ភ្នំពេញៈ អគ្គលេខាធិការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) បាន​អំពាវនាវ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​រួមគ្នា​លើកកម្ពស់​បរិ​យា​កាស​វិនិយោគ​នៅ​កម្ពុជា ជា​ពិសេស​លើ​វិស័យ​សក្តានុពល និង​ឧស្សាហកម្ម​ដើម្បី​កសាង​ប្រទេស​កម្ពុជា​ឱ្យទៅ​ជាម​ជ្ឈ​​មណ្ឌល​សម្រាប់​វិនិយោគ​។​

​ថ្លែង​ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​ឆ្នាំ​ ២០២៣ ដែល​រៀបចំ​ដោយ​សមាគម​ឧកញ៉ា​កម្ពុជា ​(COA) នា​ថ្ងៃទី​ ១១ ខែសីហា លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គ​លេខាធិការ CDC បានឱ្យដឹងថា រាជរដ្ឋាភិបាល​បានអនុម័ត​ច្បាប់​វិនិយោគ​នៅ​ឆ្នាំ​ ២០២១ ហើយ​ថ្មីៗ​នេះ​ក៏បាន​ចេញ​អនុក្រឹត្យ​ស្តីពី​ការអនុវត្ត​ច្បាប់​នេះ​ផងដែរ​។​


​លោក​ថ្លែងថា​៖ «CDC គិតថា​យើង​ត្រូវ​ផ្សព្វផ្សាយ​ពី​ច្បាប់​នេះហើយ CDC បាន​សហការ​ជា​​មួយផ្នែក​ឯកជន​ដើម្បី​ជំរុញ​ការ​វិនិយោគ និង​ទាក់ទាញ​កា​រវិ​និ​យោគ​មក​កម្ពុជា​។ ម្យ៉ាង​ខ្ញុំ​សូមជម្រាបថា បញ្ហា​វិនិយោគ​គឺ​មិន​ត្រឹមតែ​ដោះស្រាយ​ដោយ CDC ប៉ុណ្ណោះ​ទេ តែ​ចាំបាច់​ត្រូវការ​ពី​ភាគី​ពាក់ព័ន្ធ ក៏ដូចជា​ផ្នែក​ឯក​​ជន​ដើម្បី​ទាក់ទាញ​ការវិនិយោគ​ក្នុង និង​ខាងក្រៅ​ប្រទេស​»​។​

​លោក​ថ្លែងថា​៖ «​យើង ​(CDC)​ មិន​ត្រឹមតែ​ផ្តល់ និង​គាំទ្រ​វិ​និ​យោគិន​បរទេស​ប៉ុណ្ណោះ​ទេ តែ យើង​ផ្តល់​ការគាំទ្រ និង​សេវា​​កម្ម​របស់​យើង​ដល់​ការវិនិយោគ​ក្នុងស្រុក និង​បរទេស​ផងដែរ​។ យើង​ជឿថា យើង​នឹង​សហការ​ជាមួយ​សមាគម​ឧកញ៉ា​កម្ពុជា​ដើម្បី​ផ្សព្វផ្សាយ​ពី​ការវិនិយោគ​របស់​យើង និង​ទាក់ទាញ​ការ​វិនិយោគ​កាន់តែច្រើន​មក​ប្រ​​ទេស​យើង ដើម្បី​រួមចំណែក​ដល់​កំណើនសេដ្ឋកិច្ច​ជាតិ​»​។


លោក​បន្តថា​៖ «​យើង​ស្វាគមន៍​ជានិច្ច​ចំពោះ​ភាពជា​ដៃគូ​ជាមួយ​ផ្នែក​ឯកជន ហើយ​យើង​ជឿថា ដើម្បី​ទះដៃ​ឱ្យឮ យើង​ត្រូវការ​ដៃ ​២​។ ភាពជា​ដៃគូ គឺជា​ផ្លូវ​ដែល​ត្រូវ​ឆ្ពោះទៅ​មុខការ​ថែ​រក្សា​ការវិនិយោគ​ត្រូវតែ​ជាការ​រួបរួមគ្នា​»​។​

​លោក លី យ៉ុង​ផាត់ ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា ​(COA) បានឱ្យដឹងថា វា​ជា​បេសកកម្ម​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម និង​វិនិយោគ​នៅ​កម្ពុជា​ដើម្បី​ពង្រឹង​សាមគ្គីភាព​រវាង​សមា​គម​ឧកញ៉ា​កម្ពុជា និង CDC ក៏ដូចជា ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​តំណាង​ពាណិជ្ជកម្ម និង​ផ្នែក​ឯកជន​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​ដោយសារ​មាន​ស្ថិរភាព​នយោបាយ និង​សន្តិភាព សេដ្ឋកិច្ចកម្ពុជា​កំពុង​រីកចម្រើន​រឹងមាំ ស្របពេល​រាជ​​រដ្ឋាភិបាល​កំពុង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ គឺ​មិន​ត្រឹមតែ​សម្រាប់​វិនិយោគិន​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្រាប់​វិនិយោគិន​បរ​ទេស​ផងដែរ​»​។​

​លោក​បញ្ជាក់ថា ដោយមាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​រដ្ឋាភិបាល ជាពិសេស CDC ផ្នែក​ឯកជន​កម្ពុជា​កំពុង​ទទួលបាន​ទំនុកចិត្ត​យ៉ាងខ្លាំង​សម្រាប់​ការពង្រីក​អាជីវកម្ម និង​ការវិនិយោគ​នៅ​កម្ពុជា​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​ជឿថា សហគមន៍​ធុរកិច្ច​របស់​យើង​នឹងមាន​អារម្មណ៍​ជឿជាក់​ខ្លាំង​ជាមួយ​អាជីវកម្ម​របស់​យើង និង​ការវិនិយោគ​នៅ​កម្ពុជា បើ​ទោះបី​កំពុង​ប្រឈមមុខ​នឹង​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ក៏ដោយ​»​។​

​លោក​បាន​បន្ថែមថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ដល់​ភ្ញៀវកិត្តិយស​ទាំង​អស់​ជួយ​សម្រួល និង​សម្រប​សម្រួល​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​នៅ​កម្ពុជា​ឱ្យមាន​ការ​រីកចម្រើន​ថែមទៀត​។ ខ្ញុំ​ក៏​សូម​លើកទឹកចិត្ត​ដល់​ការគាំទ្រ និង​ការចូល​រួមជាមួយ​សមា​គម​ឧកញ៉ា​កម្ពុជា​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​ក្នុងការ​សម្រេចបាន​គោលដៅ​ប្រកបដោយ​ចក្ខុ​​វិស័យ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ប្រែក្លាយ​ប្រទេសជាតិ​ទៅជា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់​ត្រឹម​ឆ្នាំ​ ២០៥០»​។​

​លំហូរ​វិនិយោគ​ផ្ទាល់​បរទេស​ (FDI) ចូលមក​ប្រទេស​កម្ពុជា​ចាប់តាំងពី​ថ្ងៃទី​ ៥ ខែសីហា ឆ្នាំ​ ១៩៩៤ មាន​ប្រហែល ៤៥,៨​ ពាន់​លាន​ដុល្លារ​ បើ​គិត​ត្រឹម​ថ្ងៃទី​ ៣១ ខែមីនា ឆ្នាំ​ ២០២៣ កើន​ឡើង ៩ ​ភាគរយ​លើ​មូលដ្ឋាន​ប្រចាំឆ្នាំ​។ ជាមួយគ្នា​នឹង​តំបន់ Greater China ដែលមាន​ចំ​​ណែ​ក ៤៥ ​ភាគរយ​កើនឡើង ១ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើ​យោងតាម​ព្រឹត្តិបត្រ​ដែល​ចេញ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​។​

​បញ្ជី​បន្ទាប់ គឺ​កូរ៉េខាងត្បូង​,​ សិង្ហ​បុរី​, ជប៉ុន​, វៀតណាម​, ម៉ា​ឡេ​ស៊ី​, ថៃ និង​អង់គ្លេស​។ ផ្នែក​ផ្សេងទៀត​បាន​កើនឡើង ៧,៣ ​ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​៕