ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​(MEF) បញ្ជាក់ថា រដ្ឋាភិបាល​ថ្មី​នឹង​ចាក់​​បញ្ចូល​ថវិកា​បន្ថែមទៀត​ដល់​សហគ្រាស​ខ្នាត​មីក្រូ តូច និង​មធ្យម (MSMEs) ជាមួយនឹង​វិស័យ​ដ៏​ជាក់លាក់​ដើម្បី​ជំរុញ​ផលិតកម្ម​ក្នុង​ផ្នែក​នេះ​ឱ្យ​កាន់​តែ​រឹងមាំ និង​ជំរុញ​កំណើន​សេដ្ឋ​​កិច្ច​ប្រកបដោយ​និរន្តរភាព​ដើម្បី​សម្រេច​បានការ​ប្រែ​ក្លាយទៅជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ ​២០៣០ និង​មាន​ចំណូល​ខ្ពស់​ក្នុង​ឆ្នាំ​ ២០៥០​។​

​លោក ហែម វណ្ឌី រដ្ឋលេខា​ធិ​ការ​ក្រសួង​សេដ្ឋកិច្ច និង​ហិ​រញ្ញ​វត្ថុ ថ្លែង​ក្នុង​វេទិកា​នៃ​ការផ្តល់​ឥណទាន​ផ្ទាល់​ដល់​វិស័យ​ឯក​ជន ​«Non-Sovereign Loan» នៅ​ថ្ងៃទី​៩ ខែសីហា ដែលមាន​ការចូលរួម​ពី​វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​សំខាន់ៗ​ចំនួន ៣ ​ផងដែរ​ដូចជា ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB) សាជីវកម្ម​ហិរញ្ញ​​វត្ថុ​អន្តរជាតិ ​(IFC) និង PROPARCO នៃ AFD ជាដើម​។​


​លោក​បានឱ្យដឹងថា ការយល់​ដឹង​ពី​សារៈសំខាន់​នៃ MSMEs គឺជា​ឆ្អឹងខ្នង​នៃ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស ប៉ុន្តែ​លទ្ធភាព​នៃ​ការទទួលបាន​ហិរញ្ញវត្ថុ​នៅក្នុង​វិស័យនេះ​នៅមានកម្រិត ដោយ​សារ​បញ្ហា​ប្រឈម​មួយចំនួន​ជុំ​​វិញ​ការច្របាច់បញ្ចូលគ្នា​រប​ស់​ពួកគេ​ឱ្យ​ក្លាយជា​សហគ្រាស​តែមួយ និង​កាន់តែ​ជាក់ច្បាស់​។​

​លោក​ថ្លែងថា​៖ «​បើ​ខ្ញុំ​ក្រឡេក​មើលទៅ​កន្លែង​ណា​ដែល​កម្ពុជា​នឹង​ទៅក្នុង​រយៈពេល ៥ ទៅ ១០​ ឆ្នាំ​ខាងមុខ​ជាមួយនឹង​លោកនាយក​រដ្ឋមន្ត្រី​ថ្មី ការធ្វើ​ពិពិធ​កម្ម គឺមាន​សារៈសំខាន់​ណាស់ ហើយ​តើ​យើង​អាចធ្វើ​ពិពិធ​កម្ម​ដោយ​របៀប​ណា​? ការធ្វើ​ពិពិធ​កម្ម គឺ​ចេញ​មកពី​ផ្នែក​កណ្ដាល​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យើង​។ យើង​កំ​ពុង​តែ​ស្វែងរក​ឧស្សាហកម្ម​ថ្មី ហើយ​សំខាន់​ជាងនេះទៅទៀត​គឺ​ការផ្លាស់ប្តូរ MSMEs របស់​យើង ដែល​នេះ​ជា​ស្នូល​នៃ​របៀបវារៈ​របស់​នាយ​ក​រដ្ឋមន្ត្រី​ថ្មី​»​។​


​លោក​បញ្ជាក់​ក្នុង​វេទិកា​នេះ​ថា​៖ «​ជាការ​ពិតណាស់ យើង​បាន​និយាយ​ជាទូទៅ​ថា MSMEs រហូតមកដល់​ពេលនេះ យើង​ត្រូវ​បញ្ជាក់​ឱ្យបាន​ច្បាស់​អំពី​អនុវិស័យ និង​របៀប​ដែល​យើង​ជ្រើសរើស​មួយចំនួន​ក្នុង​ចំនួន​ទាំងអស់នោះ យើង​អាច​និយាយ​អំពី​អាជីវកម្ម​ក​សិ​​ពាណិជ្ជកម្ម​ជាទូទៅ ប៉ុន្តែ​ខ្ញុំ​គិត​ម្តងទៀត យើង​ចាំបាច់​ត្រូវតែ​កំណត់ឱ្យ​កាន់តែ​ជាក់ច្បាស់​នៅពេលនេះ​»​។​

​លោក​លើកឡើងថា​៖ «​យើង​មិនអាច​និយាយ​អ្វី​ជាទូទៅ​បាន​ទៀត​ទេ​ឥឡូវនេះ យើង​ចាំបាច់​ត្រូវផ្តោត​ការយកចិត្តទុកដាក់​ប​ន្ថែ​ម​ទៀត ដូច្នេះ​ស្រូវ​អង្ករ ស្វាយចន្ទី កៅស៊ូ មៀន ស្វាយ និង​សូម្បីតែ​ផលិតផល​ត្រី​ដែល​ផ្តល់​អត្ថប្រយោជន៍​ដ៏​ធំ​មួយ​សម្រាប់​កម្ពុជា​។ យើង​ត្រូវធ្វើ​វិធីសាស្ត្រ​កាន់តែ​ស៊ីជម្រៅ​លើ​ចំណុច​ទាំងនេះ ពង្រីក​វា​ឡើង បង្កើត​ខ្សែចង្វាក់​ផ្គត់ផ្គង់ ដូច្នេះ​យើង​អាច​ផ្តល់​ហិរញ្ញប្បទាន​បាន​យ៉ាង​ល្អ​»​។​

​លោក ចាន់ សុ​ឃាំង ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​អំពាវនាវ​ទៅដល់​ដៃគូ​អភិវឌ្ឍន៍​ទាំង ៣ ត្រូវ​ផ្តល់​លទ្ធភាព​នៅក្នុង​ការទទួល​បាន​ហិរញ្ញប្បទាន​ដោយផ្ទាល់​ដល់​រោង​ម៉ាស៊ីនកិនស្រូវ​ដែល​ត្រូវការ​ទុន​បង្វិល​បន្ថែម ដើម្បី​ប្រមូល​អតិរេក​ស្រូវ​ដែល​ហូរ​ចេញ​ក្រៅប្រទេស​។​

​លោក​ឱ្យដឹងថា មធ្យោបាយ​ប្រពៃណី​ភាគច្រើន​ដែល​ធនាគារពាណិជ្ជ​បានធ្វើ​នៅពេល​ពួកគេ​យក​ទ្រព្យ​បញ្ចាំ ដី ឃ្លាំង សំណង់​ខ្លះ ហើយ​បន្ទាប់មក​ផ្តល់​ភាគ​រយ​នៃ​អនុ​បាត​ប្រាក់ចំណេញ​របស់ខ្លួន ទោះយ៉ាងណា​សន្និធិ ស្រូវ​មិនអាច​ប្រើប្រាស់​ជាវ​ត្ថុ​​បញ្ចាំ​ដល់​ធនាគារ​បានទេ​។​

​លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​គិតថា ដើម្បី​សម្រេចបាន​ការនាំចេញ​អង្ករ​មួយ​លាន​តោន ជា​គោល​​ដៅ​ដំបូង​ដែល​កំណត់ដោយ​នាយករដ្ឋមន្ត្រី [​ហ៊ុន សែន​] ខ្ញុំ​គិតថា វិស័យ​ស្រូវ​អង្ករ ត្រូវការ​ទុន​បង្វិល​ប្រហែល​ពី ១២០ ​ទៅ ១៥០ លាន​ដុល្លារ​ថែមទៀត​។ ដូច្នេះ​ខ្ញុំ​ចង់​ស្នើ​ទៅ​ស្ថាប័ន​ទាំង ៣ បើសិន​អ្នក​ជួយ​លើ​ការផ្តល់​ប្រាក់កម្ចី​ដោយផ្ទាល់​នោះ គឺជា​ការលើកទឹកចិត្ត​ខ្លាំងណាស់ បើ​យក​ម្ចី​ដែលមាន​ទឹកប្រាក់​ពី​ ១២០-១៥០​ លាន​ដុល្លារ​គឺ​មិន​ច្រើន​សម្រាប់​ស្ថាប័ន​ទាំង ៣»​។​

​លោក ហេង កុយ អ្នក​គ្រប់​គ្រង​ទូទៅ​សមាគម​ធនាគារ​នៅ​កម្ពុជា ​(ABC)​ ក៏បាន​ឱ្យដឹង​ក្នុង​វេទិកា​នេះ​ថា សមាគម​លោក​ក៏​កំពុងធ្វើការ​ដើម្បី​សម្រួល​ដល់​អាជីវកម្ម​ក្នុងស្រុក​ឱ្យមាន​លទ្ធ​ភាព​ក្នុងការ​ទទួលបាន​ហិរញ្ញ​​វត្ថុ​កាន់តែច្រើន​ផងដែរ​។ ទោះយ៉ាងណា​ក៏ដោយ នៅតែមាន​បញ្ហា​ប្រឈម​មួយចំនួន​នៅក្នុង​វិស័យ​ធនាគារ​អំពី​របៀប​កាត់​បន្ថយ​ហានិភ័យ​ដូច្នេះ​លោក​ស្នើឱ្យ​សមាគម​ធុរកិច្ច និង ABC សហការគ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនោះ​។​

​លោក​ថ្លែងថា​៖ «​ប្រសិនបើ​យើង​អាច​ធ្វើការ​ជាមួយគ្នា​បាន ខ្ញុំ​គិតថា​នឹងមាន​ការផ្លាស់ប្តូរ​ជាច្រើន​សម្រាប់​ការរួមចំណែក​ក្នុងការ​ទទួលបាន​ហិរញ្ញវត្ថុ​»​។​

​យោងតាម​លោក វណ្ឌី បច្ចុប្បន្ននេះ កម្ពុជា មាន MSMEs ជាង ៥០០ ០០០ នៅ​ទូទាំងប្រទេស ដែល​ពិបាក​ដល់ដៃ​គូ​អភិវឌ្ឍន៍​ក្នុង​ការផ្តល់​ប្រាក់កម្ចី​ដល់​ពួក​​គេ​ទាំងអស់ ខណៈដែល​ចាំបាច់​ត្រូវមាន​មជ្ឈមណ្ឌល​ដ៏​រឹងមាំ​មួយ​ផ្តល់ព័ត៌មាន​ជាក់ស្តែង​ថែម​ទៀត​អំពី​អាជីវកម្ម​ពួកគេ​។​

​លោក​បញ្ជាក់ថា​៖«​ពិត​ហើយ PROPACO, ADB និង IFC មិនអាច​កំណត់​គោលដៅ​របស់​អ្នក​ទាំងនោះ​ក្នុងពេល​តែមួយ​បានទេ ប៉ុន្តែ​ខ្ញុំ​ជឿថា​អ្នក​ផ្តោតលើ​អ្វីដែល​នឹង​គាំទ្រ​ទៅដល់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​។ ដូច្នេះ​តួ​អង្គជា​កាតាលីករ​ទាំង​អស់​នឹងមាន​សារៈសំខាន់​ក្នុង​ដំណាក់​កាល​នេះ​។ អ្នកមាន​ស្ពាន​ឆ្លង​រួចហើយ អ្នក​បាន​ផ្គត់ផ្គង់​រួច និង​ជា​ផ្នែក​ធំ​នៃ​ខ្សែចង្វាក់​តម្លៃ នឹងត្រូវ​ផ្តោតលើ​លទ្ធភាព​ទទួលបាន​ហិរញ្ញប្បទាន​»​។​

​លោក វណ្ឌី បន្ថែមថា​៖ «​យើង​មិន​អាចជួយ​នរណាម្នាក់​ក្នុង​គោលដៅ​តែមួយ​បានទេ ប៉ុន្តែ​ខ្ញុំ​គិតថា ប្រសិនបើ​យើង​អាច​កំណត់​អត្តសញ្ញាណ​អ្នក​ដែល​អាចដឹកនាំ​អ្នក​រាល់គ្នា​នៅពេលនេះ ដែល​គួរតែ​ជា​អាទិភាព​របស់​យើង​»៕