ភ្នំពេញៈ និយតករ​មូល​ប​ត្រ​កម្ពុជា និង​ឡាវ នឹង​សហការគ្នា​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​ផ្សា​រមូល​ប​ត្រ​រវាង​ប្រទេសជិតខាង​អាស៊ាន​ទាំង ​២ ខណៈ​ទីផ្សារ​មូលធន​ប្រទេស​ទាំង​ ២ ​នៅមានកម្រិត​តិចតួច​ដូចគ្នា​បើ​ធៀប​នឹង​ប្រទេស​ដៃ​​គូ​ផ្សេងទៀត​នៅក្នុង​តំបន់​។​

​លោក ស៊ូ សុជាតិ អគ្គនាយក​នៃ​និយតករ​មូល​ប​ត្រ​កម្ពុជា​ (SERC) និង​លោកស្រី Fongchinada Sengsourivong អគ្គលេខាធិការ​នៃ​កា​រិ​យា​ល័យ​គណៈកម្មការ​មូល​ប​ត្រ​ឡាវ ​(LSCO)​ បាន​ចុះហត្ថលេខា​លើ​អនុ​ស្សរណៈ​នៃ​ការយោគយល់​គ្នា ​(MoU) ស្តីពី​កិច្ចសហប្រតិបត្តិការ​ទីផ្សារ​​មូល​ប​ត្រ​នៅ​ថ្ងៃទី​ ១០ ខែសីហា​។​


​លោកស្រី Fongchinada បានឱ្យដឹងថា LSCO គឺជា​និយតករ​ដ៏​សំខាន់​មួយ​ដែល​កំពុង​ដើរតួនាទី​សម្រាប់​ការ​អភិវឌ្ឍ​ទីផ្សារ​មូល​ប​ត្រ​ប្រទេស​ឡាវ​។ ស្ថាប័ន​នេះ​កំពុង​ធ្វើ​សកម្មភាព​មូល​ប​ត្រ​ជាច្រើន​ដូចជា ចេញ​គោ​លន​យោ​បាយ ច្បាប់ និង​បទ​ប្បញ្ញត្តិ​ដែល​អនុ​លោម​តាម​ការអនុវត្ត​ល្អ​បំផុត​។​

​លោកស្រី​ថ្លែងថា​៖ «​យើង​ជឿជាក់ថា MoU នេះ​នឹង​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​គាំទ្រ​ព័ត៌មាន​ចាំបាច់ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ទីផ្សារ​មូល​ប​ត្រ​រវាង​កម្ពុជា និង​ឡាវ​»​។​


​លោក ស៊ូ សុជាតិ បាន​លើកឡើងថា ការចុះហត្ថលេខា​រវាង​និយតករ​មូល​ប​ត្រ​កម្ពុជា និង​ការិយាល័យ​គណៈ​កម្ម​ការមូល​ប​ត្រ​នៃ​ប្រទេស​ឡាវ ស្តីពី​ការផ្លាស់ប្តូរ​ព័ត៌មាន និង​ជំនួយ​ទៅវិញទៅមក តាមរយៈ MoU នេះ​នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុងការ​កសាង​សមត្ថភាព និង​ការផ្លាស់ប្តូរ​ព័ត៌មាន ដែល​តាមពិត​នឹង​បង្កើន​ទំនុក​ចិត្ត សាមគ្គីភាព និង​វឌ្ឍនភាព​បន្ថែមទៀត​សម្រាប់​ភាគី​ទាំង ​២​។​

​លោក​ថ្លែងថា​៖ «​វា​គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយទៀត និង​ជា​ដំណើរ​ដ៏​អស្ចារ្យ​សម្រាប់​និយតករ​ទាំង​ ២ ​នេះ ក្នុងការ​សហការគ្នា ដើម្បី​អភិវឌ្ឍ​ទីផ្សារ​មូល​ប​ត្រ​នៃ​ប្រទេស​ទាំង ​២​ ក្នុង​ជា​ភាព​​ជា​ដៃគូ​ស៊ីជម្រៅ​។ SERC តែងតែ​សហការ​ជាមួយ​ក្របខ័ណ្ឌ​តំបន់​ទាំង​ដែល​រួមមាន​ទីផ្សារ​មូលធន​មេគង្គ និង​វេទិកា​ទីផ្សារ​មូលធន​អាស៊ាន​»​។​

​យោងតាម​លោក សុជាតិ ក្នុង​រយៈ​​ពេល ១​ ទសវត្សរ៍​មកនេះ ទីផ្សារ​មូល​​ប​ត្រ​នៅ​កម្ពុជា​មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់​។ តាំងពី​ចាប់ផ្តើម​ដាក់លក់​លើ​ទីផ្សារ​រហូតមក​ដល់ពេលនេះ​កម្ពុ​ជាមាន​ក្រុមហ៊ុន​សរុប​ ២០ ដែល​បាន​ចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា ​(CSX) ក្នុងនោះ​ក្រុមហ៊ុន ១១ បាន​បោះផ្សាយ​មូល​ប​ត្រ​កម្មសិទ្ធិ ក្រុមហ៊ុន ៩ បាន​ចុះបញ្ជី​នៅលើ​ទីផ្សារ​គោល ក្រុមហ៊ុន​ផ្សេងទៀត​ចុះបញ្ជី​នៅ​ទីផ្សារ​កំណើន និង​ក្រុមហ៊ុន ៩​ ផ្សេងទៀត​បានចេញ​សញ្ញា​បណ្ណ​សាជីវកម្ម ហើយ​បាន​ចុះបញ្ជី​នៅ​ទីផ្សារ​របស់​កម្ពុជា​។​

​លោក​ប្រាប់ថា​៖ «​ក្នុងចំណោម​ក្រុម​​ហ៊ុន​ទាំងនេះ យើង​មាន​ក្រុមហ៊ុន​មួយ​ដែល​យើង​ហៅថា Golden Tree ដែល​បានចេញ​សញ្ញា​បណ្ណ​បៃតង​ដំបូង​គេ​ស្របតាម​ស្តង់ដា​សញ្ញា​បណ្ណ​បៃតង​អាស៊ាន​។ ក្រៅពីនេះ សញ្ញា​បណ្ណ​បៃ​តង​នេះ មាន​ក្រុមហ៊ុន​ចំនួន ៣​ ទៀត​កំពុង​ស្ថិតក្នុង​ដំណើរការ​ដើម្បី​ចេញ​សញ្ញា​បណ្ណ​បៃតង​ប្រកបដោយ​និរន្តរ​ភាព ដែល​រំពឹងថា នឹងមាន​ក្រុមហ៊ុន​យ៉ាងហោចណាស់ ​១ ឬ ២​ ទៀត​នឹង​ចុះបញ្ជី​នៅលើ CSX ត្រឹម​ចុង​ឆ្នាំនេះ​។ ជាមួយគ្នានេះ​យើង​បានផ្ដល់​អាជ្ញា​ប័ណ្ណ និង​យល់ព្រម​លើ​ក្រុមហ៊ុន​ជាង ១០ កំពុង​ប្រតិបត្តិការ​នៅលើ​ទីផ្សារ​​មូល​ប​ត្រ​នេះ​»៕