ភ្នំពេញៈ គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​ ៧ ខែសីហា បាន​ផ្សព្វផ្សាយ​ថា រដ្ឋបាល​គយ​នៃ​ប្រទេស​ចិន ទើបបាន​បញ្ចប់​នីតិវិធី ក្នុងការ​អនុញ្ញាតឱ្យ​ផលិតផល​ជល​​ផល​របស់​កម្ពុជា ៤ ​មុខ​ទៀត អាច​នាំចេញ​ដោយផ្ទាល់​ទៅកាន់​ប្រទេស​ចិន​បាន ដែល​ផលិត​ផល​ជលផល​ចិញ្ចឹម​ទាំង ៤ ​មុខ​នេះ​រួមមាន​៖ បង្កង​ប៉ាក អន្ទង់ ត្រី​ដំរី និង​ខ្យង​។​

​បើតាម​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​បញ្ជាក់ថា ថ្មីៗ​នេះ រដ្ឋបាល​គយ​នៃ​ប្រទេស​ចិន​បានធ្វើ​បច្ចុប្បន្នភាព​អំពី​ «​បញ្ជី​ឈ្មោះ​ប្រទេស ឬ​តំបន់ និង​ប្រភេទ​ជលផល​ដែល​អនុញ្ញាត​នាំចេញ​ទៅកាន់​ប្រទេស​ចិន​ ហើយ​ក្រុមហ៊ុន​ខ្មែរ Cambodian Tienit International Trading បាន​ជាប់​ដំណាក់​កាល​នៃ​ការត្រួតពិនិត្យ​របស់រ​ដ្ឋ​បាល​គយ​ប្រទេស​ចិន និង​បានបញ្ចប់​ការចុះបញ្ជី​ដាក់​របាយ​ការណ៍​ផងដែរ​។​


​ប្រភព​ដដែល​បាន​បន្តថា​៖ «​នេះ​ជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​បានបញ្ចប់​ការចុះឈ្មោះ​ដាក់​របាយការណ៍​ក្នុងការ​នាំចេញ​ជលផល​ទៅកាន់​ប្រទេស​ចិន​ បន្ទាប់ពី​ចិន និង​កម្ពុជា​បាន​ចុះហត្ថលេខា​រួម លើ​ពិធីសារ​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​នាំចេញ​ជលផល​ទៅកាន់​ប្រទេស​ចិន​»​។

​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជាបន្តថា​៖ «​ផ្អែកលើ​ពាណិជ្ជកម្ម​ប្រពៃណី ដែលមាន​ស្រាប់​លើ​ជលផល​រវាង​ចិន និង​កម្ពុជា រួមមាន​បង្កង​ប៉ាក អន្ទង់ ត្រី​ដំរី និង​ខ្យង សម្រេចបាន​ជល​ផល​ទាំងស្រុង ដែល​ត្រូវបាន​អនុញ្ញាត​នាំចេញ​ទៅកាន់​ប្រទេស​ចិន​»​។


ស្ថានទូត​ចិនបាន​បន្ថែមថា នា​ថ្ងៃទី​ ៣០ ខែឧសភា ឆ្នាំ​ ២០២២ ក្រុម​ហ៊ុន​ជលផល​ចិញ្ចឹម​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​នាំ​ចេញទៅ​ប្រទេស​ចិន បានបញ្ចប់​ការចុះបញ្ជី​ដាក់​របាយការណ៍​ជាមួយ​រដ្ឋបាល​គយ​ប្រទេស​ចិន​។ នា​ថ្ងៃទី ​២៤ ខែឧសភា ឆ្នាំ​ ២០២៣ ជលផល​ធម្មជាតិ​ក្នុងប្រទេស​កម្ពុជា​បានបញ្ចប់​ការចុះបញ្ជី​​ជីវសាស្ត្រ​ដាក់​របាយការណ៍​នៅឯ​រដ្ឋបាល​គយ​ប្រទេស​ចិន ហើយ​ថ្ងៃទី​ ១ ខែសីហា ឆ្នាំ ២០២៣ ជលផល​នៅ​ប្រទេស​កម្ពុជា​បានបញ្ចប់​នីតិវិធី​ចុងក្រោយ​ក្នុងការ​នាំចេញ​ទៅកាន់​ប្រទេស​​ចិន​ផងដែរ​។

​ស្ថានទូត​ចិន​បញ្ជាក់ថា​៖ «​រហូតមកដល់​ពេលនេះ ជល​ផល​ទាំងឡាយ​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវបាន​អនុញ្ញាតឱ្យ​នាំចេញ​ទៅកាន់​ប្រទេស​ចិន សម្រេចបាន​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ចិន នេះ​គឺជា​សមិទ្ធ​ផល​ដ៏​សំខាន់​ក្នុងការ​នាំចេញ​កសិផល​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​»​។​

​ចំពោះ​ព័ត៌មាន នៃ​ការអនុញ្ញាតឱ្យ​ផលិតផល​ជលផល​របស់​កម្ពុជា ៤ ​មុខ​ទៀត អាច​នាំចេញ​ដោយផ្ទាល់​ទៅកាន់​ប្រទេស​​ចិន​បាន​នេះដែរ ខាង​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មិនទាន់មាន​ការបញ្ជា​ក់​ច្បាស់លាស់​នៅឡើយ​ទេ​។ ខណៈដែល​កន្លងទៅ​រដ្ឋ​បាល​ជលផល​ធ្លាប់បាន​ប្រាប់ថា មាន​ផលិត​ផល​ជលផល​ធម្មជាតិ​របស់​កម្ពុជា ចំនួន​ ១២ ​ប្រភេទ ដែល​ត្រូវបាន​អគ្គនាយកដ្ឋាន​គយ​នៃ​ប្រទេស​ចិន សម្រេច​ចុះបញ្ជី​ដោយ​ជោគជ័យ​ក្នុង​ប្រព័ន្ធ​ដើម្បី​អនុញ្ញាតឱ្យ​នាំចូល​ទីផ្សារ​ប្រទេស​ចិន បន្ទាប់ពី​បាន​ចុះហត្ថលេខា​លើ​ពិធីសារ​ជា​​ផ្លូវការ​កាលពី​ខែ​វិ​ច្ឆ​កា ឆ្នាំ ២០២២​។​

​លោក ខូវ គួ​ង អនុប្រធាន​​រដ្ឋបាល​ជលផល ធ្លាប់បាន​ប្រាប់ថា ផលិតផល​ជលផល​​ធម្មជាតិ​រួមមាន ត្រី​ធម្មជាតិ (​ត្រី​ប្រា ត្រី​ពោ​) បង្គា​ខ្លឹង បង្គា​ប៉ា​រ៉ា អន្ទង់​ស្រែ ខ្យង កំពឹស ជា​ដើម គឺ​ក្រុមហ៊ុន KIM CHOU Co., Ltd. Import Export and International Transportation ជា​អ្នក​នាំចេញ​ទៅកាន់​ប្រទេស​ចិន​។​

​លោក ហេង ម៉េង​ទី ជំនួយ​ការ​ប្រធាន​ក្រុមហ៊ុន KIM CHOU បាន​ប្រាប់ឱ្យដឹង​ផង​ដែរ​នៅ​ថ្ងៃទី​ ៨ ខែសីហា​ថា ការ​នាំចេញ​ផលិតផល​ជលផល​ ៤​ មុខ​ទៀត ទៅកាន់​ប្រទេស​ចិន មិនមែនជា​ការនាំចេញ​របស់​ក្រុមហ៊ុន​លោក​នោះទេ ដោយ​លោក​បាន​បញ្ជាក់ថា ធ្លាប់មាន​ក្រុមហ៊ុន​ផ្សេងទៀត ដែល​បាន​ទាក់ទង​ទៅ​លោក ដើម្បី​សួរនាំ​ពី​នីតិវិធី​ការនាំចេញ​ផលិតផល​ជលផល​ទៅ​ចិន​នេះដែរ​។ ដូច​នេះ​ការទទួល​បានការ​អនុ​ញ្ញាត​នាពេលនេះ អាចជា​ក្រុម​​ហ៊ុន​ទាំងនោះ​។ ទាក់ទង​នឹង​ការនាំចេញ​ផលិតផល​ជលផល​ធម្មជាតិ​ទៅកាន់​ប្រទេស​ចិន​វិញ លោក ហេង ម៉េង​ទី ប្រាប់​ដែរ​ថា ក្រុមហ៊ុន​របស់លោក​គ្រោង​នឹង​ចាប់ផ្តើម​ប្រមូល​ទិញ​ជលផល​ធម្មជាតិ​មួយចំនួន​ជា​បណ្តើរៗ​ចាប់ពី​ពាក់កណ្តាល​ខែកញ្ញា​ទៅ ដើម្បី​អាច​នាំចេញ​បាន​នៅ​ចុងឆ្នាំ​នេះ​។​

​លោក​ថ្លែងថា​៖ «​យើង​នៅចាំ​មើល​ស្ថានភាព​ទឹកជំនន់​សិន ដោយសារតែ​ផលិតផល​ខ្លះ យើង​មិនអាច​ប្រមូល​ទិញ​បាន​ភ្លាម​នោះទេ ព្រោះ​បញ្ហា​ទឹកជំនន់​នៅតាម​បណ្តា​ខេត្ត​ខ្លះ​មិនទាន់​នឹងនរ​នៅឡើយ​។ ដូច​យើង​ដឹង​ស្រាប់​ហើយ​ថា ផលិតផល​ធម្មជាតិ មិនមែន​ចេះតែ​អាចមាន​គ្រប់ពេល​នោះទេ ដូចនេះ ការនាំចេញ​មិនអាច​បាន​តាម​ការកំណត់​របស់​យើង​ទេ​»​។​

​លោក ហេង ម៉េង​ទី បាន​បញ្ជាក់ថា ខាង​ក្រុមហ៊ុន​បានស្នើ​សុំ​ទៅខាង​ភាគី​ចិន​ថា ក្នុង​ផលិតផល​ ១ ​មុខ​អាច​នាំចេញ​ចន្លោះ​ ៣០០ ទៅ​ ១ ០០០ ​តោន ទៅលើ​ផលិតផល​នីមួយៗ សម្រាប់​រយៈពេល​ ៥​ ឆ្នាំ​។ នៅពេលដែល​ក្រុមហ៊ុន​មានលទ្ធភាព​ក្នុង​ការប្រមូលទិញ​បាន​ច្រើន និង​មានលទ្ធភាព​ក្នុង​ការនាំ​ចេញ​បាន​ច្រើនជាង​នេះ ក្រោយ​ចប់​រយៈពេល​ ៥ ​ឆ្នាំ ក្រុមហ៊ុន នឹង​ស្នើសុំ​បង្កើន​បរិមាណ​នាំចេញ​បន្ថែមទៀត​។

កាលពី​ខែឧសភា ឆ្នាំ​ ២០២៣ ផលិតផល​​ជលផល​ធម្មជាតិ​រប​ស់​កម្ពុជា​ចំនួន ១២ ​ប្រភេទ ទទួលបាន​ការអនុញ្ញាត​ឱ្យ​នាំចេញ ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​ដូចជា កំពឹស​ទឹកសាប​, ត្រី​ប្រា​ធំ​, ត្រី​ប្រា​ខ្ចៅ​, ខ្យង​ទឹកសាប ​២ ​ប្រភេទ​, អន្ទង់​ទឹកសាប​, បង្កង​កណ្តូប​ ២​ ប្រភេទ​, បង្គា​ខ្លឹង​, បង្គា​​ស​, និង​បង្គា​ប៉ា​រ៉ា​៕