​ភ្នំពេញៈ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍បានឱ្យដឹងថា រយៈពេល​ ៧ ​ខែ ឆ្នាំ​ ២០២៣ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​ផ្ទៃក្នុង​ជាង ១២ ​លាន​នាក់​ ដោយ​ខ្វះ​តែ ៤ ​លាន​នាក់​ទៀត​ប៉ុណ្ណោះ កម្ពុជា​នឹង​សម្រេច​ផែនការ​ភ្ញៀវទេសចរ​ផ្ទៃក្នុង ១៦​ លាន​នាក់​សម្រាប់​ឆ្នាំ ២០២៣​នេះ ខណៈ​ភ្ញៀវ​អន្តរជាតិ​រំពឹងថា នឹង​បាន​ ៥​ លាន​នាក់​។

លោក​បាន​ប្រាប់​អ្នក​សារព័ត៌​មាន​បែបនេះ​នៅក្នុង​ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អន្តរជាតិ​ចក្រភព​ខ្មែរ លើក​ទី​៨ ឆ្នាំ​ ២០២៣ នៅ​ខេត្តសៀមរាប កាលពី​ថ្ងៃទី​ ៦ ខែសីហា​។ នាឱកាស​ទិវា​នោះ លោក​ថ្លែងថា ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អន្តរជាតិ​ចក្រភព​ខ្មែរ​លើក​ទី​៨ ឆ្នាំ ​២០២៣ ​នេះ មាន​អ្នកចូលរួម​សរុប​ជាង ២ ៥០០​ នាក់ ក្នុងនោះ​មាន​បរទេស​ជាង​ ៥០០​ នាក់​មកពី​ ៤៥ ​ប្រទេស ហើយ​ចំនួន​នេះ​មានការ កើន​ឡើង​ច្រើន​បើ​ធៀប​ទៅនឹង​ការប្រកួត​ម៉ា​រ៉ា​តុង​អន្តរជាតិ​ចក្រភព​ខ្មែរ​លើក​ទី​ ៧ ដែល​ត្រូវ​បានរៀបចំ​ជាថ្មី បន្ទាប់ពី​វិបត្តិ​​ជំងឺ​កូ​វីដ​ ១៩ កាលពី​ឆ្នាំ​ ២០២២​។​


​លោក​ថ្លែងថា​៖ «​ការកើនឡើង នៃ​ចំនួន​អ្នកចូលរួម​នៅក្នុង​ទិវា​នេះ ដោយសារ​ភ្ញៀវទេសចរ​បាន​មើល​ឃើញថា កម្ពុ​ជាមាន​សុខសន្តិភាព​ពេញ​បូ​រិ​បូ​រណ៍ ហើយ​គណៈកម្មការ និង​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ទៀត​បានរៀបចំ​តំបន់​អង្គរ​បានល្អ​។ ខ្ញុំ​រំពឹងថា នៅ​ឆ្នាំនេះ កម្ពុជា​នឹង​ទទួលបាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ​៥​លាន​នាក់ ក្នុងស្រុក​ប្រមាណ​ ១៦​ លាន​នាក់ និង​ឆ្នាំ​ ២០២៦ ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​កើន​ឡើងដល់​ប្រមាណ ៧​ លាន​នាក់​»​។​

​បើតាម​របាយការណ៍​ស្ថិតិ​ពី​ក្រសួង​ទេសចរណ៍បានឱ្យដឹងថា ក្នុង​រយៈ​ពេល​ ៧ ​ខែ ក្នុង​ឆ្នាំ​ ២០២៣ នៅ​ទូទាំងប្រទេស​កម្ពុជា ទទួលបាន​ភ្ញៀវ​ទេស​ចរ​ផ្ទៃក្នុង ប្រមាណ​ជាង​ ១២​ លាន​នាក់​។


​លោក ហូ វណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជាថ្លែងថា ជាធម្មតាខែកក្កដា និង​ខែសីហា ជា​ខែ​ដែលមាន​ចរន្ត​ភ្ញៀវទេសចរ​ផ្ទៃក្នុង​តិច ដោយសារ​ជា​រដូវភ្លៀង អាចមាន​ជំនន់​ទឹកភ្លៀង​ដោយ​កន្លែង​។ ម្យ៉ាងវិញទៀត ខែ​ទាំង​ ២ ​នេះ មិនមាន​ថ្ងៃ​ឈប់សម្រាក​ជាតិ​ទេ​។

​លោក​ថ្លែងថា​៖ «​រដូវ​នេះ ជា​រដូវ​ Low season ជា​រដូវ​កាលដែល​ខ្សត់​ភ្ញៀវ វា​រឿង​ធម្មតា​។ ចរន្ត​ភ្ញៀវ នឹង​ចាប់​ផ្តើម​មាន​សម្ទុះ​ខ្លាំង​ចាប់ពី​ខែកញ្ញា​វិញ ជាមួយ​ការ​ប្រារព្ធ​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ និង​ថ្ងៃ​ឈប់សម្រាក​នានា​ហើយ​ភ្ញៀវ​នឹង​ចាប់ផ្តើម​មានមក​វិញ​នៅ​អំ​ឡុងចុង​ឆ្នាំនេះ ដែល​អាច​នឹង​ធ្វើឱ្យ​កំណើន​ទេសចរ​សម្រេច​ទៅតាម​ផែន​ការដែល​ក្រសួង​បាន​រំពឹងទុក​»​។​

​ក្រសួង​រំពឹងថា នឹងមាន​ទេសចរ​ផ្ទៃក្នុង ប្រមាណ​ ១៦​ លាន​នាក់ តាម​ផែនទី​ចង្អុល​ផ្លូវ ស្តីពី​ការស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​ក្នុង និង​ក្រោយ​កូ​វីដ ​១៩៕