ភ្នំពេញៈ កម្ពុជា​រកប្រាក់​បាន​ជិត​ ៣៣២​ លាន​ដុល្លារ​ ពី​ការនាំចេញ​កង់​ទៅ​ទីផ្សារ​អន្តរជាតិ​នៅក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២៣ ធ្លាក់ចុះ​ជិត ​១/៣​ ដង​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។ នេះ​បើតាម​ក្រសួងពាណិជ្ជកម្ម​។​ទិន្នន័យ​នាំចេញ​ទំនិញ​ទៅ​ក្រៅប្រទេសបាន​បង្ហាញថា ពី​ខែមករា​-​ខែមិថុនា ឆ្នាំ​ ២០២៣ កម្ពុជា​បាន​នាំចេញ​កង់ ក្នុង​ទឹក​​ប្រាក់​សរុប ៣៣១,៩៥​ លាន​ដុល្លារ ធ្លាក់ចុះ ៣០,៥២ ​ភាគរយ​បើ​ធៀប​នឹង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២២ ដែលមាន​ចំនួន ៤៧៧,៧៤​ លាន​ដុល្លារ​។​

​បើតាម​ក្រសួងពាណិជ្ជកម្ម​ក្រៅពី​នាំចេញ​កង់ កម្ពុជា​ក៏​នាំ​ចេញ​គ្រឿងបន្លាស់​កង់​ផងដែរ​ គឺ​ចំនួន ៥៥២ ៣៣២​ ដុល្លារ​។​


​អ្នកជំនាញ​សេដ្ឋកិច្ច​នៅ​រាជ​បណ្ឌិត្យសភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៦ ខែកក្កដា​ថា ការធ្លាក់​​ចុះ​ទឹកប្រាក់​នាំចេញ​កង់ កាល​ពី​ឆមាស​ទី​១ គឺ​ដោយសារតែ​កំណើនសេដ្ឋកិច្ច​ពិភពលោក ជាពិសេស​ប្រទេស​ដែល​បញ្ជា​ទិញ​កង់​ពី​កម្ពុជា​ជួប​បញ្ហា ដែល​ជំរុញ​ឱ្យ​ប្រទេស​នីមួយៗ​កាត់​បន្ថយ​ការចំណាយ​មិនចាំបាច់​។ ក្រៅពីនេះ​ការនាំចេញ​កង់​ក៏​ជួបនឹង​ការប្រកួតប្រជែង​ពី​ផលិតផល​របស់​ប្រទេស​ផ្សេងៗ​ផងដែរ​។​

​លោក​ឱ្យដឹងទៀតថា ទីផ្សារ​នាំចេញ​កង់ និង​គ្រឿងបន្លាស់ នឹង​ល្អប្រសើរ​ឡើងវិញ​នៅពេល​កំណើន​សេដ្ឋកិច្ចពិភពលោក​រឹងមាំ​។ ទោះយ៉ាងណា ការពង្រឹង​គុណភាព និង​ស្វែងរក​ទីផ្សារ​ថ្មីៗ​គឺជា​កិច្ចការ​ចាំបាច់​ដែល​ត្រូវតែ​ធ្វើឱ្យ​សកម្ម​ថែមទៀត​។​


​លោក​បញ្ជាក់ថា​៖ «​ទោះ​កង់​ផលិត​នៅ​កម្ពុជា​មានគុណ​ភាពល្អ និង​ម៉ាក​ល្បីៗ​ក៏ដោយ ប៉ុន្តែ​អ្វីៗ​អាស្រ័យទៅលើ​អ្នកបញ្ជា​ទិញ​ដែរ​។ បើ​ការបញ្ជាទិញ​ធ្លាក់​ចុះ ចំណូល​ដែល​កម្ពុជា​បាន​ពី​ផ្នែក​នោះ​ក៏​ធ្លាក់ចុះ​ដែរ​»​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់ថា កង់​ផលិត​នៅ​កម្ពុជា​ គឺ​សុទ្ធ​តែមាន​គុណភាព និង​ម៉ាក​ល្បីៗ ដោយ​ភាគច្រើន​ត្រូវបាន​នាំទៅ​ប្រទេស​មាន​សេដ្ឋកិច្ច​រីក​​ចម្រើន​ដូចជា អាមេរិក​, កា​ណា​ដា​, អង់គ្លេស​, អឺរ៉ុប ជាដើម​។ ទោះបី​ការនាំចេញ​កង់​នារ​យៈ​​ពេល​ចុង​ក្រោយនេះ​ធ្លាក់ចុះ​ប៉ុន្តែ​វា​នឹង​កើន​ឡើងវិញ​នៅពេល​ខាងមុខ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ការ​​យកចិត្ត​លើ​សុខភាព និង​បរិ​ស្ថាន​នឹងធ្វើ​ឱ្យ​តម្រូវការ​កង់​បន្ត​កើនឡើង​ខ្ពស់​ថែមទៀត​»​។​

​យោងតាម​លោក លឹម ហេង កង់​ដែល​ផលិត​នៅ​កម្ពុជា គឺ​សុទ្ធតែជា​កង់​ដែលមាន​គុណ​​ភាពល្អ និង​ម៉ាក​ល្បីៗ​លើ​ពិភព​លោក​។ វិនិយោគិន​ដែល​បោះ​ទុនវិនិយោគ​លើ​ផលិតកម្ម​កង់​នៅ​កម្ពុជា ភាគច្រើន​មកពី​កោះ​តៃវ៉ាន់ និង​មាន​ទីតាំង​ភាគច្រើន​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​បាវិត ខេត្តស្វាយរៀង​។​

​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជ​កម្ម លោក ប៉ែន សុ​វិជាតិ កាល​ពី​ដើមឆ្នាំ ​២០២៣ បាន​លើក​​ឡើង​ថា បច្ចុប្បន្ន​កម្ពុជា​បាន​នាំ​ចេញ​កង់​ទៅ​ជាង ៥០ ​ប្រទេស​ជុំវិញ​ពិភពលោក​។ កង់​ក្លាយជា​ផលិតផល​នាំចេញ​សំខាន់​មួយ​របស់​កម្ពុជា ក្រៅពី​សម្លៀក​បំពាក់ ស្បែកជើង និង​កាបូប​។​

​ក្នុង​ឆ្នាំ​ ២០២២ ការនាំចេញ​កង់​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​មាន​ទឹកប្រាក់ ៩៦៦,៧៥ ​លាន​ដុល្លារ កើន​ជាង ៤៨​ ភាគរយ​បើ​ធៀប​ឆ្នាំ​ ២០២១​។ គិត​ត្រឹម​ឆ្នាំ​ ២០២២ មាន​រោងចក្រ​កង់​ចំនួន​ ៥ កំពុងដំណើរការ ដោយមាន​ទីតាំង​ក្នុង​តំបន់​សេដ្ឋកិច្ច​​ពិសេស ក្រុង​បាវិត ខេត្ត​ស្វាយ​​រៀង​។ នេះ​បើ​យោងតាម​ក្រសួង​​ពាណិជ្ជកម្ម​៕​