ភ្នំពេញៈ ប្រធាន​សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង ផលិតផល​ធ្វើ​ដំណើរ​នៅ​កម្ពុជា (TAFTAC) លោក គង់ សាង បាន​ថ្លែង​ថា នៅ​ត្រឹម​ដើម​ខែ​សីហា​នេះ​ វិស័យ​កាត់ដេរ​នៅ​កម្ពុជា​មាន​រោងចក្រសរុប​ចំនួន ១ ០៧៧ រោងចក្រ ដែល​ក្នុង​នោះ​ផលិត​សម្លៀក​បំពាក់​មាន​ចំនួន ៨០២ ផលិត​ស្បែកជើង​មាន​ចំនួន១៤០ និង​ផលិត​កាបូប​មាន​ចំនួន ១៣៤ ហើយ​មាន​កម្មករ​សរុប​ចំនួន ៧៦៤ ៣៥៨ នាក់។

លោក គង់ សាង ដែលជា​សមាជិក​ស្ថាបនិក​នៃ​សមាគម​ឧកញ៉ា​កម្ពុជា​ផងដែរ​នោះ​ថ្លែង​ដូច្នេះ​ក្នុង​ឱកាស​ លោកចូលរួម​ជា​វាគ្មិន​នៃ​កិច្ច​ពិភាក្សា​ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​ឆ្នាំ ២០២៣ កាល​ពី​ថ្ងៃទី​១១ ខែ​សីហា ដែល​សហការ​រៀបចំ​ដោយ​សមាគម​ឧកញ៉ា​កម្ពុជា និង ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។


វេទិកា​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង ដើម្បី​ពិនិត្យ​មើល​បច្ចុប្បន្នភាព​នៃ​បរិយាកាស​ពាណិជ្ជកម្ម និង វិនិយោគ​នៅកម្ពុជា ដោយ​ផ្តោត​លើ​បញ្ហា​ប្រឈម ដំណោះស្រាយ និង ឱកាស​នៃ​វិស័យ​សំខាន់ៗ​របស់​កម្ពុជា។

ថ្លែង​ក្នុង​កិច្ច​ពិភាក្សា​នេះ លោក គង់ សាង បាន​លើកឡើង​អំពី​ស្ថានភាព​ទូទៅ បញ្ហា​ប្រឈម និង​សំណើ​ដោះស្រាយ​សម្រាប់​វិស័យ​វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​នៅកម្ពុជា។


ហ្វេសប៊ុក TAFTAC បាន​លើក​ឡើង​នា​ថ្ងៃទី​១២ ខែ​សីហា ថា៖ «វិស័យ​កាត់ដេរ នៅ​តែ​ដើរ​តួនាទី​យ៉ាង​សំខាន់​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា។ ក្នុង​ឆ្នាំ ២០២២ ទឹក​ប្រាក់​នាំ​ចេញ​មាន​ចំនួន​ជាង ១២,៥ ពាន់​លាន​ដុល្លារ ស្មើ​នឹង​ជិត៦០ ភាគរយ​នៃ​ទឹកប្រាក់​នាំចេញ​សរុប​របស់​កម្ពុជា ហើយ​បាន​ចូលរួម​ចំណែក​ប្រមាណ ១០ ភាគរយ​នៃ​សេដ្ឋកិច្ចកម្ពុជា»។

TAFTAC បន្តថា ក្នុង​ឆមាស​ទី​១ ឆ្នាំ ២០២៣ នេះ ការ​នាំចេញ​បាន​ថយ​ចុះ​ជាង ១៨ ភាគរយ ធៀប​ទៅ​នឹង​ឆ្នាំកន្លង​ទៅ ដោយសារ​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​សកល ហើយ​ការ​ព្យាករណ៍​សម្រាប់​ឆមាស​ទី​២ គឺ​ថា​ស្ថានភាព​នឹង​មិនមាន​ការ​ប្រែប្រួល​ជាវិជ្ជមាន​ច្រើន​នោះ​ទេ ដោយសារ​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក និង អឺរ៉ុប អាច​ត្រូវ​ការ​រយៈពេល​យូរបន្តិច​ក្នុង​ការ​ងើប​ឡើងវិញ។

TAFTAC លើក​ឡើង​ទៀត​ថា ដើម្បី​ស្តារ និង​បន្ត​ធានា​បាន​នូវ​ភាព​ប្រកួតប្រជែង ជាពិសេស ការ​ប្រកួត​ប្រជែង​ពីប្រទេស​ផ្សេងៗ​ដូចជា វៀតណាម ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា បង់ក្លាដែស ចាំបាច់​ត្រូវ​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​សំខាន់ៗ​ចំនួន ៥ រួមមាន ១.តម្លៃ​ពលកម្ម និង ផលិតភាព​ការងារ ២.តម្លៃ​ភ័ស្តុភារ និង កិច្ច​សម្រួល​ពាណិជ្ជកម្ម ៣.ពន្ធដារ ៤.ការវិនិយោគ និង ការ​អភិវឌ្ឍ​ឧស្សាហកម្ម​គាំទ្រ ៥.ចីរភាព​បរិស្ថាន និងសង្គម៕