ភ្នំពេញៈ ប្រទេស​កម្ពុជា រួមជាមួយ​នឹង​បណ្ដា​ប្រទេស​ផ្សេងទៀត​ រួមមាន​បង់​ក្លា​ដែ​ស ប៊ូ​តាន អាហ្វ្រិក​ខាងត្បូង និង​អ៊ីរ៉ាក់ ឥឡូវនេះ​ អាច​ស្នើសុំ​ទិដ្ឋាការ​អេឡិចត្រូនិក (e-Visa)​ សម្រាប់​ការធ្វើដំណើរ​ទៅកាន់​ប្រទេស​តួ​ក​គី ​បាន​ហើយ ខណៈដែល​វិស័យ​ឯកជន​ បានឱ្យដឹងថា វិធានការ​នេះ​ នឹងមិន​ត្រឹមតែ​ប្រសើរឡើង ​ក្នុងការ​លើកកម្ពស់​វិស័យ​ទេសចរណ៍ ប៉ុន្តែ​ថែមទាំង​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ប្រទេស​ទាំង​២​ ផងដែរ​។​

​យោងតាម​ការចុះផ្សាយរ​បស់​កាសែត digital journal នៅ​ថ្ងៃទី​២៩ ខែកក្កដា ទិដ្ឋាការ​អេឡិចត្រូនិក (e-Visa)​ របស់​ប្រទេស​តួ​ក​គី គឺជា​យន្តការ​អនុញ្ញាត​តាម​អេឡិចត្រូនិក ​ដែល​បានអនុញ្ញាត​អោយ​ភ្ញៀវទេសចរ​ មកពី​ជាង ១០០ ចូល​ប្រទេស​ខ្លួន ខណៈពេលដែល​ប្រទេសតួ​ក​គី​ មាន​ភាពល្បីល្បាញ​ ដោយសារ​មរតក​វប្បធម៌​ដ៏​សម្បូរបែប ក៏ដូចជា​ភាព​អំណោយផល​របស់​ប្រទេស​នេះ​ផងដែរ​។ ភ្ញៀវ​អន្តរជាតិ​មួយចំនួនធំទៅលេង​ប្រទេស តួ​ក​គី ដើម្បី​ស្វែងយល់​ពី​តំបន់​ទេសចរណ៍​ដ៏​អស្ចារ្យ និង​ចូលរួម​សកម្មភាព​ដ៏​រំភើប​រីករាយ​នានា ​និង​ទទួលបាន​បទពិសោធន៍​ដ៏​អស្ចារ្យ​ជាច្រើន​ទៀត ​នៅក្នុង​ប្រទេស​ដ៏​ស្រស់ស្អាត​មួយ​នេះ​ផងដែរ​។​


«​សម្រាប់​ប្រជាជន​កម្ពុជា ទិដ្ឋាការ​តួ​ក​គី នៅពេលនេះ ​អាច​រកបាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​អាចឱ្យ​អ្នកដំណើរ​ដាក់ពាក្យ​សុំ​បាន​ក្នុង​រយៈពេល​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​។ ទិដ្ឋាការ​អេឡិចត្រូនិក​របស់​ប្រទេស តួ​ក​គី​ជំនួស «​ទិដ្ឋាការ​ស្ទិ​ក​ឃ័​រ​» ពីមុន​ហើយ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ព​ន្លឿ​ន​ដំណើរការ​ស្នើសុំ​ទិដ្ឋាការ ដែល​អាចឱ្យ​អ្នកដំណើរ​សន្សំសំចៃ​ពេលវេលា​នៅពេល​ដាក់​ពាក្យសុំ​ទិដ្ឋាការ និង​ចូលមក​ប្រទេស​នេះ​»​។ នេះ​បើ​យោងតាម​ប្រព័ន្ធ​ព័ត៌មាន​ខាងលើ​។​

​លោក តុ​ប សុភ័ក រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ ពុំ​អាច​សុំ​ការអត្ថាធិប្បាយ​បានទេ​នៅ​ថ្ងៃទី​៣១ កក្កដា នេះ​។​


​បើ​យោងតាម​ប្រភព​ដដែល ប្រជាជន​កម្ពុជា អាចដាក់​ពាក្យសុំ​ទិដ្ឋាការ​អេឡិចត្រូនិក​ទៅ​ប្រទេស​តួ​ក​គី សម្រាប់​វិស្សមកាល ធុរកិច្ច ឬ​ហេតុផល​វេជ្ជសាស្ត្រ​នានា​។ ទិដ្ឋាការ​តាម​អ៊ីនធឺណិត​សម្រាប់​ប្រទេសតួ​ក​គី គឺជា​ទិដ្ឋាការ​ចូល​តែម្ដង ឬ​ច្រើនដង ដែល​អនុញ្ញាតឱ្យ​ស្នាក់នៅ​រយៈពេល ៣០ ឬ ៩០ ថ្ងៃ អាស្រ័យ​លើ​សញ្ជាតិ​របស់​អ្នក​កាន់​លិខិតឆ្លងដែន​។ ទិដ្ឋាការ ​e-Visa របស់​ប្រទេស​តួ​ក​គី ជាទូទៅ​មាន​សុពលភាព​រយៈពេល ១៨០ ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ចេញ​ទិដ្ឋាការ​។​

«​ប្រជាពលរដ្ឋ​កម្ពុជា អាចដាក់​ពាក្យសុំ​ទិដ្ឋាការ​ស្នាក់នៅ​រយៈពេល​យូរ​បែប​ប្រពៃណី​នៅក្នុង​ប្រទេស តួ​ក​គី ឬ​សម្រាប់​ហេតុផល​ផ្សេងទៀត ​នៅ​ស្ថានទូត​ប្រទេស​តួ​ក​គី ប្រចាំ​កម្ពុជា ឬ​ក្រៅ​ប្រទេស​។ ទិដ្ឋាការ​អេ​ឡិ​ក​ត្រូ​និក រ​បស់​ប្រទេសតួ​ក​គី ​សម្រាប់​ប្រជាជន​កម្ពុជា​ ជួយ​សម្រួល​ដំណើរ​ការដាក់​ពាក្យសុំ និង​លុបបំបាត់​តម្រូវការ​ទៅ​ជួប​ស្ថានទូត ឬ​ស្ថាន​កុងស៊ុល​ ដោយផ្ទាល់​។ ​អ្នកដំណើរ​ប្រជាជន​កម្ពុជា ​អាច​ស្នើសុំ​ទិដ្ឋាការ​របស់​ពួកគេ ​ក្នុង​រយៈពេល​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ដោយ​បំពេញ​ទម្រង់​បែបបទ​តាម​អ៊ីនធឺណិត ​ដោយ​ងាយស្រួល​»​។ នេះ​បើ​យោងតាម​ប្រព័ន្ធ​ព័ត៌មាន​ដដែល​។​

​លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក (PATA)​ បានឱ្យដឹងថា តួ​ក​គី​ដែលជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ ​បន្ទាប់ពី​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ ក្រៅពី​ប្រទេស​ផ្សេងទៀត​ ជុំវិញ​អឺរ៉ុប និង​មជ្ឈិមបូព៌ា ដែល​កម្ពុជា​អាច​ជំរុញ​ការទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែច្រើន​ពី​ប្រទេស​នោះ​។​

​លោក​ថ្លែងថា​៖ «​រហូតមកដល់​ពេលនេះ យើង​បាន​ពិភាក្សា​ជាច្រើន​ជាមួយ​ប្រទេស​តួ​ក​គី ​ក្នុងការ​លើកកម្ពស់​វិស័យ​ទេសចរណ៍ និង​ពាណិជ្ជកម្ម​។ ទោះជា​យ៉ាងណា​ ខ្ញុំ​មើលឃើញថា ការរីកចម្រើន​គឺ​យឺត​បន្តិច​។ ខ្ញុំ​សង្ឃឹមថា នៅពេលដែល​ប្រទេស​ទាំង​២​ បាន​ព្រមព្រៀងគ្នា​ក្នុង​ការជំរុញ​ពាណិជ្ជកម្ម និង​ទេសចរណ៍ តួ​ក​គី​ នឹង​ក្លាយជា​ដៃគូ​មួយ​ជាមិនខាន​»​។​

​កាលពីដើម​ខែម​ករាគ​ណៈ​កម្ម​ការ​សេដ្ឋកិច្ច​រួម​កម្ពុជា និង តួ​ក​គី​បាន​បើក​កិច្ចប្រជុំ​លើក​ទី​៣​នៅ​ភ្នំពេញ​ជា​កន្លែង​ដែល ប្រទេស​នេះ បានបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុង​ការធ្វើការងារ​ពាក់​ព័ន្ធ​ដែលមាន​ចែង​នៅក្នុង​អនុស្សរណៈ​រួម ​ដែល​បាន​ចុះហត្ថលេខា​ពីមុន​ខណៈពេលដែល​កំណ​ត់​ភារកិច្ច​បន្ថែម​។​

​កាលពី​ថ្ងៃទី​៤ ខែឧសភា លោកស្រី តឹក​រ៉េត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Ulku Kocaefe ឯកអគ្គរដ្ឋទូត​តួ​ក​គី និង​លោក ​Zore Aksain Simsek ទីប្រឹក្សា​ពាណិជ្ជកម្ម​ទី​១ របស់​ស្ថានទូតប្រចាំ​ទីក្រុង​ភ្នំពេញ​ បានបញ្ជាក់​ជាថ្មី នូវ​ការប្តេជ្ញាចិត្ត​របស់​ពួកគេ​ ក្នុង​ការបំពេញ​នីតិវិធី​ផ្ទៃក្នុង​ចាំបាច់ ដើម្បី​ចាប់ផ្តើម​ការសិក្សា​លទ្ធភាព​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទ្វេភាគី (EPA) ដែលមាន​សក្តានុពល​សំដៅ​បង្កើន​ពាណិជ្ជកម្ម និង​ការវិនិយោគ​ទ្វេភាគី មុនពេល​ចាប់ផ្តើម​ការចរចា​។​

​តួលេខ​ក្រសួងពាណិជ្ជកម្ម​បង្ហាញថា ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២​នៅមានកម្រិត​នៅឡើយ ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ សម្រេចបាន​ត្រឹមតែ ៤៦២,៦៣ លាន​ដុល្លារ​ ក្នុង​រយៈពេល​ ៥​ ឆ្នាំ​ចាប់ពី​ឆ្នាំ ២០១៧-២០២១ ដោយ​គ្រាន់តែ​ឆ្នាំ​២០២១ មាន​ចំនួន ៩០,៦៣ លាន​ដុល្លារ​កើនឡើង ២,០៦ ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​ កាលពី​ឆ្នាំ​២០២០​។ ជា​មធ្យម​ប្រចាំឆ្នាំ ចាប់ពី​ឆ្នាំ ២០១៧-២០១៩ គឺ​ខ្ពស់ជាង​បន្តិច​ក្នុង​ចំនួន ៩៤,៤ លាន​ដុល្លារ​។​

​កាលពី​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ​២០២២ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​ចំនួន ១៣៦,១៤៩ លាន​ដុល្លារ កើនឡើង ៦៣,៦ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​ការនាំចេញ​ទំនិញ​សំខាន់ៗ​របស់​កម្ពុជា​ទៅកាន់​ប្រទេសតួ​ក​គី​ រួមមាន​សម្លៀកបំពាក់​វាយ​ន​ភណ្ឌ ស្បែកជើង ទំនិញ​ធ្វើដំណើរ និង​អង្ករ ខណៈដែល​ការនាំ​ចូល​ទំនិញ​សំខាន់ៗ ​រួមមាន គ្រឿង​ម៉ាស៊ីន ឱសថ កញ្ចក់​សូ​ឡា ដែក និង​ដែកថែប និង​ប្លា​ស្ទិ​ក​។ នេះ​បើ​យោងតាម​ក្រសួង​៕