ភ្នំពេញៈ រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ​(SSCA) ​ជូនដំណឹង​ដល់​ប្រតិបត្តិ​ករ​ប្រកប​អាជីវកម្ម​ដឹកជញ្ជូន​តាមផ្លូវ​អា​កាស​ជាតិ អន្តរជាតិ និង​សា​​ធារ​ណ​ជន​សម្រាប់​ការចាប់ផ្តើម​ប្រតិបត្តិការ​ជា​ផ្លូវការ​នៃ​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​អង្គរ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​ ១៦ ខែតុលា ខណៈ​ខ្លួន​នឹង​រៀបចំ​ជើងហោះហើរ​សាកល្បង​មួយ​ចំនួន​តាម​ការចាំបាច់​ដែល​មិនមាន​លក្ខណៈ​ពាណិជ្ជកម្ម និង​មិន​រកប្រាក់​ចំណេញ​នៅ​ចន្លោះ​ពីថ្ងៃ​ទី ៥ ដល់​ថ្ងៃទី​ ១៥ ខែតុលា ឆ្នាំ​ ២០២៣​។​

​បើតាម​ការប្រកាស​ជា​ផ្លូវការ​ពី SSCA នៅ​ថ្ងៃទី​ ២៦ ខែកក្កដា រដ្ឋលេខាធិការ​ដ្ឋា​ន​អាកាសចរ​ស៊ីវិល បាន​ជូនដំណឹង​ដល់​ប្រតិបត្តិ​ករ​ប្រកប​របរ​អាជីវកម្ម​ដឹក​ជញ្ជូន​តាមផ្លូវ​អាកាស​ជាតិ អន្តរជាតិ និង​សាធារណជន​ថា អាកាសយានដ្ឋាន​​អន្តរជាតិ​ថ្មី ដែលមាន​ទីតាំង​ក្នុងស្រុក​សូទ្រនិគម ខេត្តសៀមរាប ត្រូវបាន​រាជ​​រដ្ឋាភិបាល​កម្ពុជា​សម្រេច​ដាក់ឈ្មោះ​ជា​ផ្លូវការ​ថា​៖ «​អាកាសយានដ្ឋាន​អន្តរជាតិ​​សៀមរាប​អង្គរ (Siem Reap Angkor International Airport)» និង​គ្រោង​ដាក់ឱ្យ​ដំណើរការ​ចាប់ពី​ថ្ងៃទី ​១៦ ខែ​តុលា ឆ្នាំ​ ២០២៣ តទៅ​។​


SSCA បានឱ្យដឹងថា អាកាសយាន​​ដ្ឋា​ន​អន្តរជាតិ​សៀមរាប​អង្គរ បានទទួល​លេខ​កូដ​ជា​ផ្លូវការ​ពី​សមាគម​ដឹកជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ ​(IATA Code) ដែលមាន ៣ ​តួអក្សរ​ឡាតាំង SAI និង​ពី​អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ ​(ICAO Code) ដែលមាន ៤ ​តួអក្សរ​ឡាតាំង VDSA​។ ខណៈ​គ្រប់​ជើង​ហោះ​អាជីវកម្ម​ដឹកជញ្ជូន​អ្នកដំណើរ និង​ទំនិញ​តាមផ្លូវ​អាកាស​ដែល​កំពុង​ប្រតិបត្តិ​ការហោះហើរ​នៅ​អាកាសយានដ្ឋាន​អន្តរ​ជាតិ​សៀមរាប (Siem Reap International Airport-REP) បច្ចុប្បន្ន​នឹងធ្វើ​ការរៀបចំ​ផ្ទេរ​ទាំងស្រុង និង​តែ​ ១ ​លើក​គត់​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ (Siem Reap-Angkor Internatlonal Airport)​ ចាប់ពី​ម៉ោង ០០​:​០០ នាទី (​ម៉ោង​នៅ​កម្ពុជា​) នៅ​ថ្ងៃទី​ ១៦ ខែតុលា ឆ្នាំ​ ២០២៣​។​

​ដោយឡែក អាកាសយានដ្ឋាន​អន្តរ​​ជាតិ​សៀមរាប​អង្គរ នឹង​រៀបចំ​ជើង​ហោះ​ហើរ​សាកល្បង​មួយចំនួន​តាម​ការ​ចាំ​​បាច់ ដែល​មិនមាន​លក្ខណៈ​ពាណិជ្ជកម្ម និង​មិន​រកប្រាក់​ចំណេញ​នៅ​ចន្លោះ​ពីថ្ងៃ​ទី​ ៥ ដល់​ថ្ងៃទី​ ១៥ ខែតុលា ឆ្នាំ​ ២០២៣​។ នេះ​បើ​យោងតាម​ SSCA​។​


SSCA បន្តថា​៖ «​ដើម្បី​ចូលរួម​រៀបចំ​ផែនការ​នៃ​ការផ្ទេរ​ជើងហោះហើរ​អា​ជីវ​កម្ម​ដឹកជញ្ជូន​អ្នកដំណើរ និង​ទំនិញ​តាមផ្លូវ​អាកាស និង​ការបើក​ដំណើរការ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​​អង្គរ (Siem Reap Angkor Internatio​ន​al Airport) រដ្ឋលេខាធិការ​ដ្ឋា​ន​អាកាសចរ​ស៊ីវិល​ស្នើសុំ​ប្រតិបត្តិ​ករ​ប្រកប​របរ​អាជីវកម្ម​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​ជាតិ អន្តរជាតិ និង​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ អាច​ចាប់ផ្តើម​ទំនាក់​ទំនង​ចាប់ពីពេលនេះ​តទៅ​»​។​

​លោក ស៊ិន ចាន់​សិរី​វុត្ថា អ្នកនាំពាក្យ SSCA បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៧ ខែកក្កដា ថា ចាប់ពី​ម៉ោង ០០:០០ នាទី​ (​ម៉ោង​នៅ​កម្ពុជា​) នៅ​ថ្ងៃទី​ ១៦ ខែ​តុលា ឆ្នាំ​ ២០២៣ ​តទៅ​ប្រតិបត្តិការ​ទាំង​អស់​ក្នុង​អាកាសយានដ្ឋាន​ចាស់​នឹង​ផ្ទេរ​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​។​

​លោក​ថ្លែងថា​៖ «​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី នឹង​ដើរតួនាទី​យ៉ាងសំខាន់ ដើម្បី​ស្វាគមន៍​រាល់​ជើង​ហោះហើរ​មកពី​ជុំវិញ​ពិភពលោក​ដោយ​សារ​តែ​អាកាសយានដ្ឋាន​នេះ​ធំ​ជាង​អាកាសយានដ្ឋាន​ចាស់ ខណៈ​គ្រឿង​​បរិក្ខារ​ក៏​ទំនើប​ផងដែរ​»​។​

​ប្រធាន​សមាគម​ភ្នាក់ងារទេសចរណ៍​​កម្ពុជា លោកស្រី ឆាយ ស៊ីវ​លីន ដែល​ទើប​ទៅ​ទស្សនា​អាកាសយានដ្ឋាន​នេះ​បាន​សម្តែង​ក្តីសង្ឃឹម​ខ្ពស់​ចំពោះ​ភាព​​វិជ្ជមាន​របស់​អាកាស​យានដ្ឋាន​មួយ​នេះ​មកលើ​វិស័យ​ទេសចរណ៍​កម្ពុជា​។​

​លោកស្រី​ប្រាប់ថា​៖ «​យើង​មាន​ហេ​ដ្ឋា​​រចនាសម្ព័ន្ធ​រឹងមាំ​។ ភារកិច្ច​នៅក្នុង​ដៃ​គឺ​ការលើកកម្ពស់​គុណភាព​សេវាកម្ម និង​ពង្រីក​តំបន់​ទេសចរណ៍​»៕