ភ្នំពេញៈ វេទិកា​វិនិយោគ​ធុ​រ​​កិច្ច​សិង្ហ​បុរី​ (SBIF)​ ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី ​២៩ ខែកក្កដា ឆ្នាំ​ ២០២៣ ដើម្បី​បម្រើ​ជា​វេទិកា​សម្រាប់​ធុ​រ​កិច្ច​សិង្ហ​បុរី​នៅ​កម្ពុជា និង​អ​នា​​គ​ត​វិនិយោគិន​សិង្ហ​បុរី​។​

SBIF គឺជា​ក្រុម​ធុរកិច្ច​ដែលមាន​បំណង​ជួយ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ផ្នែក​ធុរកិច្ច​របស់​សិង្ហ​បុរី​នៅ​កម្ពុជា​។ វា​ក៏​នឹង​ស្វែងរក​ការពង្រឹង​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​សភា​ពាណិជ្ជ​កម្ម ទីភ្នាក់ងារ​រដ្ឋាភិបាល​ផ្សេងៗ​ទៀត និង​ដៃគូ​ក្នុងស្រុក​នៅ​កម្ពុជា​។ តាមរយៈ​សកម្មភាព​នេះ​វា​នឹង​ជួយ​ទាក់ទាញ​អ្នក​វិ​និ​យោគ​សិង្ហ​បុរី​ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា​កាន់តែច្រើន ហើយក៏​នឹង​បង្ហាញ​ពី​សក្តានុពល​នៃ​ធុរកិច្ច​របស់​សិង្ហ​បុរី​ផងដែរ​។​


​លោក Albert Tan ប្រធាន SBIF និង​ជា​អនុប្រធាន​សមា​គម​វាយ​ន​ភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ​នៅ​កម្ពុជា ​(TAFTAC) បានឱ្យដឹង​ក្នុង​ពិធី​ដាក់ឱ្យ​ដំណើរការ​នេះ​ថា ចាប់តាំងពី​ពាណិជ្ជកម្ម និង​ការវិនិយោគ​ទ្វេភាគី​កម្ពុជា និង​សិង្ហ​បុរី​ត្រូវបាន​ពង្រឹង និង​ពង្រីក ការដាក់ឱ្យ​ដំណើរការ SBIF នឹង​បម្រើ​ជា​វេទិកា​ដើម្បី​ជួយ​បង្កើន​កិច្ច​សហប្រតិបត្តិ​ការបន្ថែម​ទៀត និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​វិស័យ​សាធារណៈ និង​ឯកជន​។​

​លោក​ថ្លែងថា​៖ «​ការដាក់ឱ្យ​ដំណើរការ SBIF គឺ​កើតចេញពី​ការប្តេជ្ញាចិត្ត​របស់​យើង​នៅក្នុង​ការជំរុញ​សហគមន៍ ធុរកិច្ច​សិង្ហ​បុរី និង​ការសម្របសម្រួល​ការវិនិយោគ​របស់​សិង្ហ​បុរី​នៅ​កម្ពុជា​។ យើង​ទទួលស្គាល់​ពី​តម្រូវការ​ក្នុងការ​ផ្សារភ្ជាប់​គម្លាត​ព័ត៌មាន និង​បង្កើត​វត្តមាន​យី​ហោ​របស់​សិង្ហ​បុរី​ឡើងវិញ​នៅក្នុង​ប្រទេស​កម្ពុជា​។ បេសកកម្ម​យើង​គឺមាន​ភាពច្បាស់លាស់ ដើម្បីឱ្យ​កាន់តែ​ស៊ីចង្វាក់​គ្នា​ទៅនឹង​ចង្វាក់​អាជីវកម្ម​នៅ​កម្ពុជា និង​សម្រប​ខ្លួន​ឱ្យបាន​ឆាប់​»​។​


​លោកស្រី Cynthia Liaw អនុប្រធាន SBIF និង​ជា​អគ្គ​​នាយិកា​ធនាគារ Panda Bank បានឱ្យដឹងថា ការដាក់ឱ្យ​ដំណើរ​​ការ SBIF នឹង​ក្លាយជា​សម្ទុះ​ថ្មី​មួយ​សម្រាប់​ការប្រមូលផ្តុំ​វិ​និ​យោគិន និង​ពាណិជ្ជករ​ឱ្យមាន​ការភ្ជាប់​ទំនាក់ទំនង​គ្នា​ទៅវិញ​-​ទៅមក​។​

​លោកស្រី​និយាយថា​៖ «​ខ្ញុំ​ចង់​ស្វែងយល់​ឱ្យ​កាន់តែ​ស៊ីជម្រៅ​អំពី​អត្ថប្រយោជន៍​ដ៏​ជ្រាលជ្រៅ​នៃ​វេទិកា SBIF​។ យើង​ម្នាក់ៗ​មានការ​សាទរ​ពី​ឧស្សាហកម្ម​ចម្រុះ​ដែល​នាំមក​នូវ​ការភ្ជាប់​ទំនាក់​ទំនងជា​ពិសេស​ទាំង​ក្នុងស្រុក និង​អន្តរជាតិ​។ ភាព​ចម្រុះ​នេះ គឺជា​កម្លាំង​របស់​យើង​។ តាមរយៈ SBIF យើង​មានឱកាស​ដែល​មិនអាច​ប្រៀបផ្ទឹម​បាន​ក្នុង​ការភ្ជាប់​ទំនាក់ទំនង​ទាំងនេះ ដោយ​ភ្ជាប់​សហគមន៍​អន្តរជាតិ​ជាមួយ​ប្រជាជន​សិង្ហ​បុរី​។ តើ​អ្វី​ជា​គោលបំណង​រួម​របស់​យើង​? គឺ​ដើម្បី​ពង្រឹង និង​ផ្តល់​អំណាច​ដល់​សហគ្រាស​សិង្ហ​បុរី​ដែលមាន​ស្រាប់ និង​រីក​ចម្រើន​នៅ​ប្រទេស​កម្ពុជា​»​។​

​កម្ពុជា និង​សិង្ហ​បុរី បាន​ដាក់ឱ្យ​ដំណើរការ​គំនិត​ផ្តួចផ្តើម​ច្រក​​របៀង​តម្លាភាព​ហិរញ្ញវត្ថុ (FTC)​ ដែល​មានបំណង​ផ្តល់នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​ចាំ​បាច់​សម្រាប់​សេវាកម្ម​ហិរញ្ញវត្ថុ​ឆ្លង​ព្រំដែន និង​ពាណិជ្ជកម្ម​រវាង​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​ប្រទេស​ទាំង​ ២​។​

​ធនាគារជាតិ​នៃ​កម្ពុជា ​(NBC) និង​អាជ្ញាធរ​រូបិយវត្ថុ​សិង្ហ​បុរី (MAS) បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ​(MoU)​ លើ​គំ​និ​ត​ផ្តួចផ្តើម​នេះ​។ នេះ​បើ​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​រួម​កាលពី​ថ្ងៃទី​ ១១ ខែកក្កដា ដែល​ចេញ​ដោយ​ធនាគារកណ្តាល​ប្រទេស​ទាំង​ ២​។​

​បើ​យោងតាម​ទិន្នន័យ​ដែល​ចេញផ្សាយ​ដោយ​អគ្គនាយក​​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា និង​ក្រសួងពាណិជ្ជកម្ម ក្នុងអំឡុង​ឆមាស​ទី១ ឆ្នាំ​ ២០២៣ សិង្ហ​បុរី​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ឈានមុខ​គេ​ទី​៣ របស់​កម្ពុជា នៅ​តំបន់​អាស៊ាន ដែលមាន​ទឹកប្រាក់​ ៧៨៦,៧៧​ លាន​ដុល្លារ​នៃ​ការ​​ផ្លាស់ប្តូរ​ទំនិញ ហើយក៏​ជា​គោលដៅ​នាំចេញ​ទី​៣ របស់​ប្រទេស​នេះ​ផងដែរ ដែលមាន​ទឹកប្រាក់​ចំនួន ៤១៥,០១២​ លាន​ដុល្លារ​៕