​បាត់ដំបងៈ ទំពាំង​បារាំង​ជា​ដំណាំ​បន្លែ​មួយ​ប្រភេទ​ដែល​នាំ​ពូជ​ពី​បរទេស​មក​ដាំ​ក្នុងស្រុក ហើយ​វា​មាន​អាយុកាល​ដុះ​ចន្លោះ​ពី ​១៥ ដល់​ជាង ​២០ ​ឆ្នាំ​ទើប​ងាប់​ទៅវិញ​។ ដំណាំ​នេះ​ត្រូវបាន​បុរស​ម្នា​ក់ដាំ​លើ​ផ្ទៃដី​ទំហំ​ ៤ ​ហិកតា​ នៅ​ខេត្តបាត់ដំបង ហើយក៏​កំពុង​តែមាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ផងដែរ​។​

​បើ​គេ​មើល​ពី​ចម្ងាយ​អាច​នឹង​គិតថា​គ្រាន់តែ​ជា​វាលស្មៅ​ប៉ុណ្ណោះ ដោយសារតែ​ឃើញ​ទេសភាព​ស្មៅ​ពណ៌​ខៀវខ្ចី​។ តែ​តាមពិតទៅ​វា​ជា​ចម្ការ​ដំណាំ​ទំពាំង​បារាំង​របស់លោក​ស៊ូ ប៊ុ​ន្នី ដែល​ស្ថិត​ក្នុងភូមិ​ជី​នៀង​ក្រោម ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​។​


​លោក ​ស៊ូ ប៊ុ​ន្នី អាយុ​ ៥៥ ​ឆ្នាំ ជា​ម្ចាស់​ចម្ការ​ដំណាំ​ទំពាំង​បារាំង​បានឱ្យដឹងថា លោក​មានកូន​ប្រុស​ ៣ ​នាក់ ដែល​កូនច្បង​មាន​អាយុ​ ២៥​ ឆ្នាំ ហើយ​លោក និង​ភរិយា​បាន​ប្រក​បរបរ​ដាំ​បន្លែ​ទំពាំង​បារាំង​តាំង​ពី​ឆ្នាំ ​២០១៧​ មក​ម្ល៉េះ​។ កាលពី​ដើមឡើយ លោក​មិនមាន​បច្ចេកទេស​ដាំ​ទំពាំង​បារាំង​អី​ទេ តែដោយសារ​លោក​ចង់​ចាប់យក​របរ​ដាំ​ដំណាំ​ប្រភេទ​នេះ លោក​បាន​ទៅធ្វើជា​កម្មករ​ស៊ីឈ្នួល​ដាំ​ទំពាំង​បារាំង​នៅ​ស្រុកថៃ​អស់​រយៈ​ពេល​ ៦ ​ខែ​។ ការដែល​សុខចិត្ត​ទៅធ្វើ​​ជា​កម្មករ​គេ​ក៏​ដោយសារតែ​លោក​ចង់បាន​បទពិសោធ​ន៍​ជាក់ស្តែង ប្រសើរ​ជាង​រៀន​តែ​ទ្រឹស្តី​។​

​លោក​បន្តថា បន្ទាប់ពី​បាន​បទពិសោធន៍ គួបផ្សំ​នឹង​លោក​មាន​មិត្តភក្តិ​ម្នាក់​ជា​ជន​ជាតិ​ថៃ ហើយ​គេ​ក៏​ជា​គ្រូបង្រៀន​នៅ​សាកលវិទ្យាល័យ​កសិកម្ម​ផង​នោះ ក៏បាន​បង្ហាត់​លោក​ពី​បច្ចេកទេស​ដាំ​ដំណាំ​ទំពាំង​បារាំង​រហូត​លោក​បាន​ចេះ​ពី​ពេល​នោះមក​។ ដោយមាន​ទាំង​បទពិសោធន៍​ផ្ទាល់ រួមទាំង​ចេះ​វិធី​ដាំ​​ដុះ​ផង​នោះ ទើប​នៅក្នុង​ឆ្នាំ ​២០១៧​ លោក​បាន​ទិញ​គ្រាប់ពូជ​ពី​ប្រទេស​ថៃ​ក្នុង ​១ ​គីឡូក្រាម​តម្លៃ​ ១​ ពាន់​ដុល្លារ​យកមក​បណ្តុះ​ដោយ​ខ្លួនឯង​។​


​លោក​ប្រាប់ថា​៖ «​បើ​យើង​ប្រៀបធៀប​ទៅនឹង​តម្លៃ​វិញ​ខ្ញុំ​គិតថា​មិន​ថ្លៃ​ទេ ព្រោះ​បើ​យើង​ដាំដំឡូង​ក៏ត្រូវ​ចំណាយ​ទុន​អស់​ប្រហែល​ពី​ ៧០០​ ទៅ​ ៨០០ ​ដុល្លារ​ដែរ​ ក្នុង​១​ ហិកតា​។ ចំពោះ​ដំឡូង​មី​អាយុ​របស់​វា​បានតែ​ ១ ​ឆ្នាំ​ទេ ហើយ​អានេះ​[​ទំពាំង​បារាំង​]​អាយុ​រហូតដល់​ ១៥​ ទៅ​ជាង ​២០​ ឆ្នាំ​ឯណោះ​»​។

​បើតាម​លោក ប៊ុ​ន្នី ចំពោះ​បច្ចេក​ទេស​បណ្តុះ​ពូជ​វិញ មុនដំបូង​លោក​យក​គ្រាប់​មក​បណ្តុះ​ក្នុង​ថ្នាល​ឱ្យចេញ​ពន្លក​រួច​យកទៅ​ដាំ​នៅក្នុង​ចម្ការ​ដោយ​រៀបចំ​ជា​ប្រព័ន្ធ​ទឹក​វិល​សម្រាប់​ស្រោច​។ ដើម្បីឱ្យ​ដើម​វា​រឹងមាំ​មិនឆាប់​ងាប់​គឺ​លោក​ត្រូវ​បណ្តុះ ហើយ​ទុក​វា​នៅក្នុង​ថ្នាល​រហូត​បាន​អាយុ​ ៥ ​ខែ ទើប​ដក​ទៅ​ដាំ​នៅលើ​ដី​រាបស្មើ តែ​ត្រូវ​ឧស្សាហ៍​ស្រោច​ទឹក និង​ជម្រះ​ស្មៅ និង​ពូន​គល់​វា​ផងដែរ​។ លោក​ចាប់ផ្តើម​ប្រមូល​ផល​ពី​ដំណាំ​ទំពាំង​បារាំង​នេះ អស់​រយៈពេល​ប្រ​​មាណ​ជា​ ៦​ ទៅ ​៧ ​ឆ្នាំ​មកហើយ​។​

​លោក​បានឱ្យដឹងថា កាលពីមុន​មាន​វិបត្ដិ​ជំងឺ​កូ​វីដ​ ១៩ គឺ​លោក​អាច​ប្រមូល​ផល​បាន​ចន្លោះ​ពី ​២០០​ ទៅ​ ៤០០​ គីឡូ​​ក្រាម​ ក្នុង ​១ ​ថ្ងៃ និង​លក់​ចំណេញ​បាន​ប្រាក់​ពី​ ៣ ​ទៅ ​៤០០​ ដុល្លារ​ដែរ​។ សម្រាប់​នៅ​ខេត្តបាត់ដំបង​មាន​អ្នក​ដាំ​ដំណាំ​នេះ​ខ្លះ​ដែរ តែ​ដាំ​មិនបាន ព្រោះ​អាចមកពី​ពួកគាត់​មិនចេះ​ពី​បច្ចេកទេស​ដាំ​ក៏​មិនដឹង​។​

​លោក​បាន​បញ្ជាក់ថា កាលពី​សម័យ​កូ​វីដ លោក​បាន​យក​បន្លែ​ទំពាំង​បារាំង​ជាង ​៣ ​តោន​មក​បោះ​ឱ្យ​ម៉ូយ​នៅ​រាជធានី​ភ្នំពេញ តែ​ត្រូវ​បោះចោល​ទាំងអស់ ព្រោះ​នៅ​កន្លែង​ណា​ក៏​ជាប់គាំង សុទ្ធតែ​តំបន់​ក្រហម​ទាំងអស់​។​

​បើ​លោក​ចង់​ចូល​យក​ឱ្យ​ម៉ូយ​ក៏​ចូល​មិនបាន រីឯ​ម៉ូយ​ចង់​ចេញមក​យក​ទំនិញ​របស់លោក​ក៏​ចេញមក​មិនបាន​អ៊ីចឹង​មានតែ​លក់​ឡាយឡុង​បាន​ប៉ុន្មាន​យក​ប៉ុណ្ណឹង​ទៅ ប៉ុន្តែ​ចាប់តាំងពី​ជំងឺ​កូ​វីដ​ស្បើយ​បន្តិច​ម្តងៗ​ទៅ បន្លែ​របស់លោក​ក៏​ចាប់​មាន​តម្រូវការ​ឡើងវិញ​ដែល​ក្នុង​ ១​ ថ្ងៃៗ​ លោក​កាត់​លក់បាន​ចន្លោះ​ពី​ ៥០ ​ទៅ​ ៦០​ គីឡូក្រាម​ដោយ​ក្នុង ​១​ គីឡូ​ក្រាម​លក់​ថ្លៃ​ ១២ ០០០ ​រៀល​ឱ្យទៅ​ក្រុមហ៊ុន ហើយ​ក្រុមហ៊ុន​ក៏​លក់​បន្ត​នៅតាម​ផ្សារ​ទំនើប​ក្នុង​រាជធានី​ភ្នំពេញ​។​

​បើតាម​លោក ប៊ុ​ន្នី ក្រៅពី​លោក​លក់​ឱ្យ​ក្រុមហ៊ុន​ គឺ​លោក​ក៏បាន​លក់​ទៅតាម​ការ​កុម្ម៉ង់​ពី​អតិថិជន​តាម​អន​ឡាញ​ផងដែរ​ដោយ​អ្នក​កុម្ម៉ង់​មាននៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ខេត្ត​ព្រះសីហនុ ខេត្ត​ពោធិ៍សាត់ ខេត្តកំពង់ចាម សៀមរាប និង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​​ជ័យ​ជាដើម​។​

​ចំពោះ​អតិថិជន​វិញ​តែង​បញ្ជា​ទិញ​ពី​លោក​ម្តងៗ​ចន្លោះ​ពី ​១០ ទៅ​ ២០ ​គីឡូក្រាម ហើយ​លោក​បាន​លក់​ជា​រៀង​​រាល់ថ្ងៃ ព្រោះ​ក្នុង​ផ្ទៃដី​ ៤ ​ហិកតា​នេះ លោក​អាច​កាត់​ដើម​ទំពាំង​បារាំង​វិលជុំ​បាន​ទៀងទាត់​។ ប៉ុន្តែ​បច្ចុប្បន្ន លោក​បាន​កាត់បន្ថយ​ក​មុ្ម​ករ​អស់ ​៩ ​នាក់​ហើយ​ដែល​ខុស​កាលពីមុន​មានការ​រាតត្បាត​ជំងឺ​កូ​វីដ គឺ​លោក​មាន​កម្មករ​រហូត ​១៥​ នាក់ តែ​ទោះជា​យ៉ាងណា លោក​មិន​បោះបង់​ដំណាំ​ទំពាំង​បារាំង​របស់លោក​ចោល​ទេ​។​

​លោក​ឱ្យដឹងទៀតថា បន្លែ​ទំពាំង​បារាំង​នេះ បើ​យោងទៅតាម​ឯកសារ​កសិកម្ម​របស់​ប្រទេស​ថៃ​បាន​បញ្ជាក់ថា ជា​ប្រភេទ​អាហារ​ដែល​ជួយ​បំប៉ន​ដល់​សុខភាព​ដោយ​ក្នុង​ ១០០​ ក្រាម គឺ​វា​មាន​ជិត​ ២០ ​ប្រភេទ​វីតាមីន​ឯណោះ​។ ពិសេស​ខ្លួន​លោក​ផ្ទាល់​ដែល​ធ្លាប់​ដកពិសោធន៍​គឺ​ពីមុន​លោក​ខ្សោយបេះដូង បើ​ឮ​ស៊ី​ហ្រ្វ្លេឡាន​គឺ​លោក​ភ្ញាក់​តែម្តង ក៏ប៉ុន្ដែ​ឥឡូវ​លោក​លែង​ភ្ញាក់​ដូច​មុន​ទៀតហើយ​។ «​បើ​ខ្សោយក្រលៀន ខ្សោយតម្រងនោម បើ​យើង​ហូប​ទំពាំង​បារាំង​ញឹកញាប់​ទៅ​ក៏​ជួយ​កាត់​បន្ថយ​បញ្ហា​ជំងឺ​នេះដែរ​»​។​

​ពាក់ព័ន្ធ​នឹង​ការដាំ​បន្លែ​ទំពាំង​បារាំង​នេះ លោក​ ឈឹម វជី​រា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​បាត់ដំបង​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ចំពោះ​ព័ត៌មាន​ទាក់ទង​នឹង​បុរស​ខាងលើ​ គឺ​គាត់​បាន​ដាំ​ដំណាំ​នេះ​យូរ​គ្រាន់បើ​ដែរ​ហើយ ពីព្រោះ​គាត់​បាន​ចេញទៅ​ប្រទេស​ថៃ ហើយ​គាត់​យក​គ្រាប់​មក​បណ្តុះ​ដាំ​។ «​ចំពោះ​ទីផ្សារ​វិញ គឺ​គាត់​មាន​ដៃគូ​របស់គាត់​ឱ្យដាំ ហើយ​គេ​ទិញ​ពី​គាត់​វិញ​»៕