ភ្នំពេញៈ ទំនិញ​ជា​ផលិតផល​សម្លៀកបំពាក់ និង​គ្រឿង​បន្ទាប់​បន្សំ ដែលមាន​ទឹកប្រាក់​សរុប​ជាង ៤,៤​ ពាន់​លាន​ដុល្លារ​ ត្រូវបាន​កម្ពុជា​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​នៅក្នុង​រយៈពេល ៧ ​ខែ​នៃ​ឆ្នាំ ​២០២៣ ថយចុះ​ជាង ២០ ​ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ឆ្នាំ ​២០២២​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​។​

​តារាង​ស្ថិតិ​ពាណិជ្ជកម្ម​នាំចេញ​ទំនិញ​របស់ GDCE បង្ហាញថា ចាប់ពី​ខែមករា ដល់​ខែកក្កដា ឆ្នាំ​ ២០២៣ ការនាំចេញ​ទំនិញ​ក្នុង​ជំពូក ​(HS ២​ ខ្ទង់​) ដែលមាន​លេខ​កូដ ៦១ និង ៦២ រួមមាន សម្លៀក​បំពាក់ និង​គ្រឿង​បន្ទាប់បន្សំ ដែល​ធ្វើ​ពី​ក្រណាត់ ឬ​មិន​ធ្វើ​ពី​ក្រណាត់ (Articles of apparel and clothing accessories, Knitted and not knitted or crocheted) មាន​ទឹកប្រាក់​សរុប ៤ ៤៦៩,០៣​ លាន​ដុល្លារ ធ្លាក់ចុះ ២០,៦៣ ​ភាគរយ​ពី​ចំនួន ៥ ៦១៩,៥៥ ​លាន​ដុ​ល្លារ​នា​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២​។ ទឹកប្រាក់​នាំចេញ​ទំនិញ​លេខ​កូដ ៦១ និង ៦២ ស្មើនឹង ៣៣,០៤​ ភាគរយ​នៃ​ចំនួន​ទឹកប្រាក់​នាំចេញ​សរុប​របស់​កម្ពុជា​ក្នុង​រយៈពេល ៧​ ខែ ឆ្នាំ​ ២០២៣ ដែលមាន ១៣ ៥២៥,០៩ ​លាន​ដុល្លារ​។​


GDCE ឱ្យដឹងទៀតថា សម្រាប់​ខែ​កក្កដា ឆ្នាំ​ ២០២៣ ការនាំចេញ​ផលិត​ផល​លេខ​កូដ ៦១ និង ៦២ មានទឹក​ប្រាក់ ៨១៤,៦២ ​លាន​ដុល្លារ ធ្លាក់ចុះ ២៦,៥៧​ ភាគរយ​ពី ១ ១០៩,៤២​ លាន​ដុល្លារ​កាលពី​ខែកក្កដា ឆ្នាំ​ ២០២២​។​

​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​១៥ ខែកក្កដា ថា ការធ្លាក់ចុះ​សកម្មភាព និង​ចំនួន​ទឹក​​ប្រាក់​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​អន្តរជាតិ​បាន​លេចឡើង​នៅ​ស្ទើរ​គ្រប់​ប្រទេស​ប្រ​មាណ ១ ​ឆ្នាំ​មកហើយ បើទោះបី​ក្តីបារម្ភ​ពី​វិបត្តិ​ជំងឺ​កូ​វីដ ១៩ ត្រូវបាន​បិទ​បញ្ចប់​ហើយក៏​ដោយ​។ បញ្ហា​កើតមាន​ខាងលើ គឺ​ភាគច្រើន​បណ្តាលមកពី​ឥទ្ធិពល​នៃ​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​ប្រទេស​មហាអំណាច​ធំៗ និង​សង្គ្រាម​នៅ​ប្រ​​ទេស​អ៊ុយ​ក្រែ​ន​។ លោក​បន្តថា ចរន្ត​នៃ​ការធ្លាក់ចុះ​នេះ គឺ​កើតឡើង​ស្ទើរ​គ្រប់មុខ​ទំនិញ និង​គ្រប់​ប្រទេស​ទាំងអស់​។​


​លោក​ថ្លែងថា​៖ «​ការធ្លាក់ចុះ​ទឹកប្រាក់​នាំចេញ​ទំនិញ​ក្នុង​ជំពូក​លេខ​កូដ ៦១ និង ៦២ ក្នុងអំឡុងពេល​ខាងលើ គឺ​មិនមែនជា​រឿង​ចម្លែក ឬ​ភាពចុះ​ខ្សោយ​នៃ​សមត្ថភាព​ផលិតកម្ម​នៅ​កម្ពុជា​នោះទេ ប៉ុន្តែ​វា​ជា​វិបត្តិ​នៃ​ការ​ថមថយ​តម្រូវការ​ទំនិញ​ជាស​កល ដោយ​លើកលែងតែ​ទំនិញ​ដែលជា​តម្រូវការ ដូចជា​អាហារ​សម្រាប់​ការបរិភោគ​ប្រចាំថ្ងៃ​»​។​

​លោក​បន្ថែមថា សម្រាប់​ការ​ងើបឡើង​វិញ​នៃ​បរិមាណ​នាំចេញ​របស់​កម្ពុជា គឺ​ត្រូវ​អាស្រ័យទៅលើ​ចរន្ត​នៃ​សេដ្ឋកិច្ច និង​នយោបាយ​ពិភពលោក​។​

​អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ​(GMAC)​ លោក កាំ​ង ម៉ូ​នី​កា ធ្លាប់បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ការនាំចេញ​ផលិតផល​សម្លៀកបំពាក់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ គឺ​បាន​ធ្លាក់ចុះ​ចាប់តាំងពី​ឆមាស​ទី​២ ឆ្នាំ ​២០២២​។ មូលហេតុ​គឺ​ដោយសារ​សេដ្ឋកិច្ច​ប្រទេស​ធំៗ​ជួប​បញ្ហា​ដែល​បណ្តាល​ពី​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​។​

​បើតាម​លោក ម៉ូ​នី​កា ទីផ្សារ​សំខាន់ៗ​សម្រាប់​ផលិតផល​សម្លៀកបំពាក់​កម្ពុជា គឺ​អាមេរិក សហភាព​អឺរ៉ុប ជប៉ុន កា​ណា​ដា និង​ចក្រភព​អង់គ្លេស​។​

​ទិន្នន័យ​របស់​សមាគម​វាយ​ន​ភណ្ឌ​សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​នៅ​កម្ពុជា (TAFTAC) បានឱ្យដឹងថា គិត​ត្រឹម​ដើមខែ​សីហា វិស័យ​មួយ​នេះ​មាន​រោងចក្រ​សរុប ១ ០៧៧ ដោយ​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​បាន​ប្រមាណ ៧៦ ​ម៉ឺន​នាក់​។​

​ក្នុង​ឆ្នាំ​ ២០២២ ការនាំចេញ​សម្លៀក​​បំពាក់ និង​គ្រឿង​បន្ទាប់បន្សំ ដែល​ស្ថិតក្នុង​លេខ​កូដ ៦១ និង ៦២ មានទឹក​​ប្រាក់​សរុប ៩ ០៣៥,៣៥​ លាន​ដុល្លារ កើនឡើង ១២,៦៩ ​ភាគរយ​បើ​ធៀប​ឆ្នាំ ​២០២១ ដែលមាន​ចំនួន ៨ ០១៧,៨៦ ​លាន​ដុល្លារ​។ នេះ​បើតាម​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា​៕