​ភ្នំពេញៈ ឥណទាន និង​ប្រាក់​បញ្ញើ​នៅក្នុង​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​នៅ​រក្សា​កំណើន ១៣,៨ ​ភាគរយ និង​ ៦,៤​ ភាគរយ​រៀង​គ្នា​នៅ​ឆមាស​ទី ​១​ នេះ បើ​ទោះ​បី​ស្ថានភាព​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​សកល​មាន​កំណើន​យឺត​ដោយសារ​ការបន្ត​អូស​បន្លាយពេល​សង្គ្រាមរ​វាង​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី ដែល​បង្ក​ឱ្យ​ប៉ះពាល់​ដល់​តម្រូវ​ការ​សកល​។​

​របាយការណ៍​របស់​ធ​នាគារ​ជាតិ​នៃ​កម្ពុជា​ (NBC) ចេញផ្សាយ​កាលពី​ថ្ងៃទី ​៣១ ខែកក្កដា ឱ្យដឹងថា ឥណទាន មាន​កំណើន ១៣,៨​ ភាគរយ​ទៅដល់ ៥៨,៦​ ពាន់​លាន​ដុល្លារ និង​ប្រាក់​បញ្ញើ​អតិថិជន​កើនឡើង ៦,៤​ ភាគរយ​កើន​ដល់ ៤៤,៤ ​ពាន់​លាន​ដុល្លារ​។ ជាមួយគ្នានេះ​ដើមទុន​ក្នុង​ប្រព័ន្ធ​ធនាគារ​មាន​កំណើន ៨,១​ ភាគរយ ​ដល់ ៨,៧ ពាន់​លាន​ដុល្លារ​។​


​សម្រាប់​វិស័យ​ធនាគារ ឥណទាន​អតិថិជន​កើនឡើង ១១,៩ ​ភាគរយ​ដល់ ៤៥,៨​ ពាន់​លាន​ដុល្លារ និង​មាន​ចំនួន ​១,៦ ​លាន​គណនី​។ ឥណទាន​ត្រូវ​បានផ្តល់​ទៅ​វិស័យ​សំខាន់ៗ​ក្នុង​សេដ្ឋកិច្ច​ដូចជា ការជួញដូរ​រាយ ១៦ ​ភាគរយ​ (​កើន ១២,៩ ភាគរយ​), ការ​ទិញ​ផ្ទះ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ១៤,៥​ ភាគ​រយ ​(​កើន ១៧,៥​ ភាគរយ​), ការ​ជួញ​ដូរ​អចលនទ្រព្យ ៩,៥​ ភាគរយ ​(​កើន ​១៣,៦​ ភាគរយ​), ការជួញដូរ​ដុំ ៩,៣​ ភាគរយ ​(​កើន ​១១,៧​ ភាគរយ​), សំ​ណង់ ៩ ​ភាគរយ​ (​កើន ​៨,៩​ ភាគរយ​), កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ៨​ភាគរយ​ (​កើន ១៣,៤ ​ភាគរយ​), ការ​​ឱ្យ​ខ្ចី​ជា​បុគ្គល ៨,៣ ​ភាគរយ ​(​កើន ​០,៩​ ភាគរយ​), កម្មន្តសាល ៤,៣​ ភាគរយ (​កើន ២២,២ ​ភាគរយ​), សណ្ឋាគារ និង​ភោជនីយដ្ឋាន ៤,២ ​ភាគរយ ​(​កើន ៧,៨​ ភាគរយ​), និង​ផ្សេងៗ ១៦,៩​ ភាគរយ​ (​កើនឡើង ១០,៤​ ភាគរយ​)​។ ចំណែក​ប្រាក់​បញ្ញើ កើន ៦,៤​ ភាគរយ ដល់ ៣៩,៤​ ពាន់​លាន​ដុល្លារ និង​មាន​ចំនួន ១៣,៧ ​លាន​គណនី​។​

​សម្រាប់​វិស័យ​មីក្រូហិរញ្ញវត្ថុ ឥណ​ទាន​អតិថិជន​បាន​កើនឡើង ១៤,៨​ ភាគរយ ដល់ ៩,៧​ ពាន់​លាន​ដុល្លារ​។ ឥណទាន​ទាំងនោះ​ផ្តល់ទៅឱ្យ​វិស័យ​សំខាន់ៗ​ដូចជា អង្គភាព​គ្រួសារ ៣៤ ភាគរយ ​(​កើន ១៨,៤​ភាគរយ​), ពា​ណិ​ជ្ជ​កម្ម និង​ជំនួញ ២៣,២ ​ភាគរយ ​(​កើន ​១៥​ ភាគរយ​), កសិកម្ម ១៧,៧​ ភាគរយ ​(​កើន ១៣,២ ​ភាគរយ​), សេវា​កម្ម​ ១៣,៤​ ភាគរយ ​(​កើន ​៨,៩ ​ភាគ​រយ​), ដឹកជញ្ជូន ៤,២ ​ភាគរយ​ (​កើន ​០,២ ​ភាគរយ​), សំណង់ ៤,៤ ​ភាគរយ ​(​កើន ១៤​ ភាគរយ​), កម្មន្តសាល ១,៩​ ភាគរយ ​(​កើន ៣០,៨​ភាគរយ​), និង​ផ្សេងៗ ១,៣ ​ភាគរយ​(​កើនឡើង​ ៤២,៤​ ភាគរយ​)​។ វិស័យនេះ​ទទួល​បាន​ប្រាក់​បញ្ញើ ៤,៩​ ពាន់​លាន​ដុល្លារ ស្មើនឹង ២,៧​ លាន​គណនី​។​


​លោក ជា ចាន់តូ ទេសាភិបាល​នៃ​ NBC បាន​ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ឆមាស​ទី​១ ឆ្នាំ​ ២០២៣ កាលពី​ថ្ងៃទី ​៣០ ខែកក្កដា​ថា ក្នុង​ឆមាស​ទី​១ នេះ​ប្រព័ន្ធ​ធនាគារ​កម្ពុជា​ត្រូវបាន​បន្ត​អភិវឌ្ឍ​ឱ្យ​កាន់តែ​រឹងមាំ ហើយ​ស្ថិរភាព​នៃ​ប្រព័ន្ធ​ធនាគារ​បាន​ដើរតួនាទី​យ៉ាងសកម្ម​នៅក្នុង​ការ​​លើកស្ទួយ​សកម្មភាព​សេដ្ឋកិច្ច និង​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​។​

​លោក​បន្តថា បើទោះបី​លក្ខខណ្ឌ​ហិរញ្ញវត្ថុ​សកល​កំពុងស្ថិត​ក្នុង​ស្ថាន​​ភាព​រឹតត្បិត ធនាគារ​នៅ​អាមេរិក​ចំនួន​ ៣ បាន​ដួលរលំ​នា​ដើមឆ្នាំ​ ២០២៣ ដែល​បង្ក​ការព្រួយបារម្ភ​នៅលើ​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ ក៏​ប្រព័ន្ធ​ធនាគារ​កម្ពុជា​នៅតែ​រក្សាបាន​ភាព​ធន់ និង​រឹង​​មាំ​។ លោក​បន្តថា ស្ថានភាព​ដើមទុន និង​សន្ទនីយ​ភាព​បន្ត​មាន​កម្រិត​ខ្ពស់ជាង​បទ​ប្បញ្ញត្តិ ខណៈ​អនុ​បាត​ឥណ​ទាន​មិន​ដំណើរការបាន​កើនឡើង​បន្តិច ប៉ុន្តែ​ស្ថិតនៅ​កម្រិត​ទាប​ដែល​មិន​បង្ក​ជា​ហានិភ័យ​ដល់​ស្ថិរភាព​ហិ​រញ្ញ​វត្ថុ​នោះឡើយ​។ ឥណទាន និង​ប្រាក់​​បញ្ញើ​មាន​កំណើន ១៣,៨​ ភាគរយ និង ៦,៤ ​ភាគរយ​រៀង​គ្នា ដែល​បានរួម​ចំណែក​គាំទ្រ​ដល់​ការស្តារ​សកម្មភាព​សេដ្ឋកិច្ច​នៅតាម​វិស័យ​នានា​។​

​លោក​ថ្លែងថា​៖ «​ស្ថិរភាព​ល្អប្រសើរ​នៃ​ប្រព័ន្ធ​ធនាគារ​កម្ពុជា គឺ​ដោយសារ​កន្លងមក​ធនា​គារ​ជាតិ​នៃ​កម្ពុជា​បាន​អនុវត្ត​នយោបាយ​ម៉ាក្រូ និង​មីក្រូ​ប្រុង​ប្រយ័ត្ន​ប្រកបដោយ​ស្មារតី​បុ​រេ​សកម្ម ហើយ​ការត្រួតពិនិត្យ​ប្រព័ន្ធ​ធនាគារ និង​ការធ្វើ​តេស្ត​លើ​ភាពរឹងមាំ​នៃ​គ្រឹះ​ស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ត្រូវបាន​ធ្វើឡើង​ជាប្រចាំ​»​។​

​លោក ទូច ចៅ​ចេក នាយក​ប្រតិបត្តិ​​ធនាគារ​ប្រៃសណីយ៍​កម្ពុជា បាន​កត់​សម្គាល់ថា ទាំង​កម្ចី និង​ប្រាក់​បញ្ញើ​ក្នុង​វិស័យ​ធនាគារ​នៅតែមាន​កំណើន ប៉ុន្តែ​ក្នុង​ល្បឿន​យឺត ដោយសារ​អត្រាកំណើន​ទាប​ជាង​អត្រាកំណើន​នៅ​ឆ្នាំ ​២០២២​។ លោក​បន្តថា ធនាគារ​របស់លោក​ក៏បាន​កើនឡើង​ទាំង​កម្ចី និង​បញ្ញើ​នៅ​ឆមាស​ទី​១ ​នេះដែរ​។ ប៉ុន្តែ​នៅ​ឆ្នាំនេះ ធនាគារ​របស់លោក​ភាគ​​ច្រើន​ផ្តោតលើ​ប្រាក់​បញ្ញើ​ដែល​កើន​ឡើង​ច្រើនជាង​ប្រាក់កម្ចី​។​

​លោក​បញ្ជាក់ថា​៖ «​ប្រព័ន្ធ​ធនាគារ​របស់​យើង​នៅតែមាន​ភាពរឹងមាំ ប៉ុន្តែ​គ្រាន់តែ​អត្រាកំណើន​ទាប​ជាង​អត្រាកំណើន​ពីមុន ដោយសារតែ​ការ​កើន​ឡើង​នៃ​អត្រា​ការប្រាក់​ក៏​ប៉ះពាល់​ដល់​តម្រូវ​ការប្រាក់​កម្ចី​ផងដែរ​»​។

​គិត​ត្រឹម​ដំណាច់ខែ​មិថុនា ឆ្នាំ ២០២៣ ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុ​ជាមាន​ធនាគារ​​ពាណិជ្ជ​ ៥៩ ធនាគារ​ឯកទេស​ ៩ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ ​៥ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិន​ទទួល​ប្រាក់​បញ្ញើ ៨២ គ្រឹះស្ថាន​ឥណ​ទាន​ជនបទ​ ១១៨៕