងទំហំទឹកប្រាក់ ៥០ លានដុល្លារ។
ក្រុមហ៊ុន Golden Tree Co. Ltd ជាក្រុមហ៊ុនអចលនទ្រព្យ ដែលនឹងត្រូវទទួលបានគាំទ្រ ក្នុងការបោះផ្សាយសញ្ញាបណ្ណបៃតង លើកទីពីរក្នុងទំហំទឹកប្រាក់ ២៥ លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍសំណង់បៃតង និងក្រុមហ៊ុន Royal Group Phnom Penh SEZ ជាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រជាសាធារណៈ ដែលគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ហើយនឹងទទួលបានគាំទ្រក្នុងការបោះផ្សាយសញ្ញាបណ្ណនិរន្តរភាពក្នុងទំហំទឹកប្រាក់ ២០ លានដុល្លារ។
យោងតាមលោក ហុង សុហ៊ួរ ទីផ្សារភាគហ៊ុន ដែលគិតមកត្រឹមថ្ងៃទី២៧ ខែមិថុនា CSX មានក្រុមហ៊ុនចុះបញ្ជីចំនួន ១៩ ដែលរួមមានក្រុមហ៊ុនចំនួន ១០ បានចុះបញ្ជីជាភាគហ៊ុន (៨ ក្រុមហ៊ុន នៅទីផ្សារគោល និង ២ ក្រុមហ៊ុនទីផ្សារកំណើន) ក្រុមហ៊ុនទាំង ១០ ប្រមូលទុនពីទីផ្សារសរុបប្រមាណជា ១២៤ លានដុល្លារអាមេរិក។ ហើយ ៩ ទៀតបានចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្ម បើរាប់បញ្ចូលទាំងសញ្ញាបណ្ណបំណុលសរុបប្រមាណជា ៣២៣,៥ លានដុល្លារអាមេរិក៕