ភ្នំពេញៈ គណៈគ្រប់គ្រង​សមាគម​វាយនភណ្ឌ សម្លៀក​បំពាក់ ស្បែកជើង និង ផលិតផល​ធ្វើ​ដំណើរ​នៅ​កម្ពុជា (TAFTAC) បាន​ចូលរួម​ក្នុង​សន្និសីទ​ស្តីពី​ការ​បង្កើត​កិច្ច​សហការ​រួមគ្នា កម្ពុជា-ជប៉ុន ដែល​ជំរុញ​ធ្វើ​ឱ្យ​ប្រសើរឡើង​នូវ​វិស័យ​កសិកម្ម ការ​តាមដាន​ការ​បំភាយ​ឧស្ម័ន និង នវានុវត្តន៍​ដោយ​ប្រើប្រាស់​បច្ចេក​វិទ្យា​ទំនើប​ចុងក្រោយ​លម្ហ​អាកាស និង ផ្កាយរណប។

សន្និសីទ​នេះ​រៀបចំ​ឡើង​ដោយ​អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​របស់​ប្រទេស ជប៉ុន (JETRO) និង ទីភ្នាក់ងារ​រុករក​អវកាស​ជប៉ុន (JAXA) នៅ​រាជធានី​ភ្នំពេញ។


ហ្វេសប៊ុក TAFTAC បញ្ជាក់​នា​ថ្ងៃទី​១២ ខែ​សីហា​ថា៖ «សន្និសីទ​នេះ បាន​ណែនាំ​ឱ្យ​ស្គាល់​នូវ​ក្រុមហ៊ុន​ជប៉ុនចំនួន​៧ ដែល​មាន​បច្ចេកវិទ្យា​ទំនើប និង មាន​សមត្ថភាព​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​កសិកម្ម ការ​រក​ឃើញ​ការ​បំភាយ​ឧស្ម័ន និង ការ​តាមដាន ការ​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន និង ការ​អភិរក្ស​ព្រៃឈើ​នៅ​កម្ពុជា»។

TAFTAC បន្តថា ក្រុមហ៊ុន​ទាំង​នេះ​បាន​និង​កំពុង​បើក​ចំហ​សម្រាប់​កិច្ចសហការ ដើម្បី​ពាណិជ្ជកម្ម និង​ការ​អភិវឌ្ឍ ស្រប​តាម​ចលនា​ឆ្ពោះ​ទៅ​រក​ពណ៌​បៃតង​តាម​រយៈការ​ប្រើប្រាស់​បច្ចេក​វិទ្យា​ចុងក្រោយ​បង្អស់៕