ភ្នំពេញៈ​លោក​ អាន តារា ​ប្រធាន​សហ​ព័ន្ធ​ស្វាយ​ចន្ទី​កម្ពុជា​បាន​ឱ្យដឹង​នៅ​ថ្ងៃទី ​២ ខែសីហា​ថា កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ ខាង​សហ​ព័ន្ធ​ស្វាយ​ចន្ទី​កម្ពុជា​បាន​ទៅ​ជួប​ជា​មួយ​ប្រធាន​សមា​គម​ស្វាយ​ចន្ទី​វៀត​ណាម​នៅ​ទីក្រុង​ហូជី​មិញ​ប្រទេស​វៀត​ណាម ដើម្បី​ជំរុញ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​គ្នា​បន្ថែម​ទៀត​។​

​ជំនួប​រវា​ងភាគី​ទាំង​២នេះ​ ស្របពេល​​ដែល​កម្ពុជា​កំពុងក្លាយជា​ប្រទេស​ផលិត​គ្រាប់​ស្វាយ​ចន្ទី​បានល្អ​ជាងគេ​ក្នុង​ពិភព​លោក​ ហើយ​វៀត​ណាម​ជា​ប្រទេស​ដែល​កែច្នៃ​និង​នាំចេញ​ស្វាយ​ចន្ទី​ច្រើន​ជាង​គេ​ក្នុង​ពិភព​លោក​ផងដែរ​។


​លោក​​អាន តារា បាន​ឱ្យ​ដឹង​ថា គោល​បំណង​សំខាន់​នៃ​កិច្ច​ពិភាក្សា​នោះ​គឺដើម្បីចែករំលែក​បទ​ពិសោធ​ន៍​ទៅវិ​ញទៅ​មក​រវាង​ស្ថាប័ន​ទាំង​២​ក៏ដូច​ជា​ការប​ង្កើន​កិច្ច​សហ​ប្រតិបត្តិ​ការ​ឱ្យ​កាន់​តែ​ស្អិត​ល្មួត​ថែម​ទៀត​ ព្រម​ទាំង​ជំរុញ​ឱ្យ​ក្រុម​ហ៊ុន​កែ​ច្នៃ​គ្រាប់​ស្វាយ​ចន្ទី​នៅ​វៀត​ណាម ​ទិញ​ស្វាយ​ចន្ទី​ដោយ​ផ្ទាល់​ពី​កសិករ​ឬ​សហ​គមន៍ ដោយ​មិន​ចាំបា​ច់​ឆ្លង​កាត់​ឈ្មួញក​ណ្តាល ដើម្បី​ឱ្យ​កសិករ​ទទួល​បាន​តម្លៃ​បន្ថែម​។


​លោកបាន​បញ្ជាក់​ថា​៖«​បច្ចុប្បន្ន​នេះប្រហែល​៨៥​ភាគ​រយ​ ទៅ៩០​ភាគ​រយ​ការ​លក់​ស្វាយ​ចន្ទី​ទៅឱ្យ​​អ្នក​កែ​ច្នៃ​នៅ​ប្រទេស​វៀត​ណាមធ្វើ​ឡើង​តាម​រយៈ​ឈ្មួញ​កណ្តាល​ ខណៈ​ដែល​វៀត​ណាម​គឺ​ប្រទេស​ដែល​ទិញ​គ្រាប់​ស្វាយ​ចន្ទី​ឆៅ​ពី​កម្ពុជា​ច្រើន​ជាងគេ​រហូត​ជាង​៩៥​ភាគ​រយ ​ហើយ​ប្រទេស​ទាំង​២​ក៏​ជា​ប្រទេស​ជាប់​របង​គ្នាដែលមាន​​ភាព​ងាយ​ស្រួល​ដល់​ការ​ដឹក​ជញ្ជូន​»​។

​លោក​តារា បានបន្ត​ថា សហ​ព័ន្ធ​ស្វាយ​ចន្ទី​ច​ង់ឱ្យ​ក្រុម​ហ៊ុន​ធំៗ​ដែល​មាន​ស្តង់ដា​នៅ​វៀត​ណាមទទួល​គ្រាប់​ស្វាយច​ន្ទី​ឆៅ​ពី​កម្ពុជា​ ដោ​យសារ​បច្ចុប្ប​ន្ននេះ​ការកែ​ច្នៃ​ផលិតផ​ល​ស្វាយ​ចន្ទី​នៅ​កម្ពុជា​នៅ​កម្រិត​ទាប​នៅឡើ​យ​ ពោលគឺ​ប្រមាណ​តែ​៥​ភា​គរយ​ប៉ុណ្ណោះ ​ខណៈ​ដែល​កម្ពុជា​ជាប្រទេស​ផលិត​បាន​ច្រើន​ជាង​គេ​នៅ​លើ​ពិភព​លោក​។

«​កា​រទទួល​ទិញ​ពី​កសិករ​ដោយ​ផ្ទាល់ ​អាច​ធ្វើ​ឡើង​តាម​រយៈ​ការ​សហការ​ជាមួយ​សហ​ព័ន្ធ​ស្វាយ​ចន្ទី​កម្ពុជា ​ហើយ​សហ​ព័ន្ធ​ស្វាយ​ចន្ទី​កម្ពុជា​នឹង​ខិត​ខំ​ជួយ​ដល់​កសិករ​ដើម្បីឱ្យ​ការ​ប្រមូល​ផល​ និង​ហាល​គ្រាប់​ស្វាយច​ន្ទី ឱ្យ​បាន​ត្រឹមត្រូវ​តាម​ស្តង់​ដា​»​។ លោក​ តារា បាន​បញ្ជាក់​បន្ថែម​។​

​លោក ណុ​ក ប៊ុ​នថន ​កសិករ​ដាំ​ដុះ​ស្វាយ​ចន្ទី​នៅ​ខេត្ត​កំពង់ធំ ​បាន​ឱ្យដឹង​ថា ការ​លក់​គ្រាប់​ស្វាយ​ចន្ទី​ទៅឱ្យ​ឈ្មួញ​កណ្តាល ​ពិត​ជា​ទទួល​បាន​តម្លៃ​ទាប​ជាង​លក់​ឱ្យ​ក្រុមហ៊ុន​វៀត​ណាម​ដោយ​ផ្ទាល់​មែន​។ ម្យ៉ា​វិញ​ទៀត ​ពេល​ខ្លះ​ឈ្មួញ​បង្អាប់​តម្លៃ​តាម​ចិត្ត ជាពិ​សេស​នៅ​ពេល​ស្វាយ​ចន្ទី​សម្បូរ​ខ្លាំង​​។

​លោក​បាន​ថ្លែង​ដូច្នេះ​ថា​៖«​វា​ជារឿង​ធម្មតា​ហើយ ​ឈ្មួញ​កណ្តាល​ឱ្យតែ​របស់​សម្បូរ​ខ្លាំង​(​គ្រាប់​ស្វាយ​ចន្ទី​) គេ​ឱ្យ​តម្លៃ​ថោក​ លក់ឬ​មិន​លក់​ក៏​ហី​ទៅ ​ហើយ​យើង​ប្រញាប់​ត្រូវ​ការ​លុយ​ទូទាត់ ​ដូច្នេះ​ល្មមៗ​ក៏​លក់​ទៅ​»​។​

​លោក​ណុ​ក ប៊ុនថន ​បាន​បន្ដថា ​ការ​ជំរុញ​ឱ្យ​មាន​រោង​ចក្រ​កែច្នៃ​គ្រាប់​ស្វាយ​ចន្ទី​កាន់​តែច្រើ​ននឹង​ធ្វើ​ឱ្យតម្លៃ​គ្រាប់​ស្វាយ​ចន្ទី​មាន​ស្ថិរ​ភាព និង​មិន​ចាំបា​ច់​ពឹង​ផ្អែក​លើ​ទីផ្សារ​វៀត​ណាម​តែ​មួយ​។

​បើ​តាម​លោក​ អាន ​តារា ក្នុង​គ្រា​ដែល​កម្ពុជា​កំពុង​ត្រៀម​រៀបចំ​ស​ន្និ​សីទ​ស្វាយ​ចន្ទី​ពិភព​លោក​​នៅ​ឆ្នាំ​ក្រោយ​លោក​ក៏​បាន​អញ្ជើញ​សមា​គម​ស្វាយច​ន្ទី​វៀត​ណាម​មក​ចូល​រួមនិង​ចែករំ​លែក​បទ​ពិសោធន៍​នៃ​ការរៀបចំ​វេទិកា​នេះ​ផង​ដែរ​។

​លោក​បាន​បញ្ជាក់​ថា​​៖«​បន្ថែម​ពីនេះ​យើង​ក៏​ចង់​ឱ្យ​ក្រុម​ហ៊ុន​កែច្នៃ​របស់​វៀត​ណាម​មក​តាំង​បង្ហាញ​ពី​របៀប​នៃ​ការ​កែច្នៃ​ផលិត​ផល​ស្វាយ​ចន្ទី​របស់​វៀត​ណាមនៅ​ក្នុង​វេទិកា​នេះ​ផង​ដែរ​ ដើម្បី​ជំរុញ​ការ​កែច្នៃ​ឱ្យអស់​លទ្ធ​ភាព ​ទាំង​សាច់​ និង​សម្បក​ស្វាយ​ចន្ទី​នៅ​កម្ពុជា​»​។​

​លោក​អាន ​តារា ​បាន​បន្ថែម​ថា អ្វី​ដែល​សហ​ព័ន្ធ​ស្វាយ​ចន្ទី​ប្រឹង​ប្រែង​គឺ​ធ្វើយ៉ាង​ណាដើ​ម្បី​ជួយ​ដល់​ការកែ​ច្នៃ​វិស័យ​ស្វាយ​ចន្ទី​របស់​ខ្មែរឱ្យ​ស្រប​ទៅ​តាម​គោល​នយោ​បាយ​ជាតិស្តី​ពី​ស្វាយច​ន្ទី​ដែល​គម្រោង​នៅ​ឆ្នាំ​២០២៧ ​កែច្នៃ​ឱ្យ​បាន​២៥​ភាគ​រយនិ​ង​នៅ​ឆ្នាំ​២០៣២​ កែ​ច្នៃ​ឱ្យ​បាន​៥០​ភាគរយ​​ ​៕