កំពង់ស្ពឺៈ លោក ម៉ុង ឫទ្ធី អគ្គ​នាយក​ក្រុមហ៊ុន​ ម៉ុង ឫទ្ធី​គ្រុប បាន​ប្រាប់​ឱ្យដឹងថា ខាង​វិ​និ​យោ​គិ​ន​ជប៉ុន​បាន​ចំណាយពេល ​៣ ​ឆ្នាំ ក្នុងការ​សិក្សា​ពី​ទីតាំងនៅ​តំបន់​អភិវឌ្ឍន៍​ក​សិ​ទេសចរណ៍​ ម៉ុង ឫទ្ធី​ សែន​ជ័យ របស់លោក ដើម្បី​រៀបចំ​ជា​ភូមិ​លម្ហែ​សម្រាប់​ប្រជាជន​ជប៉ុន ដែលមាន​បំណង​រកក​ន្លែ​ង​ចូលនិវត្តន៍​ប្រកបដោយ​ផាសុកភាព​នាពេល​អនាគត​។​

​លោក ម៉ុង ឫទ្ធី បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ៨ ខែសីហាថា កាលពីដើម​ខែសីហា​កន្ល​ង​ទៅ ខាង​វិនិយោគិន​ជប៉ុន បាន​ជួបប្រជុំ​ជាមួយ​លោក​ផ្ទាល់ និង​ក្រុម​ការងារ​អស់​រយៈពេល​ ៣ ​ថ្ងៃ​ដើម្បី​ពិភាក្សាគ្នា និង​ចុះទៅ​ទស្សនកិច្ច​នៅ​តំបន់​អភិវឌ្ឍ​ន៍ក​សិ​ទេសច​​រណ៍​ម៉ុង ឫទ្ធី​សែន​ជ័យ ដើម្បី​ពិនិត្យមើល​ទីតាំង​ជាក់ស្តែង ដើម្បី​រៀបចំ​គម្រោង​សង់​ភូមិ​បុរាណ​ជប៉ុន នៅ​តំបន់​នេះ​។​


​លោក​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ភូមិ​លម្ហែ​ជនជាតិ​ជប៉ុន​នេះ នឹង​រៀបចំ​ឱ្យមាន​សួន​ទឹក សួន​លម្ហែ​របស់​ជប៉ុន នៅជាប់​ជើងភ្នំ​នៃ​តំបន់​អភិវឌ្ឍ​ន៍ក​សិ​ទេសចរណ៍ ​ម៉ុង ឫទ្ធី​ សែន​ជ័យ ​នេះ​តែម្តង​។ គោលដៅ​ដែល​សំខាន់​គឺ​ភូមិ​នេះ​រៀបចំឡើង​ដើម្បី​មនុស្ស​ចាស់ ដែល​ចូលនិវត្តន៍ នៅពេលដែល​ជប៉ុន​មាន​អាកាសធាតុ​ត្រជាក់​ខ្លាំង ក្រុមមនុស្ស​ចាស់​នៅ​ជប៉ុន អាចមក​សម្រាកលម្ហែ​នៅទីនេះ​បាន​»​។​

​លោក​បាន​បន្ថែមថា ចំពោះ​ការ​រៀបចំ​ភូមិ​សម្រាប់​ជនជាតិ​ជប៉ុន នៅ​តំបន់​អភិវឌ្ឍន៍​ក​សិ​ទេសចរណ៍​ ម៉ុង ឫទ្ធី​ សែន​ជ័យនេះ ក៏​នឹងមាន​សេវា​ថែទាំ​សុខភាព សេវា​ហូប​ចុក ស្នាក់នៅ​គ្រប់បែបយ៉ាង ការ​រៀបចំ​ជាទី​លាន​វាយ​កូន​ហ្គោល ការរៀបចំ​ឱ្យមាន​មន្ទីរពេទ្យ​ទំនើប មាននៅ​ភូមិ​ជប៉ុន​នេះ​។​


​លោក ម៉ុង ឫទ្ធី បាន​ថ្លែងថា ៖ «​យើង​បានរៀបចំ​ចម្ការ​ដូងក្រអូប ដោយ​ខ្ញុំ​បាន​ដាំ​ត្រៀម​ប្រមាណ ៦០​ ហិកតា ក្នុង​គោលដៅ​ចង់ឱ្យ​ភ្ញៀវ​ដែល​មក​កម្សាន្ត​នៅទីនេះ គឺ​ពិសា​ដូងក្រអូប​ជំនួស​គ្រឿង​កំប៉ុង​វិញ ដើម្បី​ថែរក្សា​សុខភាព​របស់​ភ្ញៀវ​ដែល​មក​កម្សាន្ត​នៅ​ភូមិ​​ក​សិ​ទេសចរណ៍​ម៉ុង ឫទ្ធី​សែន​ជ័យ​នេះ​»​។​

​បើតាម​លោក​ ម៉ុង ឫទ្ធី គម្រោង​នេះ​កំពុងមាន​ដំណើរ​ការជាប​ន្ត​បន្ទាប់​ដោយ​តាម​ការគ្រោងទុក​វា​អាច​នឹង​លេចចេញ​ជា​រូបរាង​ក្នុងពេល​ឆាប់ៗ​នេះ ដោយ​លោក​បានបង្ហាញ​ពី​ភាពជឿជាក់​លើ​វិ​និ​យោគិន​ជប៉ុន លើ​ការរៀបចំ​គម្រោង​នេះ​។ លោក​បញ្ជាក់ថា វិនិយោគិន​ជប៉ុន ភាគច្រើន​នឹង ធ្វើ​នូវ​អ្វីដែល​បានដាក់​ចេញជាពិសេស​ក្រោយ​សិក្សា​អស់​រយៈពេល​យូរ​បែបនេះ ច្បាស់​ណាស់ ភូមិ​សម្រាប់​ជនជាតិ​ជប៉ុន​នឹង​លេចចេញ​ជា​រូបរាង​ជាក់​ជាមិនខាន​។​

​លោកស្រី​ ឆាយ ស៊ីវ​លីន​ ​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជាបាន​ថ្លែងថា ការកែច្នៃ​ភូមិ​លម្ហែ​ធម្មជាតិ ទៅជា​ភូ​មិកសិ​ទេសចរណ៍ ជាពិសេស​សម្រាប់​ទទួល​ភ្ញៀវ​ជប៉ុន​បែបនេះ​ទៀត គឺជា​ភាព​ច្នៃប្រឌិត​ថ្មី​មួយ ដែលជា​ផលិតផល​ទេសចរណ៍​ដ៏​គួរ​ទាក់​ទាញ​សម្រាប់អ្នកទេសចរ​អន្ត​រ​ជាតិ​។

លោកស្រីបាន​ប្រាប់​ដូច្នេះ​ថា​៖ «​បច្ចុប្បន្ននេះ​ទេសចរណ៍ធម្មជាតិ ទទួលបាន​ការចាប់​​អារម្មណ៍​ច្រើន​ពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​។ យើង​រីករាយ នៅពេលដែល​វិស័យ​ឯកជន មានការ​ចូលរួម​យ៉ាង​សកម្ម​ក្នុងការ​បង្កើតឱ្យមាន​ផលិតផល​ទេស​ចរណ៍​ថ្មីៗ ជាពិសេស​ការរៀបចំ​បែប​ជា​សួ​នក​សិ​ទេសចរណ៍​ធម្ម​ជាតិ​ជាដើម​នេះ​វា​នឹង​រួមចំណែក​ដល់​ការទាក់ទាញ​អ្នកទេសចរ​មួយកម្រិត​ទៀត​»​។​

​ក្រៅពី​ការវិនិយោគ​លើ​ភូ​មិកសិ​ទេសចរ​ណ៍ហើយ លោក ម៉ុង ឫទ្ធី បាន​ប្រាប់ថា ខាង​ភាគី​ជប៉ុន​ក៏មាន​ការចាប់អារម្មណ៍ លើ​ការវិនិយោគ​កែច្នៃ​ដូងប្រេង កៅស៊ូ ចំណី​សត្វ ផងដែរ ដោយ​កិច្ចការ​នេះ​នឹងមាន​ការពិភាក្សាគ្នា​ជា​បន្តបន្ទាប់​ទៀត​៕​