រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង ទូរគមនាគមន៍ លោក ជា វ៉ាន់ដេត បាន​បង្ហាញ​ការ​គ្រាំ និង លើក​ទឹក​ចិត្ត​ដល់​ការ​រៀបចំ​វគ្គ​បណ្តុះ​បណ្តាល លើ​ធុរកិច្ច​បែប​បច្ចេកវិទ្យា​ឌីជីថល និង អាជីវកម្ម​ប្រកប​ដោយ​ការ​ច្នៃប្រឌិត ដោយ​ចាត់​ទុក​ថា ជា​ការ​រួម​ចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច ឌីជីថល​នៅ​កម្ពុជា។

លោក​បាន​លើក​ឡើង​បែប​នេះ នា​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រគល់​វិញ្ញា​បនបត្រ​ដល់​សិក្ខាកាម​នៃ​គម្រោង “គ្លីនិក​បរិវត្តកម្ម​ឌីជីថល​នៃ​សហគ្រាសធុន​មីក្រូ តូច និង​មធ្យម ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឌីជីថល​ចំនួន ១០២ រូប មក​ពី​រាជធានី-ខេត្ត ចំនួន ៨ កាល​ពី​ថ្ងៃ​ទី១៨ ខែ​សីហា​នេះ នៅ​បណ្ឌិត្យ​សភា​បច្ចេក​វិទ្យា​ឌីជីថល​កម្ពុជា (CADT)។ គម្រោង​នេះ​ឧបត្ថម្ភ​ថវិកា​ដោយ​មូលនិធិ​នៃ​ការ​កសាង​សមត្ថភាព ការ​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍ​វិស័យ​ទូរគមនាគមន៍ បច្ចេក​វិទ្យា​គមនាគមន៍​និង ព័ត៌មាន (CBRD) រៀបចំ​ដោយ​សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា និង គាំទ្រ​ដោយ​បណ្ឌិត្យ​សភា​បច្ចេក​វិទ្យា​ឌីជីថល​កម្ពុជា។ នេះ​បើ​តាម​ក្រសួង​ប្រៃសណីយ៍ និង ទូរគមនាគមន៍។


ថ្លែងក្នុង​ពិធី​បិទ​នា​ឱកាស​នោះ លោក ជា វ៉ាន់ដេត បាន​អបអរសាទរ​ដល់​សិក្ខាកាម​នៃ​គម្រោង “គ្លីនិក​បរិវត្ត​កម្ម​ឌីជីថល​នៃ​សហគ្រាស​ធុនមីក្រូ តូច និង​មធ្យម ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឌីជីថល” ដែល​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ និង បាន​អភិវឌ្ឍន៍​ជំនាញ​និង​ចំណេះដឹង​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​សម្រាប់​អាជីវកម្ម។

លោក​បាន​គូស​បញ្ជាក់​ថា៖ «កិច្ច​សហប្រតិបត្តិការ​នេះ គឺ​ពិត​ជា​មាន​សារៈសំខាន់​ណាស់​រវាង​រដ្ឋ និង វិស័យ​ឯកជន ហើយ​សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា គឺជា​កន្លែង​ដែល​ប្រមូល​ធុរជន​ឆ្នើម ដែល​ធ្វើការ​យ៉ាង​សកម្ម​ក្នុង​ការ​រួម​ចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម​កាន់​តែ​រីក​ចម្រើន​បន្ថែម​ទៀត។


ស្រប​ជាមួយ​គ្នា​នេះ លោក​សង្ឈឹម​ជឿ​ជាក់​ថា តាម​រយៈ​ការ​អនុវត្ត​គម្រោង​នេះ សហគ្រាស​ធុន​មីក្រូ តូច និង មធ្យម នឹង​បង្កើត​តម្លៃ​បន្ថែមដែល​នាំ​ឱ្យ​ផលិតផល និង សេវាកម្ម​របស់​ពួកគេ​មាន​ការ​រីក​ចម្រើន និង ភាព​ប្រកួត​ប្រជែង​កាន់​តែ​ប្រសើរ​ឡើង​ទាំង​ក្នុង​តំបន់ និង ពិភពលោក។

លោក​បញ្ជាក់​ផងដែរថា ក្រសួង​នឹង​បន្ត​ឧបត្ថម្ភ​គាំទ្រ​ដល់​ការ​រៀបចំ​វគ្គ​បណ្ដុះ​បណ្ដាល​នេះ ព្រម​ទាំង​ការ​ជួយ​ដំឡើង​ប្រព័ន្ធ​បច្ចេកវិទ្យា​សម្រាប់បំពេញ​តម្រូវ​ការ​របស់​អាជីវកម្ម​ផងដែរ។

សូមជម្រាបថា សមាគ​មសហគ្រិន​វ័យក្មេង​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែ​កញ្ញា ឆ្នាំ ២០០៩ ដោយ​ក្រុម​សហគ្រិន​វ័យក្មេង ដែល​មក​ពី​វិស័យ​អាជីវកម្ម​ផ្សេងៗ​គ្នា​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​បេសកកម្ម​ធ្វើការ​ក្នុង​ភាព​ជា​ដៃគូ​សហការ​ជាមួយ​អ្នក​ពាក់ព័ន្ធ​នានា ដើម្បី​ធានា​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​ថ្នាក់​តំបន់ លើ​ធុរកិច្ច​បែប​បច្ចេកវិទ្យា​ឌីជីថល អាជីវកម្ម​ប្រកប​ដោយ​ការ​ច្នៃ​ប្រឌិត និង ការ​បង្កើត​ថ្មី​របស់​សហគ្រាស​ធុន​មីក្រូ តូច និងមធ្យម (MSMEs) នៅ​ក្នុង​ប្រទេស​កម្ពុជា៕