ភ្នំពេញៈ ភ្ញៀវ​ទេសចរ​បរទេស​ជាង ៣​ លាន​នាក់​បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា ​ក្នុង​រយៈ​ពេល ៧ ​ខែ​ ដើម​ឆ្នាំ​២០២៣ កើន​ឡើង​ជាង ៣០០​ ភាគ​រយ​ បើ​ធៀប​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២២ ​ក្នុង​នោះ​ជាង​ពាក់​កណ្តាល​មក​ពី​ប្រទេស​ថៃ និង​វៀតណាម។ នេះ​បើ​យោង​តាម​ក្រសួង​ទេសចរណ៍។

ទិន្នន័យ បង្ហាញ​ថា ពី​ខែ​មករា ដល់​ខែ​កក្កដា ឆ្នាំ​២០២៣ កម្ពុជា​ទទួល​បាន​ភ្ញៀវ​បរទេស​សរុប ៣ ០៣៧ ៣៤៤ ​នាក់ កើន​ឡើង ៣០៨,៥​ ភាគ​រយ​បើ​ធៀប​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២២ ដែល​មាន​ចំនួន ៧៤៣ ៤៥៩ ​នាក់​។​ ក្នុង​ចំណោម​ភ្ញៀវ​ខាង​លើ គឺ​ភ្ញៀវ​មក​ពី​ប្រទេស​ថៃ និង​វៀតណាម បាន​គ្រប​ដណ្តប់ ៥១,៩ ​ភាគ​រយ​នៃ​ចំនួន​ភ្ញៀវ​សរុប ក្នុងនោះ​ភ្ញៀវ​ថៃ មាន​ចំនួន​ ១ ០២៨ ០២០​ នាក់ (ស្មើ​ ៣៣,៨​ ភាគ​រយ​នៃ​ចំនួន​ភ្ញៀវ​បរទេស​សរុប) កើន​ឡើង ៣៣១,២​ ភាគ​រយ និង​វៀតណាម មាន​ចំនួន ៥៥១ ១៥៦​ នាក់​(១៨,១ ​ភាគ​រយ​) កើន​ឡើង ១៩០,៤​ ភាគ​រយ។


បន្ទាប់​មក​គឺ​ប្រទេស​ចិន មាន​ចំនួន ៣១៨ ៤៩៨​ នាក់​(មានចំណែក ១០,៥ ​ភាគ​រយ) កើន ៦៦៨,៩ ​ភាគ​រយ​ ​ឡាវ ចំនួន ១៧៣ ៨៨៦ ​នាក់ (៥,៧​ ភាគ​រយ) កើន ២ ៦២៥,៩​ ភាគ​រយ​ អាមេរិក ១១០ ៦៩៧​ នាក់ ​(៣,៦​ ភាគ​រយ​) កើន ២១៧ ភាគ​រយ​ កូរ៉េ ១០១ ៧២៨ នាក់ (៣,៣​ ភាគ​រយ​) កើន ៣៤១,៨​ ភាគ​រយ​ ឥណ្ឌូនេស៊ី ៧២ ៩០៤​ នាក់​ (២,៤ ​ភាគ​រយ​) កើន ១៦៦​ភាគ​រយ​ បារាំង ៦១ ៣៤៤​ នាក់(២​ ភាគ​រយ) កើន ១៧៤,៣​ ភាគ​រយ ចក្រភព​អង់គ្លេស ៥៨ ៨២៩ (១,៩​​ ភាគ​រយ​) កើន ២៨៥,៥​ ភាគ​រយ​ និង​ប្រទេស​រុស្ស៊ី ៥៨ ៦៩៣ ​នាក់(១,៩​ ភាគ​រយ​) កើន ៣ ៦៥៧,៦ ​ភាគ​រយ​។​

ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ លោក ខៀវ ធី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​១៦ ខែ​សីហា​ថា ចំនួន​ភ្ញៀវ​ទេសចរ​បរទេស ​ដែល​មក​កម្សាន្ត​នៅ​តាម​ប្រាសាទ​នានា​ក្នុង​ខេត្ត​សៀមរាប ចាប់​ពី​ដើម​ឆ្នាំ​២០២៣ មក​កើន​ឡើង​ច្រើន​បើ​ធៀប​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ប៉ុន្តែ​បើ​ធៀប​នឹង​អំឡុង​ឆ្នាំ​២០១៨​-​២០១៩ គឺ​នៅ​តិច​នៅ​ឡើយ​។ ភាគ​ច្រើន​នៃ​ភ្ញៀវ​បរទេស​ គឺ​ជា​អ្នក​មក​ពី​ប្រទេស​ជិត​ខាង ឬ​នៅ​ក្នុង​ទ្វីបអាស៊ី។


លោក​បន្ត​ថា វិស័យ​ទេសចរណ៍ តែង​ផ្សារ​ភ្ជាប់ជា​មួយ​សេដ្ឋកិច្ច និង​នយោបាយ ដូច្នេះ​ក្នុង​ដំណាក់​កាល​លំបាក​នេះ គឺ​ប្រាកដ​ណាស់​ថា កម្ពុជា​មិន​ទាន់​អាច​ស្រូយ​មក​ភ្ញៀវ​ទេសចរ​ពី​ប្រទេស​ឆ្ងាយ​ៗ​បាន​ច្រើន​ទេ។​ អ្វី​ៗ​អាច​នឹង​មាន​ការ​ប្រែ​ប្រួល​នៅ​ចុង​ឆ្នាំ​ដែល​ជា​រដូវ​កាល​មាន​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ចេញ​ដើរ​កម្សាន្ត​ច្រើន​។​

លោក​ប្រាប់​ទៀត​ថា៖​«​សម្រាប់​ផ្នែក​ឯកជន​ការ​ត្រៀម​ទទួល​ទទួល​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ច្រើន គឺ​មិន​មាន​បញ្ហា​ចោត​ឡើយ​។ ម៉្យាង​ទៀត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក៏​មាន​រមណីយ​ដ្ឋាន និង​ភោជនីយ​ដ្ឋាន​ ជា​ច្រើន​បាន​បើក​ដំណើរ​ការ​ផង​ដែរ​»។ ស្ថាន​ភាព​ភ្ញៀវ​ទេសចរ នឹង​លេច​ឡើង​ច្បាស់​នៅ​ចុង​ឆ្នាំ​»។

បើ​តាម​លោក ខៀវ ធី ជា​រៀង​រាល់​ឆ្នាំ​ គឺ​ចន្លោះ​ពី​ខែ​ឧសភា ដល់​ខែ​កញ្ញា គឺ​ជា​ពេល​ដែល​មិន​សូវ​មាន​ភ្ញៀវ​ទេសចរ​ចេញ​ដើរ​កម្សាន្ត។

នៅ​ក្នុង​ពិធី​បើក​សិក្ខា​សាលា​ស្តីពី​«បដិ​សណ្ឋារ​កិច្ច​ល្អ ទេសចរណ៍​មាន​សុវត្ថិ​ភាព» ដែល​រៀបចំ​នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង កាល​ពី​ថ្ងៃទី​១៤ ខែ​សីហា លោក ហោ សារុន រដ្ឋ​លេខាធិ​ការ​ក្រសួង​ទេសចរណ៍ បាន​ឱ្យ​ដឹង​ថា កម្ពុជា​មាន​សុទិដ្ឋិ​និយម​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ក្នុង​កម្រិត​ដូច​សម័យ​មុន​វិបត្តិ​ជំងឺ​កូវីដ​១៩ ពោល​គឺ​ប្រមាណ ៧​លាន​នាក់ នៅ​ចុង​ឆ្នាំ​២០២៥ ឬ​ដើម​ឆ្នាំ​២០២៦។

យោង​តាម​គ្រឹះស្ថាន​អង្គរ ដែល​ជា​ស្ថាប័នទទួល​បន្ទក់​លក់​សំបុត្រ​ឱ្យ​ភ្ញៀវ​បរទេស ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ គឺ​ក្នុង​រយៈ​ពេល ៧​ ខែ​ ដើមឆ្នាំ​២០២៣ មាន​ភ្ញៀវ​បរទេស​ចំនួន ៤៣៩ ៣៦៥ ​នាក់​ បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​​អង្គរ ដោយ​ប្រាក់​បាន​ពី​ការ​លក់​សំបុត្រ​មាន​ចំនួន ២០ ៣១៧ ៣៤៥​ ដុល្លារ កើន​ឡើង​ ៤២៣,៩៦​ ភាគ​រយ​ និង ៥០២,៧៩​ ភាគ​រយ​ ព្រម​គ្នា​បើ​ធៀប​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២២។

ឆ្នាំ​២០១៩ គឺ​ជា​ពេល​ដែល​កម្ពុជា​ ទទួល​បាន​ភ្ញៀវ​អន្តរ​ជាតិ​ច្រើន​បំផុត ដោយ​មាន​ចំនួន ៦ ៦១០ ៥៩២ ​នាក់ កើន​ឡើង ៦,៦​ ភាគ​រយ​ធៀប​ឆ្នាំ​២០១៨។ ក្នុង​នោះ​ភ្ញៀវ​មក​ពី​ប្រទេស​ជាប់​ព្រំប្រទល់​ទាំង ៣ មាន​ចំនួន​សរុប ១ ៦០៨ ៦២៥​ នាក់ ស្មើ​នឹង ២៤,៣៣​ ភាគ​រយ ​នៃ​ចំនួន​សរុប​។​

ក្នុង​ឆ្នាំ២០២២ កម្ពុជា​ទទួល​បាន​ភ្ញៀវ​អន្តរ​ជាតិ​ ប្រមាណ​ជិត​ ២,២៨ ​លាន​នាក់ កើន​ឡើង ១ ០៥៩​ ភាគ​រយ​ធៀប​ឆ្នាំ​២០២១។ ភ្ញៀវ​មក​ពី​ប្រទេស​ថៃ វៀតណាម និង​ឡាវ ចូល​មក​កម្ពុជា​ក្នុង​ឆ្នាំ​២០២២ មាន​ចំនួន​សរុប ១ ៤០៩ ៩៨០​ នាក់ កើន​ឡើង ១ ២៥២,៥៥ ​ភាគ​រយ​ធៀប​ឆ្នាំ​២០២១ ដែល​មាន​ចំនួន ១០៤ ២៤៦ ​នាក់​។ នេះ​បើ​យោង​តាម​ក្រសួង​ទេសចរណ៍៕