ភ្នំពេញៈ ក្រុមហ៊ុន​ចំនួន ២​ កំពុង​សិក្សា​ពី​ទីតាំង​ ដើម្បី​សាងសង់​រោងចក្រ​ផលិត​សម្បក​កង់​យានយន្ត​នៅ​កម្ពុជា ខណៈ​បច្ចុប្បន្ន​ ទោះបី​មាន​រោងចក្រ​ផលិត​សម្បក​កង់​យានយន្ត​ចំនួន ៣ កំពុងដំណើរការ​ក៏ដោយ ក៏​កម្ពុជា​ នៅតែ​បន្ត​នាំចេញ​ជ័រកៅស៊ូ​ជាច្រើន​សិប​ម៉ឺន​តោន ​ទៅ​ទីផ្សារ​អន្តរជាតិ​ ជា​រៀងរាល់ឆ្នាំ​។ នេះ​បើ​យោងតាម​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC)​។​

​នៅក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា ឆ្នាំ​២០២៣ ដែល​រៀបចំឡើង​ដោយ​សមាគម​ឧកញ៉ា​កម្ពុជា និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពី​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២៣ លោក ជា វុទ្ធី អគ្គលេខាធិការរង ​CDC បាន​លើកឡើងថា ឧស្សាហកម្ម​ផលិត​សម្បក​កង់​យានយន្ត​នៅ​កម្ពុជា ​កំពុង​បង្ហាញ​សញ្ញា​វិជ្ជមាន​គួរឱ្យកត់សម្គាល់ ដោយ​នៅពេលនេះ​ មាន​ក្រុមហ៊ុន ២ កំពុង​សិក្សា​ទីតាំង​សម្រាប់​សាងសង់​រោងចក្រ​ស្របពេល​កម្ពុ​ជា មាន​រោងចក្រ​ផលិត​សម្បក​កង់​យានយន្ត​ចំនួន ៣ ហើយ​កំពុងដំណើរការគឺ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ ខេត្តស្វាយរៀង ​(​ក្រុង​បាវិត​) ខេត្ត​ព្រះសីហនុ និង​ខេត្តក្រចេះ​។​


​លោក​ថ្លែងថា​៖«​នៅពេល​ខាងមុខ​ឆាប់ៗ​នេះ​នឹងមាន​ក្រុមហ៊ុន ២ បន្ថែមទៀត ​ដោយពេល​នេះ ​កំពុង​ចរចា​ជ្រើសរើស​ទីតាំង​នៅតាម​បណ្តា​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយចំនួន​»​។​

​លោក​លើកឡើង​ទៀតថា តាម​ការ​ព្យាករ​បើ​ក្រុមហ៊ុន​ទាំង ៥​ ដំណើរ​ការផលិត​ពេញលេញ គឺ​ក្នុង ​១ ​ឆ្នាំៗ ​អាច​នឹង​ស្រូបយក​ជ័រកៅស៊ូ ​(​ធម្មជាតិ​) ​កម្ពុជា​ប្រមាណ ២០ ​ម៉ឺន​តោន ខណៈ​បច្ចុប្បន្ន​ ទិន្នផល​ជ័រកៅស៊ូ​ ដែល​កម្ពុជា​ប្រមូល​បាន​ក្នុង ​១​ ឆ្នាំ គឺ​ក្នុង​រង្វង់ ៥០​ ម៉ឺន​តោន​។​ ដោយសារ​មិនមាន​ទីផ្សារ​ក្នុងស្រុកគឺ​បរិមាណ​ស្ទើរ​ទាំងអស់ ​ត្រូវបាន​នាំទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​។ លោក​បន្តថា បើតាម​សមាគម​ចម្ការកៅស៊ូ​កម្ពុជា ​ការនាំចេញ​ជ័រកៅស៊ូ​ជា​ផ្លូវការ​គឺមាន​ប្រមាណ ៣០​ ម៉ឺន​តោន ក្រៅផ្លូវការ​ប្រមាណ ២០​ ម៉ឺន​តោន​។​


​លោក​បាន​ប្រាប់ទៀតថា​៖«​ខ្ញុំ​បាន​ខិតខំ ​ប្រឹងប្រែង​ពិភាក្សា​ជាមួយ​បណ្តា​ក្រុមហ៊ុន​ទាំងអស់នោះ​ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ទិញ​ជ័រកៅស៊ូ​នៅ​កម្ពុជា​ យកទៅ​ផលិត​ដើម្បី​ផលិត​បាន​សម្បក​កង់រ​ថយ​ន្ត​ ១ គឺ​យើង​ត្រូវការ​គ្រឿង​បង្គុំ និង​​វត្ថុធាតុដើម ​ប្រមាណ ១០០ ​មុខ​»​។ លោក​បន្តថា​៖«​នៅ​កម្ពុជា​ យើង​មានតែ​កៅស៊ូ​ធម្មជាតិ ​១ ប៉ុណ្ណោះ ដែល​អាចរួមចំណែក​នៅ​ក្នុង​ខ្សែចង្វាក់​នៃ​ការផលិត​សម្បក​កង់​រថយន្ត​»​។​

​បើតាម​លោក វុទ្ធី មកដល់​ពេល​គឺ​មានតែ​រោងចក្រ​ចំនួន ១​ ប៉ុណ្ណោះ​ ក្នុងចំណោម​រោងចក្រ​ទាំង ៣ ដែល​ទទួល​ទិញ​ជ័រកៅស៊ូ​កម្ពុជា ដោយ​រយៈពេល ​៥​ ខែ​ កន្លងមក ​ក្រុមហ៊ុន​នោះ បាន​ទិញ​ជ័រកៅស៊ូ​នៅក្នុង​ស្រុក ចំនួន​១៤០០០​ តោន​។ ​ភាគច្រើន​នៃ​វត្ថុធាតុដើម ​សម្រាប់​ផលិត​សម្បក​កង់​យានយន្ត​នៅ​កម្ពុជា ត្រូវបាន​នាំចូល​ពី​ប្រទេសជិតខាង​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅពេល​មានការ​វិនិយោគ​លើ​រោងចក្រ​ផលិត​សម្បក​កង់​កាន់តែច្រើន វា​នឹង​ជួយ​ធ្វើឱ្យ​តម្រូវការ​វត្ថុធាតុដើម ​ដែលជា​ជ័រកៅស៊ូ​ក្នុងស្រុក​មាន​ទីផ្សារ​​កាន់​តែ​ល្អ ខណៈ​បច្ចុប្បន្ន​ ទិន្នផល​ជ័រកៅស៊ូ​ ដែល​ប្រមូលបាន​ត្រូវ​ពឹងផ្អែក​ស្ទើ​ទាំងស្រុង​ទៅលើ​ការនាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​។

ការវិនិយោគ​លើ​រោងចក្រ​ផលិត​សម្បក​កង់ គឺ​មិន​ត្រឹមតែ​ជួយ​បង្កើត​ការងារ និង​ទីផ្សារ​សម្រាប់​ប្រជាកសិករ និង​អ្នកវិនិយោគ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​នឹង​ជួយ​ទាក់ទាញ​គម្រោង​វិនិយោគ​ផ្សេងៗ​ទៀត ជាពិសេស ​រោងចក្រ​ផលិត ឬ​ដំឡើងរថយន្ត និង​គ្រឿងយន្ត​ផ្សេងៗ​ឱ្យមក​បើក​រោងចក្រ​នៅ​កម្ពុជា​ ផងដែរ​។​

​លោក​បាន​បន្ថែមថា​៖«​វត្តមាន​របស់​រោងចក្រ​ថ្មីៗ ​នឹងចូលរួម​ចំណែក​លើ​ក​កម្ពស់​ការប្រើប្រាស់​ផលិតផល​ក្នុងស្រុក និង​ជំរុញ​ការនាំចេញ​ផងដែរ​»​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​បើកសម្ពោធ​រោងចក្រ​ផលិត​សម្បក​កង់​រថយន្ត ដែលមាន​តម្លៃ ៣០០​ លាន​ដុល្លារ ​របស់​ក្រុមហ៊ុន General Tire Technology (Cambodia) នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ​ក្រុងព្រះសីហនុ កាលពី​ថ្ងៃទី​២២ ខែឧសភា បាន​លើកឡើងថា កម្ពុជា​ចង់បាន​រោងចក្រ​ឧស្សាហកម្ម​ ដែល​ប្រើប្រាស់​វត្ថុធាតុដើម ​ក្នុងស្រុក​ដូចជា កៅស៊ូ និង​ស្វាយចន្ទី ឱ្យបាន ដោយ​រោងចក្រ​ក្នុងស្រុក​ នឹង​ជួយ​បង្កើត​ការងារ​ដល់​ប្រជាជន​។ ការវិនិយោគ​នៅក្នុង​ស្រុក​ ក៏​ជួយ​នាំ​បច្ចេកវិទ្យា​ទំនើបៗ​ ចូលមក​កម្ពុជា ដែល​ស្រប​នឹង​គោលនយោបាយ​ឧស្សាហកម្ម​របស់​កម្ពុជា​ ផងដែរ​។​

​អគ្គនាយកដ្ឋាន​កៅស៊ូ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៣ កម្ពុជា​រក​ចំណូល​ពី​ការនាំចេញ​ជ័រកៅស៊ូ បាន​ជិត ១៨៧,១១​ លាន​ដុល្លារ​។ ប្រទេស​កម្ពុ​ជា មាន​ផ្ទៃដី​កៅស៊ូ​សរុប ៤០៤ ៥៧៨ ​ហិកតា ក្នុងនោះ ផ្ទៃដី​ជៀរ​ជ័រ​មាន​ចំនួន ៣១៥ ៣៣២​ ហិកតា ស្មើនឹង ​៧៨​ ភាគរយ និង​ផ្ទៃដី​ថែទាំ​មាន​ចំនួន ៨៩,២៤៦​ ហិកតា ស្មើនឹង​ ២២ ​ភាគរយ​។​

​កាលពី​ឆ្នាំ​២០២២ កម្ពុជា​រកចំណូលបាន​ជាង ៥៣១​ លាន​ដុល្លារ ពី​ការនាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ​។ ក្នុងនោះ​ចំណូល​ពី​ការនាំចេញ​ជ័រកៅស៊ូ ចំនួន ៥២៧ ៧៧៤ ៥៦៩​ ដុល្លារ និង​ចំណូល​ពី​ការនាំចេញ​ឈើ​កៅស៊ូ ចំនួន ៤ ០៨៩ ២៧៣​ ដុល្លារ​៕