ភ្នំពេញៈ អ្នកនាំពាក្យ​ក្រសួង​សា​ធារ​​ណ​ការ និង​ដឹកជញ្ជូន បាន​បញ្ជាក់ថា បច្ចុប្បន្ន ក្រសួង​កំពុង​សម្របសម្រួល ដើម្បី​ធានា​ឱ្យ​ក្រុមហ៊ុន​ចិន​ចំនួន​ ៣ អាច​ដឹកជញ្ជូន​កសិផល​ពី​កម្ពុជា​តាម មធ្យោបាយ​ផ្លូវគោក​ដោយ​ឆ្លងកាត់​ឡាវ ឆ្ពោះ​ត្រង់​ទៅកាន់​ទីផ្សារ​ចិន ក្រោយពី​ក្រុមហ៊ុន​ទាំងនេះ​បាន​ជួប​ការ​លំបាក​ក្នុង​ការពឹង​ផ្អែកលើ​ទីផ្សារ​ថៃ និង​វៀតណាម​។​

​លោក គង់ វិមាន អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ២៦ ខែកក្កដាថា នៅក្នុង​កិច្ចពិភាក្សា​រវាង​វិនិយោគិន​ចិន និង​ទីប្រឹក្សា​សមាគម​ស្វាយចន្ទី​កម្ពុជា កាលពី​ថ្ងៃទី​ ២៤ ខែកក្កដា កន្លងទៅ​ក្រុមហ៊ុន​មួយចំនួន បានលើកឡើង​ពី​ការលំបាក​កន្លងមក ចំពោះ​ការនាំ​កសិផល​របស់​កម្ពុជា ទៅ​លក់​នៅ​ចិន ត្រូវ​ពឹងផ្អែក​ថៃ និង​វៀតណាម ជា​ស្ពាន​ដើម្បី​នាំចេញ ដែល​ការដឹកជញ្ជូន​តាមរយៈ​ប្រទេស​ទាំង ​២​ នេះ មាន​ភាពស្មុគស្មាញ និង​ថ្លៃ​ចំណាយ​ខ្ពស់​។


​លោក គង់ វិមាន បញ្ជាក់ថា​៖ «​ក្រសួង​​សាធារណការ បាន​ពិនិត្យមើល​ផ្នែក​ច្បាប់ និង​ឯកសារ​ផ្សេង​ដែល​ក្រុមហ៊ុន​ដាក់ជូន​រួចហើយ​។ បច្ចុប្បន្ន ក្រសួង កំពុង​សម្របសម្រួល ដោយ​រំពឹង​ជោគ​​ជ័យ ដើម្បី​ធានា​ឱ្យ​អ្នកវិនិយោគ​ចិន អាច​ដឹកជញ្ជូន​កសិផល​ពី​កម្ពុជា​តាម​មធ្យោបាយ​ផ្លូវគោក​ដោយ​ឆ្លងកាត់​ឡាវ ឆ្ពោះ​ត្រង់​ទៅកាន់​ទីផ្សារ​ចិន​»​។

​លោក​បាន​បន្តថា ផ្លូវ​ពាណិជ្ជកម្ម​ថ្មី​នេះ ត្រូវ​ចេញពី​ភ្នំពេញ ដោយ​ឆ្លងកាត់​ខេត្តកំពង់ចាម​, ត្បូងឃ្មុំ​, ក្រចេះ និង​ស្ទឹងត្រែង ទៅកាន់​ឡាវ ហើយ​ដឹក​ជញ្ជូន​បន្ត​ពី​ឡាវ​តាមរយៈ​រថភ្លើង​ល្បឿន​លឿន ទៅ​ចិន​តែម្ដង​។


​លោក គង់ វិមាន បន្ថែមថា ការដឹក​​ជញ្ជូន​ឆ្លងកាត់​ឡាវ ឆ្ពោះទៅកាន់​ប្រទេស​ចិន​តាមរយៈ​ផ្លូវគោក​នេះ គឺ​មិនមាន​បញ្ហា​អ្វី​នោះទេ ដោយសារតែ​ប្រទេស​កម្ពុជា ជាមួយនឹង​ប្រទេស​ឡាវ និង​ប្រទេស​ចិន សុទ្ធ​តែមាន​កូតា​ជាមួយគ្នា​ស្រាប់ ជាពិសេស​មាន​កិច្ច​ព្រមព្រៀង​ដឹកទំនិញ​ឆ្លងកាត់​ព្រំដែន​ជាមួយគ្នា​ផងដែរ​។​

​លោក​បានបញ្ជាក់​ដូច្នេះ​ថា​៖ «​ខាង​ក្រុមហ៊ុន​ចិន​ទាំង​ ៣ ​នោះបាន​លើក​ឡើង​ថា ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ថៃ និង​វៀតណាម ចំណាយ​ច្រើន និង​ជួប​ការលំបាក​ក្នុងការ​ធ្វើ​បែបបទ​នានា ប៉ុន្តែ​បើ​ដឹក​កាត់​តាម​ឡាវ​វិញ ថ្វីដ្បិតតែ​ចម្ងាយ​ផ្លូវ​ឆ្ងាយ​ជាង​បន្តិច​មែន តែ​ការចំណាយ​ថ្លៃ​ដឹកជញ្ជូន និង​ការ​បំពេញបែបបទ​នានា​មាន​ភាព​ងាយស្រួល​ជាង ទើប​ក្រុមហ៊ុន​ទាំង​​នេះ សម្រេច​ស្នើសុំ​មក​ក្រសួង​ជួយ​សម្រួល​លើ​ការងារ​នេះ​»​។​

​លោក​ឱ្យដឹង​ដែរ​ថា កិច្ចការ​សម្រប​សម្រួល​ផ្លូវ​ពាណិជ្ជកម្ម​នៅ​មិនមាន​ភាពលំបាក​ប៉ុន្មាន​នោះទេ ព្រោះថា កម្ពុជា ចិន និង​ឡាវ សុទ្ធសឹងតែ​ជា​សមាជិក​ទន្លេមេគង្គ ដែល​តែងតែ​ផ្ដល់​ប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក​។ ទន្ទឹមនេះ ប្រសិនបើ ក្រុមហ៊ុន​ចិន​ផ្សេងទៀត ចង់ឱ្យ​មានការ​សម្រប​សម្រួល​ពាក់ព័ន្ធ​នឹង​ការដឹកជញ្ជូន​ដូចគ្នានេះ ក្រសួង​សាធារណការ​ក៏​នឹង​បន្ត​ជួយ​ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ការលើកកម្ពស់​វិស័យ​កសិកម្ម​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ​។​

​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សាធារណ​ការ រំពឹង​ដែរ​ថា ការនាំចេញ​កសិផលរ​បស់​កម្ពុជា​ទៅកាន់​ទីផ្សារ​ចិន កាន់​តែមាន​ភាពងាយស្រួល និង​កាត់​បន្ថយថ្លៃ​ចំណាយ​។ កសិផល ដែល​នាំ​ចេញទៅ​ចិន​តាម​ច្រក​នេះ​ភាគច្រើន​មានដូចជា ស្វាយ​, ទុរេន​, ស្វាយចន្ទី​, ម្នាស់ និង​ស្រូវ​អង្ករ ជាដើម​។

​លោក ស៊ិន ច​ន្ធី ប្រធាន​សមាគម​ភ័ស្តុភារ​កម្ម​កម្ពុជា បាន​ពន្យល់​ដែរ​ថា ជាការ​ពិតណាស់ ការស្នើសុំ​របស់​ក្រុមហ៊ុន​ចិន នឹង​ផ្តល់​ភាព​ចំណេញ​ដល់​គាត់​ច្រើន ដោយសារតែ​ពេល​ឆាប់​ខាងមុខនេះ ក្រុមហ៊ុន​នឹង​រៀបចំ​ផែ​ស្ងួត​នៅ​ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ខណៈដែល​ក្រុមហ៊ុន​ទាំងនោះ​មាន​ផលិតផល​ដាំ​ដុះ​ច្រើន​នៅ​ខេត្តស្ទឹងត្រែង​។​

​លោក​បាន​ប្រាប់ថា​៖ «​ដូចនេះ​ការ​ដឹកជញ្ជូន​កសិផលរ​បស់​គាត់ (​ក្រុម​ហ៊ុន​ចិន​) អាច​នឹង​ចំណេញ​ជាង​ដឹក​ទៅកាន់​កំពង់ផែ​ក្រុងព្រះសីហនុ និង​កំពង់ផែ​ភ្នំពេញ​វា​មាន​ចម្ងាយ​ឆ្ងាយ​ដែរ​។ នេះ​ជាការ​ល្អ​ណាស់ ដែលមាន​ការសម្របសម្រួល​ពី​ក្រសួង​សាធារណ​ការជូន​គាត់ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ក​សិ​ផល​របស់​យើង​នាំចេញ​ទៅបាន​ច្រើន​។ កាលណា​រដ្ឋាភិបាល​មាន​ការជួយ​សម្របសម្រួល​បែបនេះ វា​មាន​លក្ខណៈ​ងាយស្រួល​ជាង ដោយសារ​ការចរចា​មាន​ភាពស្មុគស្មាញ ទាល់​តែ​រវាង​រដ្ឋ និង​រដ្ឋ ទើប​អាចទៅរួច​»​។​

​លោក​ថា តម្រាយ​ផ្លូវ​នាំចេញ​ខ្លះ​អាចធ្វើ​ទៅបាន បើតាម​ MoU ប៉ុន្តែ​ការដឹក​ទំនិញ​ឆ្លងកាត់​នៅតែ​ពិបាក​ដោយសារតែ​ប្រទេស​ដែល​ត្រូវ​ឆ្លងកាត់ ចង់បាន​ផល​​ប្រយោជន៍​ដែរ បើសិនជា​មិនមាន​ប្រ​យោជន៍ គឺ​គេ​មិន​អនុញ្ញាត​ឡើយ​៕