ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​សមា​​គម​វាយ​ន​ភណ្ឌ​សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ​នៅ​កម្ពុជា ​(TAFTAC) រំពឹងថា នឹង​មើលឃើញ​ពី​ការ​នាំចូល​វត្ថុ​ធាតុ​ដើមពី​ប្រទេស​ប៉ា​គី​ស្ថាន​បន្ថែមទៀត​ ដើម្បី​ផ្គត់ផ្គង់​នៅក្នុង​ឧស្សាហ​កម្មនេះ ខណៈ​ការនាំ​ចូល​នៅពេលនេះ​ភាគច្រើន​គឺ​មកពី​ប្រទេស​ចិន​។​

​លោក កាំ​ង ម៉ូ​នី​កា អគ្គ​លេ​ខា​ធិ​ការរង TAFTAC ដែល​ទើប​ត្រឡប់​មកពី​ចូលរួម​សន្និសីទ​ស្តីពី​ឱកាស​ធុរកិច្ច​អាស៊ាន​-ប៉ា​គី​ស្ថាន លើក​ទី១ ឆ្នាំ ​២០២៣ ដែល​រៀបចំ ចាប់ពី​ថ្ងៃទី​ ៧-១១ ខែសីហា ឆ្នាំ​ ២០២៣ នៅ​ទីក្រុង​ឡា​ហ័​រ និង​កា​រ៉ា​ច បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា TAFTAC និង​ក្រុមហ៊ុន​/​សមាគម​របស់​កម្ពុជា​ចំនួន ៤ ទៀត​បាន​ចូលរួម​ក្នុង​សន្និសីទ​នេះ​។ សន្និសីទ​នេះ​រៀបចំ​ដោយ​អាជ្ញាធរ​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ប្រទេស​ប៉ា​គី​ស្ថាន សហការ​ជាមួយ​បេសកកម្ម​ប៉ា​គី​ស្ថាន​នៅ​ប្រទេស​ឥណ្ឌូនេស៊ី និង​លេខាធិការដ្ឋាន​អាស៊ាន​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​រវាង​ប៉ា​គី​ស្ថាន និង​តំបន់​អាស៊ាន​។


លោក​បន្តថា គណៈប្រតិភូ​មកពី​វិស័យ​វាយ​ន​ភណ្ឌ​កម្ពុជា​បាន​ទៅ​ទីក្រុង Faisalabad ដើម្បី​ទៅ​ចូលរួម​កិច្ចប្រជុំ​រវាង​អាជីវកម្ម និង​អាជីវកម្ម​នៅ Faisalabad Chamber បន្ទាប់មក​គឺ​ដំណើរ​ទស្សនកិច្ច​នៅ​រោងចក្រ​។ ប្រទេស​ប៉ា​គី​ស្ថាន ជា​ដៃគូ​ប្រកួតប្រជែង​មួយផ្នែក​ផលិតកម្ម​វាយ​ន​ភណ្ឌ និង​កាត់ដេរ​។​

​លោក​ថ្លែងថា​៖ «​ប្រទេស​ប៉ា​គី​ស្ថាន ​ក៏មាន​ភាពរឹងមាំ​ផ្នែក​ផលិត​ក្រណាត់ ជា​ពិសេស​ក្រណាត់​ដែលមាន​មូលដ្ឋាន​លើក​ប្បាស​។ មកដល់ពេលនេះ​ការនាំ​ចូល​ក្រណាត់​ពី​ប៉ា​គី​ស្ថាន​សម្រាប់​ផលិត​សម្លៀកបំពាក់​នៅមាន​ចំនួន​តិចតួច​នៅឡើយ ហើយ​នៅមាន​ឱកាស​រីកចម្រើន​បន្ថែមទៀត​ការផ្គត់ផ្គង់​វាយ​ន​ភណ្ឌ​ប៉ា​គី​ស្ថាន​មក​កម្ពុជា​»​។​


​ថ្លែង​នៅក្នុង​វេទិកា​ធុរកិច្ច ឆ្នាំ​ ២០២៣ ដែល​រៀបចំឡើង​ដោយ​សមាគម​ឧកញ៉ា​កម្ពុជា​កាលពី​ថ្ងៃទី ១១ ខែសីហា លោក កង សាង ប្រធាន TAFTAC បានឱ្យដឹងថា គិត​មកដល់ពេលនេះ​ប្រទេស​កម្ពុ​ជាមាន​រោងចក្រ​ចំនួន ១ ០៧៧ ក្នុងនោះ​រោងចក្រ​កាត់ដេរ​ចំនួន ៨០២ រោងចក្រ​ផលិត​ស្បែកជើង ១៤០ និង​រោងចក្រ​ផលិត​ទំនិញ​ធ្វើដំណើរ​ចំនួន ១៣៤​។​រោងចក្រ​ទាំងនោះ​ផ្ដល់​ការងារ​ឱ្យដល់​កម្មករ​សរុប ៧៦៤ ៣៥៨​នាក់​។​

​លោក សាង បានលើកឡើង​ពី​បញ្ហា​ប្រឈម​ដែល​វិស័យ​កាត់ដេរ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ​កំពុង​ជួបប្រទះ ព្រម​ទាំង​ស្នើសុំ​ដំណោះស្រាយ​មួយចំនួន​។ លោក​និយាយថា​៖ «​វិស័យ​កាត់ដេរ និង​ទំនិញ​ធ្វើដំណើរ​នៅតែ​ដើរតួនាទី​សំខាន់​ក្នុង​សេដ្ឋកិច្ចកម្ពុជា​។ កាលពី​ឆ្នាំ​ ២០២២ តម្លៃ​នៃ​ការនាំចេញ​វិស័យនេះ​សម្រេចបាន ១២,៥ ​ពាន់​លាន​ដុល្លារ ស្មើនឹង​ជិត ៦០ ​ភាគរយ​នៃ​តម្លៃ​នាំចេញ​សរុប​របស់​កម្ពុជា និង​ស្មើនឹង ១០​ ភាគរយ​នៃ​សេដ្ឋកិច្ចកម្ពុជា​»​។​

​កាលពី​ចុងខែ​មីនា ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ «​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ​កម្ពុជា ​(GTF) ឆ្នាំ​ ២០២២-២០២៧» ដោយ​ក្រសួង​សង្ឃឹមថា នឹង​កំណត់​នូវ​គោលដៅ​អភិវឌ្ឍន៍​រួម​បង្កើត​ឯករាជភាព និង​អភិវឌ្ឍ​និរន្តរភាព និង​បរិ​យា​ប័ន្ន​នៃ​វិស័យនេះ​។​

​លោក ឆាយ បូរ៉ា នាយក​គ្រប់គ្រង Bower Group Asia (BGA) ដែលជា​ក្រុមហ៊ុន​ផ្តល់​ការប្រឹក្សា​យុទ្ធសាស្ត្រ​គាំទ្រ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក បានឱ្យដឹងថា យុទ្ធសាស្ត្រនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវគំរូវិស័យផលិតកម្មសម្លៀកបំពាក់របស់កម្ពុជា ធ្វើពិពិធកម្មប្រភពវត្ថុធាតុដើម បង្កើតទីផ្សារការនាំចេញអោយបានធំទូលាយ និងជំរុញការអភិវឌ្ឍន៍ជំនាញ និងបង្កើនផលិតភាព។

​លោក​និយាយថា​៖ «​ធុរកិច្ចគួរតែសម្លឹងមើលឱកាសថ្មីៗដែលផុសចេញពីការផ្លាស់ប្តូរនិងធ្វើពិពិធកម្មខ្សែចង្វាក់ផលិតកម្មរបស់កម្ពុជាទៅកាន់វិស័យវាយនភ័ណ្ឌ និងសំលៀកបំពាក់ដែលមានតម្លៃខ្ពស់។ នេះជាការផ្លាស់ប្តូរពីការរចនាវាយនភ័ណ្ឌ និងសំលៀកបំពាក់ជាលក្ខណៈសាមញ្ញ កាត់ដេរ តម្រឹមធម្មតា ទៅជាផលិតផលសំលៀកបំពាក់មានការច្នៃប្រឌិតម៉ូតស្មុគ្រស្មាញ ទាន់សម័យ សុីវិល័យដែលស្របនឹងនិន្នាការអ្នកប្រើប្រាស់ ដែលនេះនឹងតម្រូវឱ្យមានការវិនិយោគលើបច្ចេកវិទ្យាទំនើប ការផ្ទេរបច្ចេកវិទ្យា និងការបណ្តុះបណ្តាលជំនាញ។ នាពេលខាងមុខ ឧស្សាហកម្មវាយនភ័ណ្ឌ និងសំលៀកបំពាក់របស់កម្ពុជាត្រូវបានគេរំពឹងថានឹងបង្កើតការងារកាន់តែច្រើន ជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន​»៕