​ភ្នំពេញៈ ការនាំចេញ​អំបិល​កំពត​-​កែប ដែលជា ​«​មុខទំនិញ​ម៉ាក​សម្គាល់​ភូមិ​សា​​ស្ត្រ​ (GI)»​ ទៅ​ទីផ្សារ​អន្តរជាតិ អាច​នឹង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​ ២០២៣ នេះ ខណៈ​បច្ចុប្បន្ន​ដំណើរការ​រៀបចំ​បោះពុម្ព​សម្បក​វេច​ខ្ចប់ និង​ការផ្សព្វផ្សាយ​ពី​នីតិវិធី​បង្ក​បង្កើន​ផល និង​វេច​ខ្ចប់ ទៅកាន់​ប្រជា​កសិករ និង​អ្នកពាក់ព័ន្ធ​កំពុង​ធ្វើជា​បណ្តើរៗ​។ នេះ​បើតាម​លោក ប៊ុន ណារិន ប្រធាន​សមាគម​អ្នក​ផលិត​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​អំបិល​កំពត កែប​។​

​ផលិតផល​អំបិល​កំពត​-​កែប ត្រូវបាន​រដ្ឋាភិបាល​ក​ម្ពុ​ជា តាមរយៈ​ក្រសួង​ពា​ណិ​ជ្ជ​កម្ម កាលពី​ថ្ងៃទី​ ២៦ មេសា ឆ្នាំ​ ២០២៣ បានធ្វើ​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ ​«GI»​។​


​ថ្លែងប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នា​ថ្ងៃទី ​១៤ ខែសីហា លោក ប៊ុន ណារិន ឱ្យដឹងថា បន្ទាប់ពី​ទទួលបាន​ការចុះបញ្ជី​ជា​ផលិត GI ក្រុមការងារ​សមាគម​បានធ្វើ កិច្ចការ​ជាច្រើន​ទាក់ទង​នឹង​ស្ថានភាព​បរិស្ថាន​នៅ​ស្រែអំបិល គុណភាព​អំបិល និង​ការ​វេច​ខ្ចប់​ជាដើម ដើម្បី​ជំរុញ​ការនាំចេញ​អំបិល​ទៅ​ទីផ្សារ​អន្តរជាតិ​ជា​ផ្លូវការ​ឱ្យបាន​លឿន​។ ផលិតផល GI មិន​ត្រឹម​តែមាន​គុណភាព​អនុលោម​តាមច្បាប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នឹង​ទទួលបាន​តម្លៃ​ខ្ពស់ជាង​អំបិល​ធម្មតា​ដែរ​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​សង្ឃឹមថា ការនាំចេញ​អំបិល GI នឹង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ ​២០២៣ នេះ ដោយពេល​ការបោះ​​ពុម្ព​សម្បក​វេច​ខ្ចប់​ចាប់ផ្តើម​(​ពេល​ឆាប់ៗ​) ក្រុមការងារ​សមាគម​នឹង​ចុះ​ពិនិត្យ​តាម​គ្រួសារ​ដែលជា​សមាជិកសមាគម ថា​តើ​ស្រែអំបិល​របស់​ពួកគាត់​សម​ស្របតាម​ស្តង់ដា GI ដែរ ឬទេ​? មុនពេល​យើង​បើកទទួល​ការបញ្ជាទិញ​»​។


​យោងតាម​លោក ណារិន ផលិតផល​អំបិល GI ត្រូវ​រំពឹងថា នឹងមាន​តម្លៃ​ខ្ពស់ជាង​ផលិតផល​អំបិល​ធម្មតា​ចន្លោះ​ពី ៣០-៥០​ ភាគរយ ខណៈ​បច្ចុប្បន្ន​អំបិល​ល្អ មានតម្លៃ ២៥ ០០០​ រៀល​ ក្នុង​ ១​ បាវ​ទម្ងន់ ៥០ គីឡូក្រាម និង​អំបិល​មិនសូវ​ល្អ​តម្លៃ​ពី ១៧ ០០០-១៨ ០០០​រៀល​។ កន្លងមក​ផលិតផល​អំបិល​កំពត​-​កែប ធ្លាប់​ត្រូវបាន​នាំទៅ​ប្រទេស​មួយចំនួន​ដូចជា ជប៉ុន សាធារណរដ្ឋ​ឆែក ស្វ៊ី​ស និង​អង់គ្លេស​ជាដើម តាមរយៈ​ការភ្ជាប់​ជាមួយ​ផលិត​ផល​ម្រេច​កំពត GI​។​

​លោក​ប្រាប់ទៀតថា គិតដល់​ពេលនេះ​សមាគម​លោក បានទទួល​ពាក្យស្នើសុំ​កែច្នៃ និង​វេច​ខ្ខប់​អំបិល GI ពី​សហគ្រាស​ចំនួន ១​ ហើយ ដែលមាន​សមត្ថភាព​កែ​​ច្នៃ និង​វេច​ខ្ចប់​អំបិល​បាន​លើសពី ៥​ ពាន់​តោន​ក្នុង ១​ឆ្ នាំ ខណៈ​រំពឹង​ទទួលបាន ២-៣​ ថែមទៀត​នាពេលខាងមុខ​។​

​ប្រធាន​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ខេត្តកំពត លោក សុខ គឹម​ជឿន កាលពី​ខែមិថុនា បាន​និយាយថា អាកាសធាតុ​ក្តៅ និង​មិនសូវមាន​ភ្លៀង បានធ្វើឱ្យ​ការប្រមូល​ផល​អំបិល​ក្នុង​ខេត្តកំពត ឆ្នាំ​ ២០២៣ កើន​លើស​ឆ្នាំ ​២០២២ ជាង​ទ្វេដង ដោយ​គិត​ត្រឹម​ថ្ងៃទី​ ១៤ ខែមិថុនា ការប្រមូល​ផល សម្រេចបាន​ជាង ៧,៥​ ម៉ឺន​តោន​។​

​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ធ្លាប់បាន​ឱ្យដឹងថា ក្នុង ១​ ឆ្នាំៗ​កម្ពុជា​ត្រូវការ​អំបិល​ចន្លោះ​ពី ៧-១០ ​ម៉ឺន​តោន​ ដើម្បី​បំពេញតម្រូវការ​ប្រើប្រាស់​ក្នុងស្រុក​។​

​ខេត្តកំពត និង​កែប គឺជា​ទីតាំង​ផលិត​អំបិល​ក្នុងប្រទេស​កម្ពុជា ដោយ​ក្នុង​ឆ្នាំ ​២០២៣ ផ្ទៃដី​ធ្វើស្រែ​អំបិល​ក្នុង​ខេត្ត​ទាំង ២ ​គឺ​ប្រហាក់ប្រហែល​ឆ្នាំ​ ២០២២ ដែលមាន​ទំហំ ៤ ៧៤៨ ​ហិកតា​។​

​កាលពី​ឆ្នាំ​ ២០២២ កម្ពុជា​បាន​នាំ​ចូល​អំបិល​ធម្មជាតិ​ពី​ប្រទេស​ឥណ្ឌា​ជិត ២​ ម៉ឺន​តោន​ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក ខណៈ​កត្តា​អាកាសធាតុ​ធ្វើឱ្យ​ទិន្នផល​ប្រមូលបាន​ក្នុង​ឆ្នាំ​ ២០២២ ស្ថិតក្នុង​រង្វង់ ៤​ ម៉ឺន​តោន​។​

​កាលពី​ឆ្នាំ ២០១៤, ២០១៥ និង​ឆ្នាំ ២០១៦ គឺជា​ពេលដែល​កម្ពុជា​ប្រមូល​ផល​អំបិល​បាន​ច្រើន​ដោយ​ក្នុង ១ ឆ្នាំៗ​បាន​ជាង ១០​ ម៉ឺន​តោន​។ ទោះយ៉ាងណា​ទិន្នផល​នេះ​បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​ចាប់ពី​ឆ្នាំ​ ២០១៧ មក​៕