ភ្នំពេញៈ ការនាំចេញកសិផលទៅទីផ្សារអន្តរជាតិ នៅក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២៣ សម្រេចបានបរិមាណជាង ៤,៥ លានតោន ដែលស្មើនឹងប្រាក់ជាង ២,៦ ពាន់លានដុល្លារ កើនឡើងជិត ៨ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ នេះបើយោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
របាយការណ៍នាំចេញកសិផលទៅក្រៅប្រទេសពីអគ្គនាយកដ្ឋានកសិកម្មដែលផ្សព្វផ្សាយក្នុងថ្ងៃទី ៨ ខែសីហា ឱ្យដឹងថា រយៈពេល ៧ ខែនៃឆ្នាំ ២០២៣ ការនាំចេញកសិផលទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្មទទួលបានដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ មានសរុប ៤ ៥១៤ ៨៩៣,៧៤ តោន ដែលក្នុងនោះអង្ករ ៣៦២ ៧០៨ តោន, ស្រូវ ១ ៥១០ ៨៥០ តោន និងកសិផលក្រៅពីស្រូវ-អង្ករ ២ ៦៤១ ៣៣៥,៧៤ តោន។ បរិមាណកសិផលនាំចេញ គឺថយចុះ ១៩,២០ ភាគរយបើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ កសិផលកម្ពុជាត្រូវបាននាំទៅទិសដៅ ៦៨ ប្រទេសលើពិភពលោក។
របាយការណ៍ឱ្យដឹងទៀតថា សម្រាប់ប្រាក់ដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក្កយបត្រអ្នកនាំចេញ) គឺមាន ២ ៦២៩ ៥៩៦ ៥២៤,៥៦ ដុល្លារ កើន ៧,៧ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២ ដែលមានចំនួន ២ ៤៤១ ៣៩៩ ១៦១,៤៧ ដុល្លារ។ ក្នុងចំនួនប្រាក់ខាងលើ គឺការនាំចេញអង្ករមាន ៣១៣ ៧៤២ ៤២០ ដុល្លារ, ស្រូវ ៥០៤ ៧១៤ ៣៧២ ដុល្លារ និងកសិផលក្រៅពីស្រូវ-អង្ករ ១ ៨១១ ១៣៩ ៧៣២,៥៦ ដុល្លា។
ក្រសួងកសិកម្មបានឱ្យដឹងថា៖ «ថ្វីដ្បិតការនាំចេញកសិផលទៅទីផ្សារក្រៅប្រទេសមាននិន្នាការថយចុះបន្តិច (បរិមាណ) ប៉ុន្តែបើធៀបត្រីមាសទី១ ឆ្នាំ ២០២៣ ឃើញថា មានកំណើន ៣,៣២ ភាគរយដែលនេះជាសញ្ញាវិជ្ជមានមួយឈានទៅរកការកើនឡើងពេលខាងមុខ។ ការកើនឡើងនេះ គឺដោយសារបច្ចុប្បន្នប្រទេសឥណ្ឌាប្រកាសបិទការនាំចេញអង្ករ ដើម្បីរក្សាសន្តិសុខស្បៀងក្នុងប្រទេស»។
យោងតាមក្រសួងកសិកម្ម តម្លៃអង្ករលើទីផ្សារអន្តរជាតិកំពុងហក់ឡើង ដូច្នេះកម្ពុជាកំពុងតែសិក្សាអំពីយុទ្ធសាស្ត្រដែលអាចទាញយកប្រយោជន៍ខាងសេដ្ឋកិច្ចពីព្រឹត្តិការណ៍នេះ តាមរយៈការបង្កើនសមត្ថភាពឱ្យរោងម៉ាស៊ីនក្នុងស្រុកប្រមូលទិញស្តុកទុក បង្កើនការកែច្នៃ និងនាំចេញផ្ទាល់។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៨ ខែសីហាថា ការដាក់ចេញគោលនយោបាយជាបន្តបន្ទាប់របស់រដ្ឋាភិបាលចំពោះវិស័យកសិកម្ម បានធ្វើឱ្យកម្ពុជាក្លាយជាប្រភពសំខាន់នៃការផ្គត់ផ្គង់កសិផលទៅទីផ្សារអន្តរជាតិ។ វិស័យកសិកម្ម គឺជាផ្នែកសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ហេតុនេះរដ្ឋាភិបាលគួរលើកទឹកចិត្តបន្ថែមទៀតដល់ប្រជាកសិករ និងវិនិយោគិនឱ្យបណ្តាក់ទុនលើវិស័យកសិកម្មកាន់តែច្រើន។ លោកបន្ថែមថា ការធ្លាក់ចុះបរិមាណនាំចេញកសិផលរយៈពេល ៧ ខែកន្លងមក គឺអាចដោយសារអាកាសធាតុមិនសូវអំណោយផលធ្វើឱ្យទិន្នផលដែលកសិករប្រមូលបានតិចជាងមុន។
ខណៈបច្ចុប្បន្នឥទ្ធិពលរបស់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ព្រមទាំងការប្រែប្រួលអាកាសធាតុ កំពុងដាក់សម្ពាធខ្លាំងលើបញ្ហាស្បៀងអាហារមនុស្សសត្វ លោក វណ្ណៈ អះអាងថា នេះជាឱកាសសម្រាប់កម្ពុជាក្នុងការបង្កើនសមត្ថភាពផលិតកម្មក្នុងវិស័យកសិកម្មដូចជា ការដាំដុះចិញ្ចឹមសត្វ វារីវប្បកម្ម។
លោកនិយាយថា៖ «នៅក្នុងដំណាក់កាលនេះគឺទាមទារឱ្យកម្ពុជាត្រូវពិនិត្យឡើងវិញទៅលើតុល្យការបរិមាណកសិផលរបស់ខ្លួនសម្រាប់បំពេញតម្រូវការនៅក្នុងស្រុក និងនាំចេញ។ កម្ពុជាត្រូវធានាឱ្យបានសន្និធិសម្រាប់ប្រើក្នុងប្រទេស»។
លោកបន្តថា បើរដ្ឋាភិបាល ប្រជាជន និងអ្នកវិនិយោគចាប់អារម្មណ៍កាន់តែខ្លាំងលើការដាំដុះ និងកែច្នៃ ផលិតផលកសិកម្ម គឺនៅរយៈពេល ៤-៥ ឆ្នាំខាងមុខ ការនាំចេញកសិផលពីកម្ពុជាទៅទីផ្សារអន្តរជាតិ ប្រាកដជាកើនឡើងខ្ពស់។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្មឆ្នាំ ២០២២ បានឱ្យដឹងថា ក្នុងឆ្នាំ ២០២២ កម្ពុជាបាននាំចេញជាផ្លូវការនូវផលិតផលកសិកម្ម ដែលមានតម្លៃជិត ៥ ពាន់លានដុល្លារ ស្មើនឹង ៨,៦ លានតោន ទៅ ៧៤ ប្រទេស កើនជាង ៧ ភាគរយធៀបឆ្នាំ ២០២១ ដែលមានចំនួន ៧,៩ លានតោន៕