និយ័តករ​ធានា​រ៉ាប់រង​កម្ពុជា បាន​ឱ្យ​ដឹង​ថា ទីផ្សារ​ធានា​រ៉ាប់រង​កម្ពុជា​បច្ចុប្បន្ន មាន​ការ​រីក​ចម្រើន​គួរឱ្យ​កត់​សម្គាល់ ដោយ​មាន​បុព្វលាភដុល​សរុប​កើនឡើង​ដល់​ប្រមាណ ៣៣២​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​ ២០២២ ខណៈ​ត្រឹម​ឆមាស​ទី១ ឆ្នាំ ២០២៣ បុព្វលាភ ធានា​រ៉ាប់រង​ដុល សម្រាប់​អាជីវកម្ម​ធានា​រ៉ាប់រង មាន​ប្រមាណ ៩៤ លាន​ដុល្លារ ដែល​មាន​កំណើន​ប្រមាណ ១,៨៨ ភាគរយ បើ​ធៀប​នឹង​ឆមាស​ទី១ ឆ្នាំ២០២២។

លោក ប៊ូ ច័ន្ទភីរូ អគ្គនាយក​នៃ​និយ័តករ​ធានា​រ៉ាប់រង​កម្ពុជា បាន​ថ្លែង​បែប​នេះ ក្នុង​កម្មវិធី​សម្ពោធ​ផលិតផល​ធានា​រ៉ាប់រង​បន្ថែម គ្រុប​មេដប្រូ និង គ្រុបមេដប្រូ ផ្លើស របស់ក្រុមហ៊ុន ហ្វតត ឡាយហ៏ អីសួរិនស៍ (ខេមបូឌា) ម.ក នៅព្រឹក​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ ២០២៣ នេះ។


លោក​បាន​លើក​ឡើង​ថា ទំហំ​ទីផ្សារ​ធានា​រ៉ាប់រង​កម្ពុជា នៅតែ​រក្សា​បាន​កំណើន​វិជ្ជមាន​គួរ​ឱ្យ​កត់​សម្គាល់ ក្នុង​រង្វង់​ប្រមាណ ១០ ភាគរយ ក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២។

លោកបាន​បញ្ជាក់​បែប​នេះ​ថា៖ «យ៉ាងណាមិញ វិស័យ​ធានា​រ៉ាប់រង​បាន​រួម​ភាគទាន ក្នុង​សេដ្ឋកិច្ច​កម្ពុជា (Insurance Penetration Rate) ជា​អត្រា​ប្រមាណ ១,១៧ភាគរយ និង ដង់ស៊ីតេ ធានា​រ៉ាប់រង (Insurance Density) មាន​ប្រមាណ ២០,៥៣ ដុល្លារ​អាមេរិក ក្នុង​មនុស្ស​ម្នាក់​ក្នុង​ឆ្នាំ ២០២២ ដែល​នេះ​បញ្ជាក់​ថា ទីផ្សារ​ធានា​រ៉ាប់រង​កម្ពុជា​នៅ​មាន​សក្ដានុពល​ធំធេង​សម្រាប់​ការ​អភិវឌ្ឍ​នា​ពេល​អនាគត»។


លោក​បន្ថែម​ថា ការ​រីក​លូតលាស់​នៃ​វិស័យ​ធានា​រ៉ាប់រង អាយុ​ជីវិត​នេះ ក៏​បាន​បង្ហាញ​ឱ្យ​ឃើញ​តាម​រយៈភាព​សម្បូរ​បែប​នៃ​ផលិតផល ធានារ៉ាប់រង​ដែល​មាន​នៅ​លើ​ទីផ្សារ​ដូចជា ផលិតផល​ធានា​រ៉ាប់រង​អាយុ​ជីវិត​មាន​កាល​កំណត់ ផលិតផល​អាយុ​ជីវិត​មួយ​ជីវិតកាល ផលិតផល​ធានារ៉ាប់រង​ទាយជ្ជទាន និង ផលិតផល​ធានា​រ៉ាប់រង​បន្ថែម​លើ​សុខភាព​ជាដើម។

លោក យក់ ចំរើនឫទ្ធិ ប្រធាន​នាយក​ប្រតិបត្តិ ក្រុមហ៊ុន​ធានា​រ៉ាប់រង ហ្វតតេ បាន​មាន​ប្រសាសន៍​ថា ផលិតផល​គ្រុបមេដប្រូ ក្នុង​វិស័យ​ធានា​រ៉ាបរង គឺជា​ផលិតផល​បន្ថែម​តែ​មួយគត់ ដែល​ផ្តល់​ការ​ធានា​រ៉ាប់រង​យ៉ាង​ទូលំទូលាយ ផ្នែក​សុខភាព ដល់ និយោជិត​របស់​លោក​អ្នក និង​អ្នក​ក្នុង​បន្ទុក​របស់​និយោជិត​ទៅ​តាម​គម្រោង​ដែល​បាន​ជ្រើសរើស។

លោក​បាន​បញ្ជាក់​ថា៖ «អត្ថប្រយោជន៍​នៃ​ផលិតផល​នេះ​គឺ ទូទាត់​សំណង​លើ​ថ្លៃ​សេវា​វេជ្ជសាស្ត្រ​ទាំងឡាយ​ដែល​កើត​មាន​ឡើង​នៅ​ពេលដែល​និយោជិត ឬ អ្នក​ក្នុង​បន្ទុក​របស់​និយោជិត​ចូល​ព្យាបាល​ដោយ​សម្រាក​ក្នុង​មន្ទីរពេទ្យ​ដែល​បណ្តាល​មក​ពី​ជំងឺ ឬ គ្រោះថ្នាក់ ជាមួយ​នឹងជម្រើស​នៃ​ការ​ទទួល​បាន​ការ​ព្យាបាល​ទូទៅ និង សង្គ្រោះ​បន្ទាន់ ទាំង​ក្នុង​តំបន់​អាស៊ី និង​ជុំវិញ​ពិភព​លោក»។

បើតាម និយ័តករ​ធានា​រ៉ាប់រង​កម្ពុជា គិត​ត្រឹម​ថ្ងៃទី ១៩ ខែ​សីហា ឆ្នាំ ២០២៣ មាន​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ចំនួន ៤០ កំពុង​ធ្វើ​ប្រតិបត្តិការ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ក្នុង​នោះ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​មានចំនួន ១៤ ៕