​ភ្នំពេញៈ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ហុងកុង ​(​ទីក្រុង​មួយ​នៃ​ប្រទេស​ចិន​) ត្រូវបាន​រំពឹងថា នឹងមាន​ទំហំ​កាន់តែ​ធំ​ថែមទៀត​នាពេលខាងមុខ ខណៈ​កាលពី​សប្តាហ៍​មុន កម្ពុជា និង​ហុងកុង​បានរៀបចំ​ពិធី​តាំងពិព័រណ៍​មួយ​នៅ​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​អ្នកវិនិយោគ និង​ពាណិជ្ជករ​កម្ពុជា​-​ចិន ជាង ៤០​ ក្រុមហ៊ុន​។​

​ក្នុង​ពិធី​បើក​ «​ពិព័រណ៍​កម្ពុជា​-​ហុងកុង​»​ នៅ Factory Phnom Penh កាលពី​ថ្ងៃទី​ ១៩ សីហា លោក រាជ រ៉ា រដ្ឋលេខាធិការ​ក្រ​សួង​ពាណិជ្ជកម្ម បាន​សម្តែង​នូវ​ការ​ស្វាគមន៍​ចំពោះ​ប្រតិភូ​ពាណិជ្ជករ​មកពី​ទីក្រុង​ហុងកុង​ដែល​ចូលរួម​ក្នុង​កម្មវិធី​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ដ៏​សំខាន់​នេះ ខណៈ​ទំនាក់ទំនង​រវាង​រដ្ឋា​ភិ​បាល​នៃ​ប្រទេស​ទាំង ​២ បាន​ឈាន​ពី​កម្រិត​មិត្តភាព​ដែក​ថែប ទៅជា​មិត្តភាព​កិច្ច​សហប្រតិបត្តិ​ការ​ត្បូង​ពេជ្រ​។


លោក​បន្តថា ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម​លោក​រីក​រាយ​ក្នុងការ​រួមសហការ និង​ជួយ​សម្រួល​បែបបទ​ផ្សេងៗ​ដល់​ការស្នើសុំ​រៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ជំរុញ​ទំហំ​ពាណិជ្ជ​កម្ម​ទ្វេភាគី​ឱ្យ​កើនឡើង​កាន់តែ​ខ្ពស់​។​

​លោក​បាន​ថ្លែងថា​៖ «​ចក្ខុវិស័យ​របស់​រដ្ឋា​ភិ​បាល​ប្រទេស​ទាំង ​២ ក្នុង​ក្របខ័ណ្ឌ​គោលនយោបាយ​វិថី​សូត្រ ខ្សែក្រវាត់​សេដ្ឋកិច្ច និង​ផ្លូវ​សូត្រ​សមុទ្រ​សតវត្សរ៍​ទី​២១ គឺ​ប្តេជ្ញា​ខិតខំ​រួមគ្នា​ជំរុញ​ការកសាង​សហគមន៍​ជោគវាសនា​តែមួយ​កម្ពុជា​-​ចិន និង​ប្តេជ្ញា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​កើនឡើង​លើស ១២​ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២៣ នេះ​»​។


​បន្ថែម​លើ​នេះ លោក រាជ រ៉ា ក៏បាន​ស្នើឱ្យ​គណៈ​គ្រប់គ្រង​ក្រុមហ៊ុន Major Global Marketing Co., Ltd ជួយ​ជំរុញ និង​លើកទឹកចិត្ត​សហគ្រាស​ធំៗ​មកពី​ហុងកុង​ឱ្យ​នាំយក​ផលិតផល និង​សេវា​មក​ចូលរួម​ដាក់តាំង​បង្ហាញ និង​ធ្វើ​ជំនួប​ពាណិជ្ជកម្ម​ជាមួយនឹង​ពាណិជ្ជករ​​កម្ពុជា​ឱ្យបាន​កាន់តែច្រើន ដើម្បី​ផ្លាស់​​ប្តូរ​ពាណិជ្ជកម្ម និង​ការវិនិយោគ​។​

​លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​សង្ឃឹមថា ព្រឹត្តិការណ៍​ពិព័រណ៍​នេះ គឺជា​វេទិកា​នៃ​ជំនួប និង​ការចាប់​ដៃគូ​ពាណិជ្ជកម្ម រវាង​កម្ពុជា​-​ហុងកុង​នៃ​ប្រទេស​ចិន ដែល​នឹង​ជួយ​ជំរុញ​ឱ្យ​ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍​កម្ពុជា​-​ហុងកុង​នៃ​ប្រទេស​-​ចិន​កាន់​តែមាន​លំហូរ​ខ្លាំង​ថែមទៀត​»​។​

​អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​២១ ខែសីហា​ថា ភាពល្អ​ប្រសើរ​នៃ​ទំនាក់ទំនង​ការទូត និង​ការ​ចូល​ជាធរ​មាននៃ​កិច្ចព្រមព្រៀង​ពា​ណិ​ជ្ជ​កម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​ចិន បាន​ជួយ​ឱ្យ​សកម្មភាព​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ប្រទេស​ទាំង ​២ កើន​ឡើងជា​បន្តបន្ទាប់ ពិសេស​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ចិន​។

លោក​បន្តថា កំណើន​នៃ​ការនាំ​ចេញទៅ​ប្រទេស​ចិន ​(​រួមបញ្ចូល​ទាំង​ទីក្រុង​ហុង​-​កុង​) គឺជា​ចំណែក​សំខាន់​មួយ​ដែល​ធ្វើឱ្យ​ឱនភាព​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា​-​ចិន មាន​គម្លាត​កាន់តែ​តូច​។​

​លោក​បញ្ជាក់ថា​៖ «​ឈរលើ​មូលដ្ឋាន​នៃ​ទំនាក់ទំនង​ល្អ​រវាង​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​នៃ​ប្រទេស​ទាំង​ ២ ខ្ញុំ​មើលឃើញថា ការនាំចេញ​-​នាំចូល​ទំនិញ​រវាង​ប្រទេស​ទាំង​ ២ នឹង​កើនឡើង​ថែម​​ទៀត ពិសេស​ការនាំចេញ​រប​ស់​កម្ពុជា​។ ក្រៅពី​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ជាមួយគ្នា បច្ចុប្បន្ន​ក៏មាន​វិនិយោគ​ចិន​ជាច្រើន​កំពុង​បណ្តាក់ទុន​នៅ​កម្ពុជា​ផងដែរ​»​។​

​លោក​លើកឡើង​ទៀតថា បើ​អាជ្ញាធរ​ចិន អនុញ្ញាតឱ្យ​កម្ពុជា​នាំចូល​ជា​ផ្លូវការ​នូវ​មុខទំនិញ​ក្នុង​វិស័យ​កសិកម្ម​ពី​កម្ពុជា​កាន់តែច្រើន គម្លាត​នៃ​ជញ្ជីងពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ​២ នឹងត្រូវ​កាត់បន្ថយ​បន្ថែមទៀត​។​

​យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ចាប់ពី​ខែមករា​-​ខែកក្កដា ឆ្នាំ​ ២០២៣ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ប្រ​ទេស​ទាំង​ ២ មាន​សរុប ៧ ០៩៣,៥៩ ​លាន​ដុល្លារ កើន ១,៨ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២២ ដែលមាន ​៦ ៩៧១,៤៧​ លាន​ដុល្លារ​។ ក្នុងនោះ​ទំនិញ​នាំ​ពី​កម្ពុជា​ទៅ​ប្រទេស​ចិន មាន​ទឹកប្រាក់ ៨១៤,៧៤​ លាន​ដុល្លារ កើន​​ឡើង ១៦,២ ​ភាគរយ និង​ទំនិញ​ចិន​នាំមក​កម្ពុជា ចំនួន ៦ ២៧៨,៨៥​ លាន​ដុល្លារ កើនឡើង ០,១ ​ភាគរយ​៕