ភ្នំពេញៈ កម្ពុជា​រំពឹងថា ការនាំចេញ​គ្រាប់ស្វាយចន្ទី​ទៅ​ទីផ្សារ​អន្តរជាតិ​នឹង​កើនឡើង​កាន់តែ​ខ្ពស់ ដើម្បី​សម្រេច​តាម​ទិសដៅ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ក្លាយជា​អ្នក​នាំចេញ​ធំជាងគេ​លើ​ពិភពលោក​នាពេល​ដ៏​ខ្លី​ខាងមុខ ខណៈ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​គ្រោង​នឹង​រៀបចំ​សន្និសីទ​ស្វាយចន្ទី​ពិភពលោក ឆ្នាំ​ ២០២៤​។​

​ក្រសួងពាណិជ្ជកម្ម​នឹង​សហការ​ជា​មួយ​សមាគមសហព័ន្ធស្វាយចន្ទីកម្ពុជា អ្នក​ដាំ​ដុះ និង​អ្នក​នាំចេញ​ដើម្បី​ធ្វើ​សន្និសីទ​ស្វាយចន្ទី​ពិភពលោក​ឆ្នាំ​ ២០២៤ រយៈ​ពេល ៣ ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ​១ ដល់​ថ្ងៃទី​ ៣ ខែកុម្ភៈ ឆ្នាំ​ ២០២៤ នៅ​ទឹកដី​អង្គរ ខេត្តសៀមរាប ដើម្បី​ផ្តល់ឱកាស​ដល់​អ្នកធ្វើកា​រ និង​រកស៊ី​ពាក់ព័ន្ធ​នឹង​វិស័យ​ស្វាយចន្ទី​ថ្នាក់ជាតិ​និង​អន្តរជាតិ ក្នុងការ​ស្វែងយល់​អំពី​សក្តានុពល​វិស័យ​ស្វាយ​​ចន្ទី និង​ការដាំដុះ​ដំណាំ​នេះ​នៅ​ប្រទេស​កម្ពុជា មុននឹង​ពិចារណា​វិនិយោគ​លើ​ការកែច្នៃ និង​ដាំ​ដុះ​។ នេះ​បើតាម​ការ​លើកឡើង​របស់លោក ប៉ែន សុ​វិជាតិ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​។​


​លោក​ថ្លែងថា​៖ «​រដ្ឋាភិបាល​ទើប​ដាក់ចេញ​គោលនយោបាយ​ជាតិ​ស្វាយចន្ទី​ដែល​សំដៅ​ជំរុញ​ការនាំចេញ ការដាំដុះ និង​ការកែច្នៃ ជាពិសេស​គឺ​ទាក់ទាញ​វិ​និ​យោគិន​មកលើ​វិស័យនេះ ដើម្បី​ធ្វើ​យ៉ាង​​ណា​ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស​ឈានមុខ​គេ​ក្នុងការ​ផ្គត់ផ្គង់​គ្រាប់ស្វាយចន្ទី​ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ​។ សន្និសីទ​ដែល​យើង​គ្រោង​នឹង​រៀប​ចំនេះ​គឺជា​វេទិកា​ជួបជុំ​មួយ​ដ៏​មាន​សារៈសំខាន់​ក្នុងការ​ផ្តល់ឱកាស​ដល់​ភាគី​ពាក់ព័ន្ធ​ជួបគ្នា​ដោយផ្ទាល់​ដើម្បី​ស្វែងយល់​អំពី​កាលានុវត្តន៍​ភាព និង​ឱកាស​សម្រាប់​ការ​ចាប់ដៃ​វិនិយោគ និង​បង្កើត​រោងចក្រ​កែ​ច្នៃ​នៅ​ប្រទេស​យើង​ដើម្បី​នាំចេញ​»​។​

​លោក​បន្ថែមថា​៖ «​ខ្ញុំ​សង្ឃឹម​យ៉ាង​មុត​មាំ​ថា សន្និសីទ​នេះ​នឹង​ដើរតួនាទី​សំខាន់​ក្នុងការ​បង្ហាញ​ដល់​វិនិយោគិន​ក្នុងស្រុក និង​អន្តរជាតិ​ឱ្យមក​ស្វែងយល់ និង​ចាប់​​អារម្មណ៍​លើ​សក្តានុពល​វិនិយោគ​លើ​ការដាំដុះ និង​កែច្នៃ​នៅ​កម្ពុជា​»​។​


​លោក អួន ស៊ី​ឡុ​ត ប្រធាន​សមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា នៅក្នុង​ឆ្នាំ​ ២០២៣ សន្និសីទ​ស្វាយចន្ទី​ពិភព​លោក​បានរៀបចំ​ឡើង​នៅ​ទីក្រុង​ឌូ​បៃ នៃ​ប្រទេស​អារ៉ាប់​រួម ដោយមាន​ជាង ៤០ ​ប្រទេស​ចូលរួម​។​

​សម្រាប់​ឆ្នាំ ​២០២៤ ដែល​កម្ពុជា​នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​នេះ ប្រធាន​សមាគម ស្វាយចន្ទីកម្ពុជា បានបង្ហាញ​ក្ដី​រំពឹងថា នឹង​កាន់តែ​ធ្វើឱ្យ​ពិភពលោក​ស្គាល់​ពី​កម្ពុជា​ថែមទៀត ដែលជា​ប្រទេស​មាន​ទិន្នផល​ស្វាយចន្ទី​ឆៅ​ច្រើន​។​

​លោក​រំពឹងថា នឹងមាន​ប្រទេស​ជាង ​៤០ ចូលរួម​សន្និសីទ​នាពេលខាងមុខ ដែល​ពួកគេ​មកពី​វិស័យ​ស្វាយចន្ទី មានដូចជា អ្នក​កែច្នៃ អ្នក​ដាំ​ដុះ អ្នក​នាំចេញ អ្នកលក់​ឧបករណ៍​កែច្នៃ និង​រោងចក្រ​វេច​ខ្ចប់ ដើម្បី​មក​ស្វែងយល់​លម្អិត​អំពី​សក្តានុពល​នៃ​វិស័យនេះ​នៅ​កម្ពុជា​។​

​លោក​ថ្លែងថា​៖ «​តាមរយៈ​សន្និសីទ ស្វាយចន្ទី​ពិភពលោក​នា​ដើមឆ្នាំ ​២០២៤ នឹង​ជំរុញ និង​លើកកម្ពស់​វិស័យ​ស្វាយ​ចន្ទី​នៅ​កម្ពុជា ជំរុញ​ការនាំចេញ​គ្រាប់​​ស្វាយចន្ទី​។ វេទិកា​នេះ ក៏​ជា​ប្លាត​ហ្វ​ម​មួយ​ដ៏​ល្អ​ក្នុងការ​កៀរគរ​អ្នកវិនិយោគ​លើ​ការកែច្នៃ​ស្វាយចន្ទី ស្របពេល​រដ្ឋាភិបាល​បានបង្ហាញ​ការយកចិត្ត​ទុក​​ដាក់​យ៉ាងខ្លាំង​លើ​វិស័យនេះ​»​។​

​កាលពី​ចុងខែ​កុម្ភៈ​កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ពី​បំណង​ប្រែក្លាយ​ប្រទេស​កម្ពុជា​ឱ្យទៅជា​អ្នក​នាំចេញ​ធំជាងគេ​មួយ​លើ​ពិភព​លោក ដោយ​លោក​ថ្លែងថា កម្ពុជា​បាន​នាំចេញ​គ្រាប់ស្វាយចន្ទី​មិនទាន់​កែច្នៃ​ក្នុង​បរិមាណ ១​ លាន​តោន​ក្នុង​ ១ ​ឆ្នាំ​រួចហើយ ខណៈ​ការនាំចេញ​ផលិតផល​កែច្នៃ​នៅមានកម្រិត​ទាប​នៅឡើយ​។​

​លោក​ថ្លែងថា​៖ «​គោលនយោបាយ​ស្វាយចន្ទី​ដែល​យើង​ដាក់ចេញ​កាលពី​ប៉ុន្មាន​ខែ​មុន គឺមាន​គោលបំណង​ដើម្បី​ទាក់ទាញ​វិនិយោគិន​លើ​វិស័យ​កែច្នៃ​។ យើង​ដឹង​ហើយ​ថា ប្រទេស​វៀតណាម និង​ឥណ្ឌា​បាន​កែច្នៃ​នាំ​ចេញទៅ​បណ្តា​ប្រទេស​ជាច្រើន​លើ​ពិភពលោក ប៉ុន្តែ​ពួកគេ​ក៏​នាំចូល​វត្ថុធាតុដើម​ផងដែរ​។ ដូច្នេះ​បើ​ពួកគេ​ដឹង​អំពី​គុណ​តម្លៃ​នៃ​ការ​កែច្នៃ​នៅ​ប្រទេស​កម្ពុជា​យើង នោះ​យើង​នឹង​ឈ្នះ​-​ឈ្នះ​ទាំងអស់គ្នា​»​។​

​យោងតាម​ទិន្នន័យ​ពី​សមាគមស្វាយចន្ទីកម្ពុជា បច្ចុប្បន្ន​ផ្ទៃដី​ដាំ​ស្វាយចន្ទី​នៅ​កម្ពុជា មាន​ប្រមាណ​ជាង ៧០ ​ម៉ឺន​ហិកតា​។ កាលពី​ឆ្នាំ​ ២០២១ ផលិតកម្ម​គ្រាប់ស្វាយចន្ទី​ឆៅ​នៅលើ​ពិភពលោក​មាន​ប្រមាណ ៥ ​លាន​តោន ក្នុងនោះ កម្ពុជា​ផលិត​បាន​ជាង ១,១៨ ​លាន​តោន ស្មើនឹង​ ២៤​ ភាគរយ នៃ​ការផលិត​សរុប ដែល​ធ្វើឱ្យ​កម្ពុជា​ជាប់​លេខ ​១ ជា​ប្រទេស​ផលិត​គ្រាប់ស្វាយចន្ទី​ច្រើនជាងគេ​លើ​ពិភពលោក​។

ចំណែក​នៅ​ឆ្នាំ​ ២០២២ កម្ពុជា​ផលិត​បាន ៦៩​ ម៉ឺន​តោន ស្មើនឹង​ ១៦ ​ភាគរយ ជាប់​ចំណាត់ថ្នាក់​លេខ ​២ ពិភពលោក​។ ដោយឡែក​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២៣ កម្ពុជា​ផលិត​ជាង ៦១ ​ម៉ឺន​តោន ក្នុងនោះ​នាំចេញ​គ្រាប់ស្វាយ​​ចន្ទី​ឆៅ​ទៅ​ប្រទេស​វៀតណាម ចំនួន​ជាង ៥៧ ​ម៉ឺន​តោន​៕