​ភ្នំពេញៈ អ្នកជំនាញ​មាន​សុ​ទិដ្ឋិ​និយម​ថា វិស័យ​មូល​ប​ត្រ​កម្ពុជា​នឹង​កាន់តែ​មមាញឹក​ថែមទៀត បន្ទាប់ពី​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា (SERC) ចេញ​សេចក្តីជូនដំណឹង​ស្តីពី​ការដាក់​ឱ្យប្រើ​ប្រាស់​នូវ​ប្រកាស​របស់​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​។​

​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា ពីថ្ងៃ​ទី​ ២៦ ខែកក្កដា បានចេញ​សេចក្ដីជូនដំណឹង​មួយ​ស្ដីពី​ការដាក់ឱ្យ​ប្រើប្រាស់​ប្រកាស​ស្ដីពី​ការបោះ​ផ្សាយ​លក់​ឯក​តា​មូលនិធិ​នៃ​គម្រោង​វិនិយោគ​រួម ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិ​រញ្ញ​វត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន កាលពី ថ្ងៃទី ​២០ ខែកក្កដា កន្លងមក​។​


​អគ្គនាយក​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា លោក ស៊ូ សុជាតិ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៣០ ខែកក្កដា ថា ប្រកាស​ពី​ការ​​ដាក់ឱ្យ​ប្រើប្រាស់​ប្រកាស​ស្តីពី​ការបោះ​ផ្សាយ​លក់​ឯក​តា​មូលនិធិ​នៃ​គម្រោង​វិនិយោគ​រួម គឺជា​អ្វីដែល​គ្រប់គ្នា​រង់ចាំ​ជា​យូរ​មកហើយ ​(Collective Investment Scheme [CIS])​។

លោក​បាន​ពន្យល់ថា CIS គឺជា​គម្រោង​មូល​និ​ធិ​នៃ​គម្រោង​វិនិយោគ​រួម ដែល​គេ​យកមក​បំបែក​ជា​ឯក​តា​តូចៗ ដើម្បី​បោះផ្សាយ​លក់​ក្នុង​គោលបំណង​ប្រ​មូល​ប្រាក់​ពី​ការលក់ យកទៅ​អភិវឌ្ឍ​គម្រោង​ណាមួយ​ដែល​ក្រុមហ៊ុន ​(​ក្រុមហ៊ុន​វិនិយោគ​រួម​)​ បាន​ចុះបញ្ជី​រួចរាល់​នៅ​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​។​


​លោក​បញ្ជាក់ថា​៖ «​នេះ​ជា​យន្តការ​ថ្មី ដែល​នឹង​បង្កើតឱ្យមាន​ទីផ្សារ​ថ្មី​ (​ទីផ្សារ​គម្រោង​មូលនិធិ​) ដោយ​ទីផ្សារ​នេះ​គឺជា​ប្រភព​អាច​ផ្តល់​មូលធន​យកទៅអនុវត្ត​គម្រោង​ជាក់ស្តែង​ណាមួយ​ដែលមាន​សក្តានុពល ព្រមទាំង​ផ្តល់​ផលចំណេញ​សម្រាប់​អ្នកទិញ​ឯក​តា​មូលនិធិ​»​។​

​បើតាម​លោក សុជាតិ សម្រាប់​ឯក​តា​មូលនិធិ​នៃ​គម្រោង​វិនិយោគ​រួម​នេះ ត្រូវបាន​ចែកចេញជា​ច្រើន​ប្រភេទ ដូចជា មូលនិធិ​ឯកជន មូលនិធិ​សាធារណៈ មូលនិធិ​សម្រាប់​អនុវត្ត​គម្រោង​ពាក់​ព័ន្ធ​វិស័យ​អចលនទ្រព្យ និង​ប្រភេទ​ផលិតផល​មួយចំនួនទៀត​។​

​បើតាម​លោក សុជាតិ នឹងមាន​គម្រោង​មួយចំនួន​នឹង​ត្រូវគេ​យកទៅ​ចុះបញ្ជី​បន្ត​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា ដើម្បី​ធ្វើការ​ជួញដូរ​ជា​បន្តទៀត​។​

​នាយិកា​ផ្នែក​ទីផ្សារ​នៃ​ផ្សា​រមូល​ប​ត្រ​កម្ពុជា ​(CSX) លោកស្រី គឹម សុ​ផានី​តា បាន​និយាយថា គម្រោង​វិនិយោគ​រួម​នេះ​នឹង​ក្លាយជា​ផលិត​ផល​ថ្មី​មួយទៀត​ជា​ជម្រើស​បន្ថែម​សម្រាប់​វិនិយោគិន​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា ដោយ​ផលិតផល​ថ្មី​នេះ​នឹងមាន​លក្ខណពិសេស តាមរយៈ​ការជួយ​ឱ្យ​អ្នក​ដែលមាន​ប្រាក់​នៅសល់ ប៉ុន្តែ​មិនមាន​ពេល និង​ជំនាញ​ក្នុង​ប្រភេទ​អាជីវកម្ម​ណាមួយ​ទៅឱ្យ​អ្នកគ្រប់គ្រង​មូលនិធិ​យកទៅ​វិនិយោគ​បន្ត​ទៅតាម​ជំនាញ​របស់​ពួកគេ​។

​លោកស្រី​អះអាងថា​៖ «​ប្រកាស​របស់​និយតករ​មូល​ប​ត្រ​កម្ពុជា នឹង​អនុញ្ញាតឱ្យ​មាននូវ​ក្របខ័ណ្ឌ និង​បទ​ប្បញ្ញត្តិ គ្រប់គ្រាន់​សម្រាប់​ឱ្យ​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ ​(​ទទួល​អាជ្ញា​បណ្ណ​ពី SERC)​ ធ្វើការ​ប្រកាស​ដាក់ចេញ​នូវ​គម្រោង វិនិយោគ​ដើម្បី​ពុះ​ច្រៀក​តូចៗ​ទៅឱ្យ​សាធារណជន ក្នុងន័យ​ប្រមូល​ទុន​ទៅធ្វើ​ការវិនិយោគ​»​។​

​លោកស្រី​លើកឡើង​ទៀតថា​៖ «​ទោះ​ស្ថានភាព​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភព​​លោក​នៅមាន​បញ្ហា​ប្រឈម​ច្រើន ប៉ុន្តែ​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា នឹងមាន​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​មាន​ចំណាប់អារម្មណ៍​ក្នុងការ​បោះផ្សាយ​នូវ​គម្រោង​វិនិយោគ​រួម​ដើម្បី​យើង​អាច​ទទួលបាន​នូវ​ផលិត​ផល​ថ្មី​មួយទៀត​នៅ​ផ្សារ​ហ៊ុន​កម្ពុជា​»​។​

​យោងតាម​ទិន្នន័យ​ពី CSX មូលធន​ប្រមាណ ២២២ ​ពាន់​លាន​រៀល (៥៥,៥ លាន​ដុល្លារ​) ត្រូវបាន​ប្រមូល បាន​កាលពី​ឆ្នាំ​ ២០២២ តាមរយៈ​ផ្សារ​ហ៊ុន កើនឡើង ១៣៣ ​ភាគរយ​ធៀប​ឆ្នាំ​ ២០២១ ដែល​ក្នុងនោះ​មូលធន​ពី​សញ្ញា​បណ្ណ​សាជីវកម្ម​មា​ន​ចំនួន ៦៣ ​ភាគរយ និង​បណ្ណ​បំណុល​រដ្ឋ​មាន​ចំនួន ៣២ ភាគរយ​។​

​ក្រុមហ៊ុន​សរុប​ចំនួន​ ១៨ ចុះបញ្ជី​នៅលើ CSX ក្នុងនោះ​ក្រុមហ៊ុន​ចំនួន​ ៩ ​ចុះបញ្ជី​បោះផ្សាយ​មូល​ប​ត្រ​កម្មសិទ្ធិ​និង​ក្រុមហ៊ុន​ចំនួន ៩​ ផ្សេងទៀត ចុះបញ្ជី​សញ្ញា​បណ្ណ​។ ក្រុមហ៊ុន​ទាំងនេះ​ប្រមូល​មូលនិធិ​សរុប ៣១៧​ លាន​ដុល្លារ​តាមរយៈ​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​លើកដំបូង​ជា​សាធារណៈ​នៅលើ​ផ្សារ​ហ៊ុន​នេះ​។ នេះ​បើ​យោងតាម CSX​។​

CSX បានដាក់​ទិសដៅ​សម្រាប់​ឆ្នាំ​ ២០២៣ ក្នុងការ​ធ្វើឱ្យមាន​កំណើន​នៃ​ការចុះបញ្ជី​មូល​ប​ត្រ​ថ្មី​ដល់ ១៤ និង​តម្លៃ​ជួញដូរ​ប្រចាំ​ថ្ងៃជា​មធ្យម​ដល់​ ១​ លាន​ដុល្លារ ដែល​តម្លៃ​ជួញដូរ​នេះ​នឹងធ្វើ​ឱ្យមាន​កំណត់ត្រា​ខ្ពស់បំផុត​ក្នុង​រយៈពេល ​៣​ ឆ្នាំ​ជាប់ៗ​គ្នា​៕