​ការវិនិយោគ​ជា​រឿង​ដ៏​សំខាន់​មួយ​ដែល​យើង​គ្រប់គ្នា​គួរ​មានការ​យល់ដឹង​និង​អនុវត្ត​បន្ថែម​ពីលើ​អាជីព​ក៏ដូចជា​ធុរកិច្ច​ដែល​អ្នក​កំពុង​ធ្វើជា​ប្រចាំ​ ដើម្បី​បង្កើត​ចំណូល​អកម្ម​បន្ថែមទៀត​។​ ជម្រើស​នៃ​ការវិនិយោគ​ទៅតាម​ប​ម្រែ​ប​ម្រួ​លវ័យ​របស់​យើង មាន​ដូច​ខាង ក្រោម​៖

១).​ដំណាក់កាល​ស្ថិតក្នុង​អាយុ​ ២០​​ ឆ្នាំ ដល់ ៣០ ​ឆ្នាំ​


​ដំណាក់​កាលដែល​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ និង​ជា​ដំណាក់កាល​ដំបូង​នៃ​ការចាប់ផ្តើម​ចូលធ្វើការ ឬ​ប្រកប​អាជីវកម្ម​ដោយ​ទទួលបាន​ប្រាក់​ចំណូល​ជាប្រចាំ​ខែ ដូចនេះ​អ្នក​គួរ​ចាប់ផ្តើម​សន្សំ​ចាប់ពី ១០% ​នៃ​ប្រាក់​​ចំណូល ដោយ​យកប្រាក់​សន្សំ​នេះ ទៅ​វិនិយោគ​លើ​ផលិតផល​ហិរញ្ញវត្ថុ ដែល មាន​ការធ្វើ​និយតកម្ម​ច្បាស់លាស់ ដូច្នេះ​ការវិនិយោគ​ក្នុង​វិស័យ​មូល​ប​ត្រ គឺជា​ជម្រើស​មួយ​ដ៏​ប្រសើរ​សម្រាប់​អ្នក​ដែល មាន​ដើមទុន​តិច​តែ​នឹង​ទទួលបាន​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន​ពី​ទីផ្សារ​មួយ​នេះ​។ ការចាប់ផ្តើម​បាន​លឿន និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន អ្នក​អាច​រំពឹងថា​នឹង​បាន​រស់នៅក្នុង​ជីវិត​ដែល​គ្មាន​ភាព​តានតឹង​ផ្នែក​ហិរញ្ញវត្ថុ​នាពេល​អនាគត ដូច​មាន​សុភាសិត​មួយ​លើកឡើងថា​«​គ្រា​ដ៏​ល្អ​បំផុត​ដើម្បី​ដាំ​ដើមឈើ​គឺ ២០ ឆ្នាំមុន និង​គ្រា​ចាប់ផ្តើម​ដ៏​ល្អ​បំផុត​គឺ​នៅពេលនេះ​»​។​

ការវិនិយោគ​នៅ​វ័យក្មេង​អនុញ្ញាតឱ្យ​យើង​៖


- មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​សិក្សា​ស្វែងយល់​ពី​ឱកាស និង​ជម្រើស​នៃ​ការវិនិយោគ​។​

- មាន​ពេលវេលា​កែតម្រូវ​យុទ្ធសាស្ត្រ​សម្រាប់​ការវិនិយោគ ដោយ​រៀន​ពី​ភាពជោគជ័យ និង​បរាជ័យ​របស់ខ្លួន​។​

- មាន​សេរីភាព​ក្នុងការ​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ និង​គម្រោង​វិនិយោគ ខណៈ ដែល​ពុំទាន់​មាន​បន្ទុក​ហិរញ្ញវត្ថុ​ត្រូវ​រ៉ាប់រង​។​

​អ្នក​គួរ​ធ្វើ​ពិពិធ​កម្ម​នៃ​ការវិនិយោគ ដូចខាងក្រោម​៖

- វិនិយោគ​លើ​ភាគហ៊ុន​៖ ៨០% ទៅ ៩០%​។​

- វិនិយោគ​លើ​សញ្ញា​បណ្ណ​៖ ១០% ទៅ ២០%​។​

២).​ដំណាក់កាល​ស្ថិតក្នុង​អាយុ​ពី​ ៣១ ឆ្នាំ ដល់​ ៤០ ​ឆ្នាំ​

​ដំណាក់​កាលដែល​មនុស្ស​ទូទៅ​អាច​រកប្រាក់​ចំណូល​បាន​ច្រើនជាង​មុន ហើយក៏​ជា​ពេលវេលា​មួយ​ដ៏​សមស្រប​បំផុត​ដែល​អាច​ចាប់ផ្តើម​កសាង​ស្ថាន​ភាព​ហិរញ្ញវត្ថុ​ឱ្យ​កាន់តែ​រឹងមាំ និង​មាន​ស្ថិរភាព​។ ជាមួយគ្នានេះដែរ ការរៀបចំ​ផែនការ​ចូលនិវត្តន៍​នៅក្នុង​ដំណាក់​កាល​នេះ គឺជា​ការងារ​អាទិភាព​ដើម្បី​ទទួលបាន​សេរីភាព​ហិរញ្ញវត្ថុ​បន្ទាប់ពី​ចូលនិវត្តន៍ និង​ជា​ម្រើ​ស​ដ៏​ឆ្លាត​វៃ​នៅក្នុង​ដំណាក់កាល​នេះ​ផងដែរ​។ បន្ថែម​ពីនេះ អ្នក​គួរ​ដក​ ២០% នៃ​ចំណូល​សរុប​ដើម្បី​វិនិយោគ បើទោះជា​អ្នក​នៅ​ក្មេង​អាច​ទទួលយក​កម្រិត​ហានិភ័យ​បាន​ខ្ពស់ តែ​អ្នក​គួរ​ធ្វើ​ពិពិធ​កម្ម​នៃ​ការវិនិយោគ​ដើម្បី​កាត់បន្ថយ​ហានិភ័យ ដូចខាងក្រោម​៖

- វិនិយោគ​លើ​ភាគហ៊ុន​៖ ៧០% ទៅ ៨០%​។​

- វិនិយោគ​លើ​សញ្ញា​បណ្ណ​៖ ២០% ទៅ​៣០%​។​

៣).​ដំណាក់កាល​ស្ថិតក្នុង​អាយុ​ពី​ ៤១​ ឆ្នាំ ដល់​ ៥០ ​ឆ្នាំ​

​ដំណាក់កាល​នេះ មនុស្ស​ទូទៅ​មាន​ទាំង​បទពិសោធន៍ ទ្រព្យសម្បត្តិ និង​មាន​កម្រិត​នៃ​ប្រាក់ចំណូល​ចន្លោះ​ពី​បង្គួរ​ទៅ​ខ្ពស់ ដូចនេះ​អ្នក​គួរ​វិនិយោគ​បន្ថែម​លើ​មូល​ប​ត្រ ដើម្បី​បង្កើន​នូវ​ប្រាក់ចំណូល​នៃ​ការវិនិយោគ​ជា​អតិ​​បរមា និង​ដើម្បី​កាត់បន្ថយ​ហានិភ័យ អ្នក​គួរ​សិក្សា​បន្ថែម​ពី​ទីផ្សារ​មូល​ប​ត្រ​នៅ​កម្ពុជា តាមរយៈ​ការតាមដាន​ព័ត៌មាន​ក្នុង​គេហទំព័រ​ហេ្វ​ស​ប៊ុ​ក និង​បណ្តាញ​តេ​ឡេ​ក្រាម​របស់​និយតករ​មូល​ប​ត្រ​កម្ពុជា ​(​ន​.​ម​.​ក​.) និង​ផ្សា​រមូល​ប​ត្រ​កម្ពុជា (​ផ​មក​) ឬ​ចូលរួម​ក្នុង​វគ្គ​​បណ្តុះបណ្តាល និង​សិក្ខាសាលា​ផ្សេងៗ ដែល​ត្រូវបាន​រៀបចំឡើង​ជាប្រចាំ​ដោយ​មក ឬ​ទាក់ទង​ដោយផ្ទាល់​ទៅកាន់​ក្រុមហ៊ុន​មូល​ប​ត្រ​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី ន​.​ម​.​ក​. ដើម្បី​ស្វែង​​រក​ជំនួយ​បន្ថែម​។ ដូច្នេះ អ្នក​គួរ​ធ្វើ​ពិ​ពិ​ធ​កម្ម​នៃ​ការវិនិយោគ ដូចខាងក្រោម​៖

- វិនិយោគ​លើ​ភាគហ៊ុន​៖ ៦០% ទៅ ៧០%​។​

- វិនិយោគ​លើ​សញ្ញា​បណ្ណ​៖ ៣០% ទៅ ៤០%​។​

៤).​ដំណាក់កាល​ស្ថិតក្នុង​អាយុ​ពី ៥១​ ឆ្នាំ ដល់ ៦៩ ​ឆ្នាំ​

​ដំណាក់កាល​នៃ​ការប្រើប្រាស់​ពេល​​វេលា​ជីវិត​ដ៏​រីករាយ បន្ទាប់ពី​ចំណាយពេល​វេលា​ដ៏​យូ​រលើ​ការងារ និង​ការ​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​។ ក្នុង​វ័យ​នេះ អ្នក​គួរតែ​ស្វែងរក​អ្វី​ដែលជា​ចំណង់​ចំណូលចិត្ត​ផ្ទាល់ខ្លួន និង​ចំណាយ​ពេលវេលា​លើ​ការចូលនិវត្តន៍​ប្រកបដោយ​ភាព​ឆ្លាត​វៃ និង​នៅតែ​បន្ត​ការវិនិយោគ ជាពិសេស​ក្នុង​ជម្រើស​ណា​ដែលមាន​ហានិភ័យ​ទាប ឬ​ទិញ​កញ្ចប់​ធានារ៉ាប់រង​សោធន​និវត្តន៍​និង​ធានារ៉ាប់រង​ណា​ដែលមាន​អត្ថ​ប្រយោជន៍​លើ​ជីវភាព​រស់នៅ បន្ទាប់ពី​ការចូលនិវត្តន៍​ផងដែរ​។ ដូច្នេះ អ្នក​គួរ​ធ្វើ​ពិពិធ​កម្ម​នៃ​ការវិនិយោគ ដូចខាងក្រោម​៖

- វិនិយោគ​លើ​ភាគហ៊ុន​៖ ៥០% ទៅ ៦០%​។​

- វិនិយោគ​លើ​សញ្ញា​បណ្ណ​៖ ៤០% ទៅ ៥០%​។​

***​អត្ថបទ​នេះ​ត្រូវបាន​ចងក្រង​ឡើង​ក្នុង​គោលបំណង​ផ្តល់​ជា​ព័ត៌មាន និង​អប់រំ​តែប៉ុណ្ណោះ ដោយ​មិន​ឆ្លុះបញ្ចាំង​ពី​អនុសាសន៍ ឬ​ដំបូន្មាន​ក្នុងការ​វិនិយោគ​នោះទេ​។ ន​.​ម​.​ក​.​មិន​ទទួលខុសត្រូវ​ចំពោះ​ការបាត់បង់ ឬ​ការខូចខាត​ណាមួយ​ឡើយ​។​

​យោង​៖ https://www.investopedia.com/articles/investing/ 090915/are-your-investments-right-your-age.asp

រៀបចំ​ដោយ​៖ និយតករ​មូល​ប​ត្រ​កម្ពុជា​

​នាយកដ្ឋាន​ស្រាវជ្រាវ បណ្តុះបណ្តាល អភិវឌ្ឍន៍​ទីផ្សារ​មូល​ប​ត្រ និង​ទំនាក់​ទំនង​អន្តរជាតិ​

​អ៊ីមែ​ល​៖ edu@serc.gov.kh

​ទូរស័ព្ទ​៖ ០២៣ ៨៨៥ ៦១១