ភ្នំពេញៈ ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​វៀតណាម បាន​រក្សា​ភាព​វិជ្ជមាន​ជា​បន្តបន្ទាប់​ដោយ​នៅក្នុង​រយៈពេល ៧​ ខែ​នៃ​ឆ្នាំ​ ២០២៣ សម្រេចបាន​ជិត ១,៦​ ពាន់​លាន​ដុល្លារ កើន​ជាង ២០ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំមុន ខណៈ​ទឹកប្រាក់​ពា​ណិ​ជ្ជ​កម្ម​រួម​ប្រទេស​ទាំង ២ បាន​ធ្លាក់ចុះ​តិចតួច​។ វៀតណាម គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​ ៣ របស់​កម្ពុជា បន្ទាប់ពី​ប្រទេស​ចិន និង​អាមេរិក​។ នេះ​បើ​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)​។​

​ទិន្នន័យ GDCE បានឱ្យដឹងថា ចន្លោះ​ពី​ខែមករា​-​កក្កដា ឆ្នាំ​ ២០២៣ កម្ពុជា​នាំ​ទំនិញ​ទៅ​វៀតណាម ក្នុង​ទឹកប្រាក់​សរុប ១ ៥៩៩,៥៥ ​លាន​ដុល្លារ កើន​ឡើង ២០,៦​ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២២ ដែលមាន​ចំនួន ១ ៣២៦,៥១ ​លាន​ដុល្លារ និង​វៀតណាម​នាំ​ទំនិញ​មក​កម្ពុជា ២ ១២៧,៦៣​ លាន​ដុល្លារ ថយចុះ ១២,៨​ ភាគរយ​ពី​ចំនួន ២ ៤៣៩,៣៥​ លាន​ដុល្លារ​។​


​សម្រាប់​ពា​ណិ​​ជ្ជ​កម្ម​សរុប​រវាង​ប្រទេស​ទាំង​ ២ គឺ ៣ ៧២៧,១៨ ​លាន​ដុល្លារ ធ្លាក់ចុះ ១​ ភាគរយ​ពី​ចំនួន ៣ ៧៦៥,៨៦​ លាន​ដុល្លារ​។ តុល្យ​ភាព​ជញ្ជីងពាណិជ្ជកម្ម គឺ​កម្ពុ​ជាមាន​ឱនភាព ៥២៨,០៨​ លាន​ដុល្លារ ខណៈ​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ មាន​រហូតដល់ ១ ១១២,៨៤​ លាន​ដុល្លារ​។​

​អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​១៦ ខែសីហា​ថា កំណើន​ផលិត​ភាព​ក្នុងស្រុក បាន​ជួយ​រុញឱ្យ​សមត្ថភាព​នាំ​ចេញពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​កើន​ជា​លំដាប់ ពិសេស​វៀតណាម​ដែលជា​ប្រ​ទេស​មាន​ព្រំដែន​នៅជាប់​គ្នា​។


បច្ចុប្បន្ន​វៀតណាម គឺជា​ទីផ្សារ​សំខាន់​របស់​ផលិតផល​ក​សិ​កម្ម​កម្ពុជា ព្រោះ​ក្រៅពី​មាន​ទុន​​បង្វិល​ច្រើន វៀតណាម​ក៏មាន​ឃ្លាំង​ស្តុក ឡស​ម្ងួ​ត និង​រោង​​ចក្រ​/​សហគ្រាស​កែច្នៃ​ច្រើន​ផងដែរ​។ លោក​បន្តថា ដោយ​​សារ​ប្រទេស​ទាំង ​២ នៅជាប់​គ្នា​ដូច្នេះ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​អាចមាន​ច្រើន​លើសពី​ហ្នឹង​។​

​លោក​បញ្ជាក់ថា​៖«​ក្នុងនាម​ជា​ប្រទេស​មាន​ព្រំដែន​ជាប់​គ្នា និង​មាន​ទំនាក់ទំនង​ការទូត​ល្អ សម្ទុះ​នៃ​ការផ្លាស់ប្តូរ​ទំនិញ​ប្រ​​ទេស​ទាំង​ ២ នឹងមាន​កាន់តែច្រើន​នៅពេល​សេដ្ឋកិច្ច​ពិភព​​លោក​ល្អប្រសើរ​ឡើងវិញ​»​។​

​លោក​បន្ថែមថា ក្រៅពី​ការនាំ​ចេញ​-​នាំចូល​ទំនិញ បច្ចុប្បន្ន​ក៏មាន​អ្នក​វិនិយោគិន​វៀតណាម​កំពុង​បណ្តាក់ទុន​លើ​វិស័យ​ជាច្រើន​នៅ​កម្ពុជា​ផងដែរ​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បានឱ្យដឹងថា ទោះ​ការធ្វើ​ពាណិជ្ជ​​កម្ម​អន្តរជាតិ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​មិនសូវ​មានដំណើរ​ការល្អ ប៉ុន្តែ​សម្រាប់​ពាណិជ្ជកម្ម​កម្ពុជា​-​វៀតណាម គឺ​នៅតែ​ល្អប្រសើរ ពិសេស​ការ​​នាំចេញ​-​ចូល​ផលិតផល​ក​សិ​កម្ម​រវាង​ប្រទេស​ទាំង​២ ​។​

​លោក​បញ្ជាក់ថា​៖ «​ពាណិជ្ជ​​កម្ម​រវាង​ប្រទេស​ទាំង ​២ នឹង​បន្ត​កើនឡើង​បន្ថែមទៀត​នាពេលខាងមុខ ជាពិសេស​ការនាំចេញ​ផលិតផល​កសិកម្ម​កម្ពុ​ជា​ទៅ​ប្រទេស​វៀតណាម​»​។​

​លោក​ប្រាប់ទៀតថា បច្ចុប្បន្ន​កម្ពុជា ក៏​កំពុង​ខិតខំ​ជំរុញ​ការ​​វិនិយោគ​លើ​រោងចក្រ​កែច្នៃ​ក្នុងស្រុក​ដើម្បី​បង្កើន​សក្តានុពល​នាំចេញ​ផលិតផល​សម្រេច និង​កាត់បន្ថយ​ការនាំចេញ​វត្ថុ​ធាតុ​ដើម​ផងដែរ​។​

​ក្នុង​ឆ្នាំ​ ២០២២ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​វៀតណាម មាន​ទឹកប្រាក់​សរុប ៦ ១៣៥,៧៦​ លាន​ដុល្លារ កើន ១៩,៦​ ភាគ​រយ​ធៀប​ឆ្នាំ​ ២០២១​។ ក្នុងនោះ​កម្ពុជា​នាំចេញ ២ ១៦៨,៦២​ លាន​ដុល្លារ កើន ៩,២ ​ភាគរយ និង​វៀតណាម​នាំចូល​៣ ៩៦៧,១៤ ​លាន​ដុល្លារ កើន ២៦,២ ​ភាគរយ​៕