ភ្នំពេញៈ អ្នកសេដ្ឋកិច្ច បានលើកឡើងថា ការធ្វើកំណែទម្រង់ជាបន្តបន្ទាប់ទៅលើនីតិវិធីបង់ពន្ធ និងការយល់ដឹងពីសំណាក់អ្នកជាប់កាតព្វកិច្ចបង់ពន្ធ បានជួយឱ្យការប្រមូលចំណូលពន្ធដាររបស់រដ្ឋាភិបាល កើនឡើងជាលំដាប់។ ជាក់ស្តែងក្នុងរយៈពេល ៧ខែ ដើមឆ្នាំ២០២៣ នេះ អគ្គនាយកដ្ឋានពន្ធដារ (GDT) ប្រមូលចំណូលពន្ធបានជាង ២,៣ ពាន់លាន ដុល្លារ កើនឡើងជិត ៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។
របាយការណ៍នៃកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធដារ របស់ GDT ដែលផ្សព្វផ្សាយកាលពីថ្ងៃទី១៧ ខែសីហា ឱ្យដឹងថា ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូល បាន ៩ ៣៦៧,៤៤ ពាន់លាន រៀល (ប្រមាណ ២,៣១ លានដុល្លារ) ស្មើនឹង ៦៤,៧៦ ភាគរយ នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ បើធៀបនឹងចំណូលពន្ធអាករក្នុងរយៈពេលដូចគ្នាឆ្នាំ២០២២ ដែលមានប្រមាណ ២,២១ ពាន់លាន ដុល្លារ គឺកើនឡើង ៤,៦៥ ភាគរយ។
ដោយឡែកសម្រាប់ខែកក្កដា ឆ្នាំ២០២៣ គឺ GDT ប្រមូលចំណូលបាន ២៤០,៤៣ លាន ដុល្លារ ស្មើ ៦,៧៣ ភាគរយ នៃច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ ចំនួននេះបើធៀបនឹងខែកក្កដា ឆ្នាំ២០២២ គឺកើនឡើយ ០,៤ ភាគរយ ពីចំនួន ២៣៩,៤៦ លានដុល្លារ។
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងក្នុងកិច្ចប្រជុំខាងលើថា ទោះបីការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារ នៅបន្តរក្សាបានសញ្ញាវិជ្ជមាន ក៏ប៉ុន្តែបញ្ហានៃភាពមិនប្រាកដប្រជានៃបរិបទសេដ្ឋកិច្ចសកល ការធ្លាក់ចុះនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក ពិសេសវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន គឺនៅតែបន្តដាក់សម្ពាធដល់បណ្តាក្រុមហ៊ុន/ប្រទេស ដែលជាប្រភពទុន សម្រាប់វិនិយោគធំៗមកកម្ពុជា។
លោកថ្លែងថា៖«កំណើននៃអតិផរណា គឺអាចជាហានិភ័យក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធ ដែលមិនបានគ្រប់តាមផែនការច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ និងជាពិសេស មូលដ្ឋានក្នុងការព្យាករផែនការ សម្រាប់ឆ្នាំបន្ទាប់»។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី១៧ ខែសីហា ថា ចំណូលពន្ធដារកើនឡើងមានន័យថា សកម្មភាពសេដ្ឋកិច្ច និងអាជីវកម្មនោះក្នុងប្រទេស កំពុងមានដំណើរទៅមុខល្អ ព្រោះបើអាជីវកម្មបិទទ្វារ ចំណូលពន្ធដារ ឬពន្ធផ្ទៃក្នុង ក៏នឹងធ្លាក់ចុះដែរ។ កំណើនចំណូលពន្ធដារ គឺបានមកពីការខិតខំរបស់អគ្គនាយកដ្ឋានពន្ធដារ តាមរយៈការផ្សព្វផ្សាយ និងកែសម្រួលនីតិវិធីបង់ពន្ធជាបន្តបន្ទាប់ ខណៈផ្នែកឯកជនក៏មានការយល់ដឹងកាន់តែច្រើនពីកាតព្វកិច្ចបង់ពន្ធរបស់ពួកគេ។
លោកបន្តថា ចំណូលពន្ធ គឺជាប្រភពថវិកាដ៏សំខាន់ សម្រាប់រដ្ឋាភិបាលនៃប្រទេសនីមួយៗ យកទៅអភិវឌ្ឍប្រទេស តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស កសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ សម្រាប់បឱ្យប្រជាពលរដ្ឋប្រើប្រាស់ និងដើម្បីទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិឱ្យមកបណ្តាក់ទុនផងដែរ។
លោកថ្លែងថា៖«ទោះចំណូលពន្ធដារនៅពេលនេះ (៧ ខែ)មិនសូវកើនច្រើនធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ និងធៀបច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ប៉ុន្តែវាមិនមែនជាបញ្ហាទេ ព្រោះសេដ្ឋកិច្ចពិភពលោកក្នុងពេលនេះមិនសូវល្អ»។ លោកបន្តថា៖«ដោយសារចាប់តាំងពីដើមឆ្នាំ២០២៣ មកកម្ពុជាទទួលបាននូវគម្រងវិនិយោគថ្មីៗ ជាបន្តបន្ទាប់ ដូច្នេះនៅពេលគម្រោងទាំងអស់នោះបើកដំណើរការ ការប្រមូលចំណូលពន្ធរបស់រដ្ឋាភិបាលប្រាកដជាកើនឡើងខ្ពស់»។
ជាមួយគ្នានេះ អ្នកជំនាញសេដ្ឋកិច្ចខាងលើក៏បានជំរុញឱ្យ GDT ត្រូវខិតខំបន្ថែមទៀត ដើម្បីធ្វើឱ្យការប្រមូលចំណូលកាន់តែមានប្រសិទ្ធភាព និងតម្លាភាព ពិសេសក្នុងវិស័យអចលនទ្រព្យទាក់ទងនឹងការធ្វើបច្ចុប្បន្នភាពសំណង់អគារ (កម្ពស់-ទំហំ) និងប្រភេទដីធ្លីមិនប្រើប្រាស់ ជាដើម។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បាននិយាយថា នីតិវិធី និងប្រាក់ដែលបានមកពីចំណូលពន្ធនៅកម្ពុជា កំពុងបោះជំហានទៅមុខយ៉ាងល្អ ខណៈពន្ធ គឺជាប្រភពចំណូលដ៏សំខាន់។ ដោយសារសេដ្ឋកិច្ចកម្ពុជាមានដំណើរការទៅមុខកាន់តែល្អ ដូច្នេះចំណូលពន្ធក្នុងស្រុក (ពន្ធដារ) នឹងមានចំនួនកាន់តែច្រើននៅពេលអនាគត។
លោកប្រាប់ថា៖«ការចូលរួមអនុវត្តកាតព្វកិច្ចបង់ពន្ធនៅកម្ពុជាកំពុងស្ថិតនៅលើផ្លូវល្អមួយ ខណៈចំណូលពន្ធដែលរដ្ឋរកបានក៏កើនឡើងដែរ»។
ច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ បានកំណត់ឱ្យអគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលឱ្យបានចំនួនប្រមាណ ៣ ៥៧១,៥៤ លាន ដុល្លារ៕