ភ្នំពេញៈ ក្រុមហ៊ុន​ជិត ២,៨ ​ម៉ឺន​ ដែលមាន​ទុនវិនិយោគ​ជាង ៨,២ ​ពាន់​លាន​ដុល្លារ ទទួលជោគជ័យ​លើ​ការចុះបញ្ជី​អាជីវ​កម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័​ត៌​-​មាន​ដំណាក់កាល​ទី ​១ ខណៈ​កាលពីដើមឆ្នាំ​ ២០២៣ ចំនួន​ក្រុមហ៊ុន​ចុះបញ្ជី​មាន​ត្រឹម ២០ ៦៩៣ និង​ដើមទុន​ជាង ៥,៨១​ ពាន់​លាន​ដុល្លារ​។ នេះ​បើតាម Online Business Registration Service​។​

​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដំណាក់​កាល​ទី១ ត្រូវបាន​រដ្ឋាភិបាល​ដាក់ឱ្យ​ដំណើរការ កាលពី​ថ្ងៃទី​ ១៥ ខែមិថុនា ឆ្នាំ ​២០២០ ដែល​រួមមាន​ក្រសួង​-​ស្ថាប័នរដ្ឋ​ចំនួន ៦ ចូលរួម​។ ក្រោយមក​រដ្ឋា​ភិ​​បាល​ក៏បាន​ដាក់ឱ្យ​ដំណើរការ​ដំណាក់​កាលពី​ ២ នៅ​ថ្ងៃទី​ ១៥ ខែកញ្ញា ឆ្នាំ​ ២០២១ និង​ដំណាក់​កាល​ទី​ ៣ នា​ថ្ងៃទី​ ២២ ខែមិថុនា ដោយ​បន្ថែម​ក្រសួង​-​ស្ថាប័ន​មួយចំនួន​បន្ថែមទៀត​។​


​បណ្តាញ​សង្គម​ផ្លូវការ​របស់ Online Business Registration Service បាន​បង្ហាញថា គិត​ត្រឹម​ថ្ងៃទី​ ៦ ខែសីហា ឆ្នាំ​ ២០២៣ (​ម៉ោង ២៣:៥៩​នាទី​) ចំនួន​ក្រុមហ៊ុន​បាន​ចុះ​​បញ្ជី​ដោយ​ជោគជ័យ​តាម​ប្រព័ន្ធ Single Portal មាន​សរុប ២៧ ៩៥២​ ក្រុមហ៊ុន ស្មើនឹង​ដើមទុន​ចុះបញ្ជី​សរុប ៨,២២​ ពាន់​លាន​ដុល្លារ​។ កាលពីដើមឆ្នាំ ​២០២៣ (​ថ្ងៃទី​២ ខែមករា​) ក្រុមហ៊ុន​ទទួលជោគជ័យ​លើ​ការចុះបញ្ជី មាន​ចំនួន ២០ ៦៩៣ ​ក្រុមហ៊ុន និង​មាន​ដើមទុន​ចុះបញ្ជី ៥,៨១ ពាន់​លាន​ដុល្លារ​។​

​ក្នុងចំណោម​ទុនវិនិយោគ​ទាំង ៨,២ ​ពាន់​លាន​ដុល្លារ គឺ​ផ្នែក​សាងសង់ មាន​ដើមទុន ១,០៨ ​ពាន់​លាន​ដុល្លារ ស្មើនឹង ១៣,១​ ភាគរយ​, ផ្នែក​អចលនទ្រព្ យ​(​ប្រើ​អចលនទ្រព្យ​ផ្ទាល់ខ្លួន ឬ​ជួ​លពី​គេ​) មាន​ដើមទុន ៩២១ ​លាន​ដុល្លារ ស្មើ ១១,២​ ភាគ​រយ​, សកម្មភាព​សេវាកម្ម​ស្នាក់​នៅ ៨៩៨​លាន​ដុល្លារ ស្មើនឹង ១០,៩​ ភាគរយ​, សកម្មភាព​ពិគ្រោះ​យោបល់​ផ្នែក​គ្រប់គ្រង ៤៧៥ ​លាន​ដុល្លារ ស្មើ ៥,៨ ​ភាគរយ​, កម្មន្តសាល​សម្លៀក​​បំពាក់ ​(​លើកលែង​សម្លៀក​បំ​ពាក់​ធ្វើ​ពី​រោមសត្វ​) ៤៧៥​ លាន​ដុល្លារ ស្មើ ៥,៨ ​ភាគរយ​, និង​ផ្នែក​ផ្សេងៗ​មាន​ដើមទុន ៤,៤៨ ​ពាន់​លាន​ដុល្លារ ស្មើ ៥៤,៤ ភាគរយ​។​


​ប្រធាន​សមាគម​បច្ចេកវិទ្យា​ឌីជីថល​នៃ​កម្ពុជា លោក ឈិន កេ​ន បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​៩ ខែសីហា​ថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ លោក​សង្កេតឃើញថា ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​នៅ​កម្ពុជា​បាន​កើន​ឡើងជា​លំដាប់ ខណៈ​បច្ចេកវិទ្យា ក៏​កំពុង​ដើរតួនាទី​សំខាន់​ផងដែរ​នៅ​គ្រប់​សកម្ម​ភាព​សង្គម​។​

​លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​មើលឃើញថា បន្ទាប់ពី​រដ្ឋាភិបាល​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​ការ​ចុះបញ្ជី គឺ​ចំនួន​ក្រុមហ៊ុន​ដែល​ស្នើសុំ​ចុះបញ្ជី​មាន​សម្ទុះ​កើន​គួរឱ្យកត់សម្គាល់​។ កំណើន​ក្រុម​ហ៊ុន​ចុះបញ្ជី​អាជីវកម្ម​ពេលនេះ ក៏​ដោយសារតែ​ម្ចាស់​អាជីវកម្ម​ភាគច្រើន​យល់ដឹង​ពី​កាតព្វកិច្ច និង​ចេះ​ប្រើ​បច្ចេកវិទ្យា​ដើម្បី​ស្នើសុំ​ចុះបញ្ជី​ផងដែរ​»​។​

​ក្នុង​គោលបំណង​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឱ្យ​ស្ទុះ​ទៅមុខ​កាន់តែ​លឿន​ថែមទៀត​នោះ លោក ឈិន កែន បាន​និយាយថា​៖ «​កូន​ខ្មែរ​ទាំងអស់ ត្រូវតែ​ព្យាយាម​អភិវឌ្ឍ​ខ្លួន​លើ​ជំនាញ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ប្រសើរ​ថែមទៀត ដើម្បី​អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង និង​ពិភពលោក​»​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​និយាយថា រយៈពេល​ជាង ២ ​ឆ្នាំ​បន្ទាប់ពី​ដាក់ឱ្យ​ដំណើរការ គេ​សង្កេតឃើញ​មាន​ម្ចាស់​អា​ជីវ​កម្ម​/​ក្រុមហ៊ុន​ជាច្រើន​បាន​នាំយក​អាជីវកម្ម​របស់​ពួកគេ​ទៅ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន ដែល​ប្រព័ន្ធ​នេះ​បាន​កាត់បន្ថយ​នីតិវិធី​ស្មុគ​ស្មាញ ខណៈ​កន្លងមក​តម្រូវឱ្យមាន​ឯកសារ​ច្រើន និង​ត្រូវធ្វើ​ពី​កន្លែង​ ១​ ទៅ​កន្លែង ​១​។​

​លោក​បញ្ជាក់ថា​៖«​ផ្នែក​ឯក​ជន គឺ​តែង​ចង់បាន​នីតិវិធី​ណា​ដែល​ងាយស្រួល រហ័ស និង​ចំណាយ​ថវិកា​តិច​។ ម្យ៉ាងវិញទៀត​ការប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា ក៏​ជួយ​សម្រួល​ឱ្យ​អ្នក​ដែល​ត្រូវ​ចុះបញ្ជី​អាចធ្វើ​ឡើង​បាន​ពី​គ្រប់​ទីកន្លែង​បាន​ផងដែរ​»​។​

​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ក្នុង​ពិធី​ប្រកាស​ដាក់ឱ្យ​ដំណើរ​​ការ​ជា​ផ្លូវការ ​«​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន ដំណាក់កាល​ទី​៣» កាលពី​ថ្ងៃទី​ ២២ ខែមិថុនា បាន​ថ្លែងថា ការធ្វើ​ឌី​ជី​ថ​លូ​ប​នី​យ​កម្ម និង​បរិវត្ត​កម្ម​ឌីជីថល គឺជា​អាទិភាព​គន្លឹះ​មួយ​ដែល​កម្ពុជា​កំពុង​ខិតខំ​ធ្វើ តាមរយៈ​ការ​បង្កើត​គំរូ​សេដ្ឋកិច្ច​ថ្មី​ដែលមាន​លក្ខណៈ​ឌីជីថល ការបង្កើន​ផលិតភាព និង​ការធានាបាន​កំណើនសេដ្ឋកិច្ច​រឹងមាំ​៕