សមាគម​ធនធាន​ក​សិ​-​ឧស្សាហកម្ម​កូរ៉េ មាន​គោលបំណង​ចុះមក​សិក្សា​និង​ពិនិត្យ​លទ្ធភាព ក្នុងការ​បង្កើត​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី​នៅ​កម្ពុជា ដែល​អាច​នឹង​ជួយ​បង្កើន​តម្លៃបន្ថែម​របស់​ចន្ទី​ក្នុង​ការនាំ​ចេញទៅ​ទីកាន់​ទីផ្សារ​ពិភពលោក។​

គោលបំណង​នេះ​ត្រូវបាន​បង្ហើប​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក រាជ រ៉ា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម ជាមួយ​ប្រតិភូ​វិទ្យាស្ថាន​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជនបទ​កូរ៉េ និង​តំណាង​សមាគម​ធនធាន​កសិ-ឧស្សាហកម្ម​កូរ៉េ​នៅក្រៅ​ប្រទេស លើ​គម្រោង​សិក្សា​លទ្ធភាព​ក្នុងការ​បង្កើត​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី​នៅក្នុង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣។ ភាគីកូរ៉េ​ដឹកនាំ​ដោយ​លោក Heo Jang ប្រធាន​គម្រោង ចុះមក​សិក្សា​ដើម្បី​ពិនិត្យ​និង​ពិភាក្សា​លើ​លទ្ធភាព​ក្នុងការ​បង្កើត​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី​នៅក្នុង​ប្រទេស​កម្ពុជា ដោយមាន​ការចូលរួម​ពី អគ្គនាយករង​ជំរុញ​ពាណិជ្ជកម្ម និង ​មន្ត្រី​ជំនាញ​នៃ​នាយកដ្ឋាន​គោលនយោបាយ​ពាណិជ្ជកម្ម។ នេះបើ​តាម​ក្រសួង​ពាណិជ្ជកម្ម។​


ក្នុងជំនួប​នោះ​លោក រាជ រ៉ា បានបង្ហាញ​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ និង​ថ្លែង​អំណរគុណ​ដល់​សមាគម​ធនធាន​កសិ-ឧស្សាហកម្ម​កូរ៉េ​នៅក្រៅ​ប្រទេស (AOAA) ដែលមាន​បំណង​ក្នុងការ​ចូលរួម​លើកស្ទួយ​វិស័យ​ស្វាយចន្ទី​នៅ​កម្ពុជា។​

ក្នុងឱកាស​នោះ លោក Heo Jang បាន​ជម្រាប​អំពី​បំណង​ក្នុងការ​ចូលរួម​លើកកម្ពស់​វិស័យ​ស្វាយចន្ទី​កម្ពុជា ដោយ​ពិនិត្យ​ឃើញថា​កន្លងមក​ស្វាយចន្ទី​ភាគច្រើន​ត្រូវបាន​នាំចេញ​ទៅ​ក្រៅប្រទេស​ដោយ​មិនទាន់បាន​កែច្នៃ ដែល​នាំឱ្យ​បាត់បង់​នូវ​តម្លៃបន្ថែម​។ លោក​ថា៖ «​ហេតុដូចនេះ សមាគម​ធនធាន​កសិ-ឧស្សាហកម្ម​កូរ៉េ​នៅក្រៅ​ប្រទេស​របស់​កូរ៉េ​មាន​គោលបំណង​ក្នុងការ​ចុះមក​សិក្សា​និង​ពិនិត្យ​លទ្ធភាព ក្នុងការ​បង្កើត​រោងចក្រ​កែច្នៃ​ចន្ទី តាមរយៈ​គម្រោង​អភិវឌ្ឍន៍​ផ្លូវការ​របស់​រដ្ឋាភិបាល​កូរ៉េខាងត្បូង (ODA) ដែល​អាច​នឹង​ជួយ​បង្កើន​តម្លៃបន្ថែម​លើចន្ទី​កម្ពុជា​ក្នុង​ការនាំ​ចេញទៅ​ទីផ្សារ​ពិភពលោក»។​


ជា​កិច្ច​ឆ្លើយតប លោក រាជ រ៉ា បាន​ស្វាគមន៍​ចំពោះ​គំនិត​ផ្តួចផ្តើម​ដ៏​មាន​សារៈសំខាន់​នេះ​ដែល​ស្របតាម​ការដាក់ចេញ​នូវ​គោលនយោបាយ​ជាតិ​ស្តីពី​ស្វាយចន្ទី ឆ្នាំ ២០២២-២០២៧ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​កូរ៉េ ដែល​តែងតែ​ផ្តល់​ការគាំទ្រ និង​សហការ​ជិតស្និទ្ធ​ក្នុងពេល​កន្លងមក។

បន្ថែម​ពីលើ​នេះ លោក​ក៏បាន​ស្នើ​សុំឱ្យ​ប្រតិភូ​កូរ៉េ ជួយ​ផ្សព្វផ្សាយ​និង​ទាក់ទាញ​វិនិយោគិន​កូរ៉េ​បន្ថែម​មក​វិនិយោគ​លើការ​កែច្នៃ​ស្វាយចន្ទី​ក្នុងប្រទេស​កម្ពុជា ក៏ដូចជា​ទិញ​ទំនិញ​ពី​កម្ពុជា​ឱ្យបាន​កាន់តែច្រើន​ដោយសារ​ប្រទេស​ទាំងពីរ​មានកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) រវាង​គ្នា ដែលមាន​មុខទំនិញ​ជាច្រើន​មាន​អត្រាពន្ធ ០% ក្នុងនោះ​ក៏មាន​គ្រាប់ស្វាយចន្ទី​ផងដែរ ដើម្បី​បង្កើន​នូវ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ។​

សូមជម្រាបថា គោលនយោបាយ​ជាតិ​ស្តីពី​ស្វាយចន្ទី ឆ្នាំ ២០២២-២០២៧ ត្រូវបាន​អនុម័ត​ដោយ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៣ និង​ប្រកាស​ផ្សព្វផ្សាយ​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ កាលពី​ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៣ កន្លង​ទៅនេះ៕