ភ្នំពេញៈ កម្ពុជា​បាន​រកចំណូលបាន​ជិត ១៨៨ ​លាន​ដុល្លារ​ ពី​ការនាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ​ទៅ​ទីផ្សារ​អន្តរជាតិ នៅក្នុង​ឆមាស​ទី​១ ​ឆ្នាំនេះ បើទោះបី​តម្រូវការ​មានការ​ធ្លាក់ចុះ​នៅ​ទីផ្សារ​សកល​ក្តី​។ នេះ​បើតាម​របាយការណ៍​អគ្គនាយកដ្ឋាន​កៅស៊ូ​។​

​បើតាម​របាយការណ៍​ដ​ដែល ចំណូល​ពី​ការនាំចេញ​ជ័រកៅស៊ូ ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២៣ មាន​ចំនួន ១៨៧ ១០៦ ៩៤៦​ ដុល្លារ និង​ការនាំចេញ​ឈើ​កៅស៊ូ ចំនួន​ ៨៤២ ០០៣​ ដុល្លារ​។ ក្នុង​ឆមាស​ទី១ ឆ្នាំ​នេះ​ជ័រកៅស៊ូ​មានតម្លៃ ១ ៣៤៤​ ដុល្លារ​ក្នុង​ ១ ​តោន ថយចុះ ២៥២​ ដុល្លារ ក្នុង ​១ ​តោន ស្មើនឹង​១៥,៨១ ​ភាគរយ បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ឆ្នាំ ​២០២២​។ ចំណែក​តម្លៃ​នៃ​ការនាំចេញ​ឈើ​កៅស៊ូ ក្នុង​រយៈពេល​នេះ គឺ ៣០៦ ​ដុល្លារ ក្នុង​ ១​ ម៉ែត្រគុប​។​


​លោក ម៉ែ សុភ័ក្ត្រ ប្រធាន​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​សុភ័ក្ត្រ​នី​កា បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី ​២៦ ខែកក្កដា​ថា ទីផ្សារ​នាំចេញ​នៅតែ​បន្ត​ទទួលរង​សម្ពាធ​នៃ​ការធ្លាក់ចុះ​នៃ​តម្រូវការ​ដោយសារ​ការអូសបន្លាយ​ពេល​នៃ​សង្គ្រាម​រវាង​រុស្សី​-​អ៊ុយ​ក្រែ​ន ធ្វើឱ្យ​កាត់បន្ថយ​តម្រូវការ​ជាស​កល ខណៈ​ស​ន្និ​ធិ​ជ័រកៅស៊ូ​នៅ​ប្រទេស​ចិន​ក៏​នៅសល់​ច្រើន​ដែរ​។​

​លោក​បាន​ថ្លែងថា​៖ «​ស្ថានភាព​ទូទៅ​នៃ​ទីផ្សារ​នាំចេញ​របស់​យើង​ហាក់​មាន​ភាព​ថមថយ​បន្តិច​ដោយសារ​តម្រូវកា​រស​កល​រាង​ចង្អៀត​ជាង​មុន ខណៈ​តម្លៃ​ក៏បាន​ធ្លាក់​ចុះ​ផងដែរ​។ ទីផ្សារ​ធំ​ គឺ​ប្រទេស​ចិន ប៉ុន្តែ​នៅពេលនេះ​រោងចក្រ​ដែល​ត្រូវការ​ផលិត​ជ័រ​​កៅស៊ូ​នៅ​ទី​នោះគេ​នៅសល់​សន្និធិ​ច្រើន​ដែរ ដោយសារតែ​ផលិតផល​សម្រេច​ដែល​ផលិត​ចេញពី​ជ័រកៅស៊ូ​ហាក់​ពុំ​សូវ​មាន​តម្រូវការ​»​។​


​ជាមួយនឹង​វត្ត​មាននៃ​ការបន្ត​បើក​ដំណើរ​ការ​រោងចក្រ​ផលិត​សម្បក​កង់​រថយន្ត​នៅ​ខេត្ត​ព្រះសីហនុ ក្រចេះ និង​ខេត្តស្វាយរៀង នឹង​ជួយ​ស្រូប​ទាញយក​ជ័រកៅស៊ូ​ក្នុងស្រុក​នាពេលខាងមុខ​។​

​លោក ម៉ែ សុភ័ក្ត្រ បានលើកឡើង​ទៀតថា វត្តមាន​របស់​បណ្តា​រោងចក្រ​ផលិត​សម្បក​កង់​រថយន្ត​នៅ​កម្ពុជា​ដែល​កំពុងបើក​ដំ​​ណើ​រការ​នេះ​នឹង​ជួយ​ដល់​វិស័យ​ឧស្សាហ​​កម្ម​កៅស៊ូ​នៅ​កម្ពុជា​។​

​លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​ធ្លាប់​ជួបពិភាក្សា​ជាមួយ​រោងចក្រ​ផលិត​សម្បក​កង់​រថយន្ត​នោះ​ហើយ​ដើម្បី​ចង់ដឹង​អំពី​លក្ខណៈ ឬ​ស្តង់ដា​នៃ​ជ័រកៅស៊ូ​ដែល​យើង​អាច​ផ្គត់ផ្គង់​។ តាម​អ្វី​ដែលជា​សេចក្តីត្រូវការ​របស់គេ​នោះ គឺ​យើង​អាច​ផលិត​ជ័រកៅស៊ូ​តាម​តម្រូវការ​របស់​ពួកគេ​បាន​»​។​

​គិត​មកទល់ពេលនេះ​ក្រុមហ៊ុន​លោក​មាន​ផ្ទៃដី​ដាំ​កៅស៊ូ​ប្រមាណ ១,៤​ ម៉ឺន​ហិកតា​ នៅ​ខេត្តកំពង់ចាម និង​កំពង់ធំ ហើយ​ផ្ទៃដី​ដែល​អាចចៀរ​ជ័រ​បាន​គឺ​ជាង​ ១១​ ម៉ឺន​ហិកតា ខណៈ​ក្រុមហ៊ុន​អាចធ្វើ​ការនាំចេញ​បាន​ពី​ចន្លោះ ១ ​ម៉ឺន​តោន​ទៅ ​១,៥​ ម៉ឺន​តោន​ ក្នុង ​១ ​ឆ្នាំ​។​

​យោងតាម​អគ្គនាយកដ្ឋាន​កៅស៊ូ ប​ច្ចុ​ប្បន្ន​ប្រទេស​កម្ពុ​ជាមាន​ផ្ទៃដី​កៅស៊ូ​សរុប ៤០៤ ៥៧៨ ​ហិកតា ក្នុងនោះ ផ្ទៃដី​ចៀរ​ជ័រ ​៣១៥ ៣៣២​ ហិកតា ស្មើនឹង ៧៨ ​ភាគរយ និង​ផ្ទៃដី​ថែទាំ ចំនួន ៨៩,២៤៦ ​ហិកតា ស្មើនឹង ២២ ​ភាគរយ​។​

​ក្នុង​ឆ្នាំ​ ២០២២ កម្ពុជា​រកចំណូលបាន​ជាង ៥៣១​ លាន​ដុល្លារ​ ពី​ការនាំចេញ​ជ័រ​កៅស៊ូ និង​ឈើ​កៅស៊ូ ដោយ​ចំណូល​ពី​ការ​​នាំចេញ​ជ័រកៅស៊ូ ៥២៧ ៧៧៤ ៥៦៩ ​ដុល្លារ និង​ចំណូល​ពី​ការនាំចេញ​ឈើ​កៅស៊ូ ចំនួន ៤ ០៨៩ ២៧៣​ ដុល្លារ​៕